ក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណ្ណត្តិឆ្នាំ ២០២០នេះ ប្រធានាធិបតីលោកស្រី សៃ អ៊ីងវិន បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី ១១ ខែ មករា បន្តជាប្រធានាធិបតីស្រីដំបូងគេរបស់តៃវ៉ាន់ដែលកាន់តំណែងពីរអាណ្ណិត្ត។ លោកស្រី សៃអ៊ីងវិន ជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលមានទំនោរប្រឆាំងចិន ចង់បានឯករាជ្យភាព សេរីភាព និង អធិបតេយ្យភាពជូនប្រជាកោះតៃវ៉ាន់ ខណៈដៃគូរប្រកួតប្រជែងសន្លឹកឆ្នោតប្រធានាធិបតីគឺលោក ហានគួរយូរជាបេក្ខជនមកពីគណបក្សគូមីងតាងដែលគេស្គាល់ថាជាបក្សមាននិន្នាការទៅរកចិនដីគោក។
បើតាមលទ្ធផលផ្លូវការបង្ហាញថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ គឺលោកស្រី សៃ អ៊ីងវិន ទទួលបានការគាំទ្រប្រមាណ ៨.២ លានសន្លឹកឬស្មើនឹង ៦១ភាគរយ កើនឡើងប្រមាណ ១.៣ លានសន្លឹកបើប្រៀបនឹងការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ខណៈលោក គួរយូមកពីគណបក្សគួមីនតាងទទួលបានសំឡេងតែ ៣៩ ភាគរយប៉ុណ្ណោះ។
អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ និង ភូមិសាស្រ្តនយោបាយយល់ថា ជ័យជម្នះរបស់លោកស្រី សៃ អ៊ីងវិន ដែលមានប្រៀបលើដៃគូរប្រកួតប្រជែងរបស់ខ្លួននោះគឺសំអាងលើសន្លឹកបៀចំនួន២ ដែលអ្នកស្រីប្រើប្រាស់សម្រាប់ទាញយកប្រជាប្រិយភាព តើសន្លឹកបៀរយុទ្ធសាស្រ្តទាំងនោះគឺជាអ្វី។
មិនចង់ក្លាយជាហុងកុងទី ២
សំណួរនេះមិនពិបាកឆ្លើយទេ ព្រោះថាអ្នកណាក៏ដឹងហើយថា នៅចំពោះមុខថ្នាក់ដឹកនាំចិន ប្រជាជនប្រមាណ ២៣ លាននាក់របស់តៃវ៉ាន់គឺគ្មានទំងន់អ្វីទេ តៃវ៉ាន់គឺគ្រាន់តែជាដែនកោះគ្មានឯករាជ្យភាព និង បូរណភាពទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពីសំណាក់ប្រទេសចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន។
បរាជ័យរបស់គណបក្សគួរមិញតាង គ៏ជារឿងយ៉ាងអាម៉ាស់សម្រាប់ថ្នាក់ដឹកនាំប្រទេសចិន ព្រោះថាចិនមិនចង់ឃើញតៃវ៉ាន់មានមេដឹកនាំចង់បំបែកខ្លួនពីចិននោះឡើយ។ ចិននៅតែបន្តរក្សាមហិច្ចតារបស់ខ្លួន ដើម្បីលេបយកកោះតៃវ៉ាន់។ ស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី សៃអ៊ីងវិន ចិននៅតែខ្លាចបារម្ភខ្លាចលោកស្រីដឹកនាំផ្តាច់ខ្លួនតៃវ៉ាន់ជារដ្ឋឯករាជ្យ។ ប្រសិនណាបើតៃវ៉ាន់ហ៊ានតែប្រកាសឯករាជ្យ ក្នុងករណីនេះ ចិនត្រៀមខ្លួនរួចជាស្រេចវាយយកតៃវ៉ាន់ ហើយក៏ត្រូវត្រៀមខ្លួនប្រយុទ្ធនឹងសហរដ្ឋអាមេរិកផងដែរ ព្រោះថា ជោគវាសនារបស់តៃវ៉ាន់គឺវាអាស្រ័យលើទំនាក់ទំនងការទូតរវាងតៃវ៉ាន់ និង អាមេរិក។
