en     km
en     km

​ជន​ពិការ​មួយ​ចំនួន​ព្រមាន​អ្នកនយោបាយ​ថា​ នឹង​បាត់​សន្លឹក​ឆ្នោត​បើ​មិន​ចាប់អារម្មណ៍​លើ​ពួក​គេ​

Share

Logo Women's  Media Finalនៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ អង្គការ​ជន​ពិការ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​      មហាសន្និបាត​មួយ​  ហើយ​នៅ​ក្នុង​មហាសន្និបាត​នោះ​ ជន​ពិការ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​អ្នកនយោបាយ​ បើ​មិន​ចង់​បាត់​សន្លឹក​ឆ្នោត​ទេ​ ត្រូវ​លើកទឹកចិត្ត​ជន​ពិការ​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​។​

​មន្ត្រី​ស្វែងរក​មតិ​គាំទ្រ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា​ គឺ​អ្នកស្រី​ ម៉ាក់​ ម៉ូ​នី​កា​ បាន​និយាយ​បែប​នេះ​ ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ខណៈ​អ្នកស្រី​បាន​ចូលរួម​ក្នុង​មហាសន្និបាត​ជន​ពិការ​ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី​ម៉ាក់​ ម៉ូ​នី​កា​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​អ្នកស្រី​ជា​ជន​ពិការ​ ក៏​ដូច​ជា​ជន​ពិការ​ទូទៅ​ អ្នកស្រី​យល់​ឃើញ​ថា​ កន្លង​មក​ ទោះបី​មិន​មានការ​បិទ​សិទ្ធិ​ជន​ពិការ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ពិតមែន​ ប៉ុន្តែ​អ្វី​ដែល​ជា​កត្តា​រារាំង​នោះ​ គឺ​អ្នក​រៀបចំ​បោះ​ឆ្នោត​មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ជន​ពិការ​ ឲ្យ​អាច​ចូលរួម​បោះ​ឆ្នោត​បាន​ ។​

​អ្នកស្រី​ម៉ាក់​ ម៉ូ​នី​កា​ បាន​បញ្ជាក់​ទៀត​ថា​ ប្រភេទ​ជន​ពិការ​ដែល​មានការ​លំបាក​ពេល​ទៅ​បោះ​ឆ្នោត​នោះ​មាន​ ៣​ប្រភេទ​ គឺ​ ទី​០១​ ជន​ពិការ​គរ​ថ្លង់​ ទី​០២​ ជន​ពិការ​ភ្នែក​ និង​ទី​០៣​ ជន​ពិការ​ដែល​ខ្សោយសតិ​បញ្ញា​ អ្នកស្រី​ថា​ ដោយសារ​តែ​កន្លង​មកនេះ​នៅ​ការិយាល័យ​បោះ​ឆ្នោត​មិន​បាន​រៀបចំ​ ជា​ភាសា​សញ្ញា​ ឬ​ អក្សរ​ស្ទាប​ ដូច្នេះ​វា​បាន​បង្ក​ការ​លំបាក​ដល់​ពួក​គេ​ ។​

​អ្នកស្រី​ម៉ាក់​ ម៉ូ​នី​កា​ សម្ដែង​ក្ដី​សង្ឃឹមថា​៖​ «​ជន​ពិការ​មួយ​រូប​ សន្លឹក​ឆ្នោត​មួយ​រូប​ អ​ញ្ចឹ​ង​រាល់​អ្នក​ឈរឈ្មោះ​ទាំងអស់​ ទាំង​តំណាង​ឃុំ​ សង្កាត់​ និង​តំណាងរាស្ត្រ​ បើសិន​គាត់​មិន​បាន​ជំរុញ​ជួយ​លើកទឹកចិត្ត​ ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ មិន​បាន​ផ្តល់​លើកទឹកចិត្ត​សម្រាប់​ជន​ពិការ​ទេ​ គឺ​គាត់​អាច​បាត់​សន្លឹក​ឆ្នោត​ …​។​ អ​ញ្ចឹ​ង​ជន​ពិការ​គ្រប់​រូប​ និយាយ​ជា​រួម​ទៅ​គឺ​គាត់​អាច​មាន​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​ មាន​សិទ្ធិ​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ណាមួយ​ ដែល​គាត់​ពេញចិត្ត​ ។​ ក្នុង​នាម​ខ្ញុំ​ធ្វើការ​លើ​ចលនា​ពិការ​ភាព​នឹង​ជំរុញ​ឲ្យ​គណបក្ស​ទាំងអស់​ ប្រសិនបើ​ចង់​រើស​ឲ្យ​ជន​ពិការ​បោះ​ឆ្នោត​ជូន​ខ្លួន​ ត្រូវ​តែ​រៀបចំ​រួច​ជា​ស្រេច​ ដែល​ធ្វើ​យ៉ាងណា​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ឲ្យ​គាត់​ទទួល​បាន​ព័ត៌មាន​»​។​

