ក្រសួងមហាផ្ទៃឲ្យដឹងថា ក្រសួងនេះបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត លើករណីបង្ករបួសស្នាមលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីររូប។ ការសម្រេចនេះចុះហត្ថលេខាដោយលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្តៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ។
សេចក្ដីសម្រេចនោះឲ្យដឹងថា គណៈកម្មការស្រាវជ្រាវស៊ើបអង្កេតមានសមាជិក៨នាក់ ក្នុងនោះមានដូចជា នាយឧត្តមសេនីយ៍ ឯម សំអាត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ស្នងការរងនគរបាលជាតិ ជាអនុប្រធាន ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជាសមាជិក ឧត្តមសេនីយ៍ឯក អ៊ី សុខឃីប្រធាននាយកកដ្ឋានប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាសមាជិក ឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ ប្រធាននាយកកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាសមាជិក ឧត្តមសេនីយ៍ មួង សុធាប្រធាននាយកកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រជាសមាជិក ឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិក និងឧត្តមសេនីយ៍ឯក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិក។
សេចក្ដីឲ្យដឹងដែរថា គណៈកម្មការនេះមានភារកិច្ច ស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលភស្ដុតាង នានា តាមនីតិវិធី ដើម្បីឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលបង្ករបួសស្នាមលើតំណាងរាស្ត្រ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ជាធរមាន។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានបាតុកម្មមួយទាមទារឲ្យដកតំណែងលោកកឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា ។ ក្នុងបាតុកម្មនោះ ហ្វូងបាតុករបានវាយតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោកញ៉យ ចំរើន និងលោក គង់ សភា ឲ្យរងរបួសធ្ងន់ធ្ងរ។ ជាមួយគ្នា បាតុករក៏បានគប់ដុំថ្ម និងដបទឹកសុទ្ធចូលផ្ទះលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ៕