យើងត្រូវរំលឹករឿងរ៉ាវ ប្រវត្តិសាស្ត្រនៃសង្គ្រាមផ្ទៃក្នុង របស់ប្រទេសចិន នាទសវត្សន៍ឆ្នាំ៣០ និងឆ្នាំ៤០ ដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នា រវាងក្រុមចិនកុម្មុយនីស និងក្រុមចិនជាតិនិយម។ វត្តមាននៃប្រទេសចិនពីរបានផ្តើមឡើង តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ។ កាលណោះ កងទ័ពអ្នកជាតិនិយមចិនដែលដឹកនាំដោយ ជាង កាយជាក (Chiang Kai-Shek) បានច្បាំងចាញ់កងកម្លាំងកុម្មុយនិស្តរបស់ ម៉ៅ សេទុង (Mao Tsé-Toung) ហើយបានមកប្រកាសបង្កើតសាធារណរដ្ឋចិន នៅលើកោះតៃវ៉ាន់។ រីឯ ម៉ៅ សេទុង វិញ បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៤៩ នោះដែរ។
ក្រោយមក ចិនដីគោកបែរទៅខាងពិភពកុម្មុយនិស្ត ចំណែកតៃវ៉ាន់វិញ ចុះចូលជាមួយលោកសេរី ជាហេតុធ្វើឲ្យដែនដីទាំងពីរឃ្លាតឆ្ងាយពីគ្នា និងប្រឆាំងគ្នា ទាំងនៅលើវិស័យរបបនយោបាយ ទាំងនៅលើវិស័យនយោបាយសេដ្ឋកិច្ច។ នៅខាងចិនដីគោក គឺជាអំណាចផ្តាច់ការ និងសេដ្ឋកិច្ចផែនការ។ នៅខាងចិនតៃវ៉ាន់វិញ គឺជារបបពហុបក្ស និងសេដ្ឋកិច្ចផ្សារសេរី។
សព្វថ្ងៃនេះ សាធារណមតិនៅតៃវ៉ាន មិនចង់ត្រឡប់ ទៅនៅក្រោមចិនកុម្មុយនីសនោះឡើយ ប៉ុន្តែពួកគេក៏មិនចង់ផ្ដាច់ខ្លួន ទាំងស្រុងនោះដែរ ដោយហេតុថា ការប៉ុនប៉ងនៃការផ្ដាច់ខ្លួនទាំងស្រុង នឹងបង្កឲ្យក្រុងប៉េកាំងខឹងក្រេវក្រោប ហើយអាចឈានទៅដាក់ទឹកដីតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពគ្រោះថ្នាក់។ ហើយនោះ គឺជានយោបាយ របស់ក្រុមអភិរក្សនិយម ដែលមានឫសគល់ ពីក្រុមជាតិនិយមចិន និងដែលបានកាន់អំណាចយ៉ាងចាស់វស្សា នៅតៃវ៉ាន់។
ប៉ុន្តែជំហរ«ជើងមួយ ឈរជាន់ទូកពីរ»នេះ មិនបានជួយឲ្យតៃវ៉ាន់ ទទួលបាននូវសន្តិភាពពេញលេញនោះទេ។ ការខិតចូលទៅជិតប្រទេសចិន កាន់តែខ្លាំង បានធ្វើឲ្យបណ្ដាជនតៃវ៉ាន់ ព្រួយបារម្ភកាន់តែច្រើនឡើង ជាពិសេសពួកគេមិនចង់ឃើញ កោះតៃវ៉ាន់ ក្លាយជាក្រុងហុងកុងទី២ឡើយ។ នៅចំពោះការព្រួយបារម្ភនេះ បើសូម្បីគណបក្ស នៃក្រុមគួងមីងតាំង ខ្លួនឯង ក៏បានផ្លាស់ប្ដូរមនុស្ស ដែលមាននិន្នាការមិនសូវស្និតនឹងចិន ឲ្យមកឈរឈ្មោះ ធ្វើជាបេក្ខជនប្រធានាធិបតីនោះដែរ។
កត្តាជីវភាព
បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលរដ្ឋាភិបាលរបស់គណបក្ស គួងមីងតាំង បានចុះហត្ថលេខា ជាមួយប្រទេសចិនដីគោក បានធ្វើឲ្យការបាត់បង់ការងារ នៅតៃវ៉ាន់ មានទំហំកាន់តែច្រើនថែមទៀត។ នាពេលកន្លងមក រលកចលនានៃការខឹងសម្បារ ទៅនឹងនយោបាយរបស់គណបក្ស គួងមីងតាំង ខាងលើនេះ បានបង្កឲ្យមានការចុះតវ៉ា នៅតាមដងផ្លូវជាច្រើនដង ពីសំណាក់បណ្ដាជន និងនិស្សិតនៅលើកោះ។
ដូច្នេះប្រតិកម្មរបស់បណ្ដាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត រហូតជ្រើសរើសបានប្រធានាធិបតីថ្មីមួយរូបរបស់ខ្លួន ក្នុងពេលនេះ មានគោលបំណងច្បាស់លាស់៖ នោះគឺបណ្ដុះនយោបាយ ដើម្បីបង្កើតជាប្រទេសមួយ មានឯករាជ្យបរិបូណ៍ មានសិទ្ធិមនុស្ស និងដើម្បីការរួមរស់ ដោយសុខដុមរម្យនា ទៅមុខ។ តែរឿងដែលត្រូវគិត ក្នុងពេលជាមួយគ្នាដែរនោះ ថាតើគោលបំណងនេះ នឹងអាចដុតបញ្ឆេះរដ្ឋាភិបាលក្រុងប៉េកាំង ឲ្យផ្ទុះកំហឹងបានដល់កម្រិតណា៕
អត្ថបទដោយ៖ សេរី វឌ្ឍនៈ