​ចំណែកឯ​ជន​ពិការ​មួយ​រូប​ទៀត​គឺ​អ្នកស្រី​ ហ៊ុន​ ឈួ​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ថ្ងៃ​ ពុធ​ ទី​២៨​ ខែតុលា​នេះ​ដែរ​ថា​ អ្នកស្រី​សូម​ផ្តាំ​ដល់​អ្នកនយោបាយ​ទាំងអស់​ សូម​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ជន​ពិការ​ផង​ ព្រោះថា​កន្លង​មក​ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ជន​ពិការ​ច្រើន​ណាស់​ដែល​មិន​បាន​បោះ​ឆ្នោត​ ។​ អ្នកស្រី​ហ៊ុន​ ឈួ​ន​ បន្ត​ថា​៖​ «​បើសិនជា​ជន​ពិការ​ទាំងអស់​គាត់​បាន​បោះ​ឆ្នោត​ទាំងអស់​គ្នា​នោះ​ គឺ​ធ្វើ​ប្រទេស​មានការ​រី​ចម្រើន​ប្រសើរ​ទៅៗ​ មិន​ថា​គណបក្ស​ ឬ​រដ្ឋាភិបាល​ណា​ទេ​ ខ្ញុំ​សូម​ឲ្យ​គាត់​ផ្តោត​ទៅ​លើ​ជន​ពិការ​ទាំងអស់​ ឲ្យ​គាត់​បាន​ចូលរួម​បោះ​ឆ្នោត​ពេញលេញ​នៅ​ក្នុង​សង្គម​»​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា​ លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​សន្លឹក​ឆ្នោត​បងប្អូន​ជន​ពិការ​ពិតជា​មាន​តម្លៃ​ណាស់​ ដែល​អ្នកនយោបាយ​មិន​គួរ​មើល​រំលង​ទេ​ ព្រោះ​បើ​អ្នកនយោបាយ​មិន​គិត​ពី​ជន​ពិការ​ទេ​នោះ​ នឹង​ធ្វើ​ឲ្យ​បាត់បង់​សន្លឹក​ឆ្នោត​ ។​ លោក​ថា​៖​ «​ខ្ញុំ​ថា​សំខាន់​មែនទែន​ទី​០១​ គេ​យល់​ដឹង​ពី​គុណ​តម្លៃ​របស់​ជន​ពិការ​ មាន​ន័យ​ថា​សន្លឹក​ឆ្នោត​ជន​ពិការ​មួយ​សន្លឹក​ មាន​តម្លៃ​ស្មើគ្នា​ សន្លឹក​ឆ្នោត​នឹង​អ្នក​មិន​ពិការ​មួយ​សន្លឹក​ផង​ដែរ​ ។​ អ​ញ្ចឹ​ង​មាន​ន័យ​ថា​ បើសិន​គាត់​បាន​បោះ​ឆ្នោត​ គាត់​អាច​សម្រេច​អនាគត​របស់​គាត់​ ។​ គាត់​អាច​មើលឃើញ​ ថា​តើ​ថ្នាក់ដឹកនាំ​ណា​លោក​ពិតជា​គិតគូរ​បងប្អូន​ជន​ពិការ​ពិតប្រាកដ​ ទី​០១​ គាត់​អាច​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដោយ​ខ្លួន​គាត់​ ទី​០២​ គាត់​អាច​បង្ហាញ​អំពី​តម្លៃ​ខ្លួន​គាត់​ថា​គាត់​ជា​មនុស្ស​នឹង​គេ​ គាត់​អាច​បោះ​ឆ្នោត​បាន​ដែរ​ ។​ បើសិន​អស់លោក​អ្នក​ធ្វើ​នយោបាយ​ភ្លេច​គិតដល់​បងប្អូន​ជន​ពិការ​ មាន​ន័យ​ថា​គាត់​ភ្លេច​គិតដល់​សន្លឹក​ឆ្នោត​របស់​គាត់​ហើយ​»​។​

​លោក​បន្ថែម​ទៀត​ថា​ លោក​សូម​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​ សូមកុំ​ភ្លេច​ជន​ពិការ​ពីព្រោះ​គុណ​តម្លៃ​របស់​ពួក​គាត់​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ។​

​ទាក់ទង​នឹង​ការ​ចូលរួម​បោះ​ឆ្នោត​របស់​ជន​ពិការ​នេះ​ដែរ​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ លោក​ កែវ​ បូ​រេ​ន្ទ្រ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​នេះ​ដែរ​ថា​ ការ​ចូលរួម​បោះ​ឆ្នោត​របស់​ជន​ពិការ​នេះ​គឺជា​ការ​ចាំបាច់​បំផុត​ ហើយ​ក៏​មាន​ធានា​ដោយ​ច្បាប់​ផង​ដែរ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​៖​ «​ការ​ចូលរួម​របស់​ជន​ពិការ​គឺជា​ការ​មួយ​ចាំបាច់​ ហើយ​សំខាន់​បំផុត​ ហើយ​ក៏​មានការ​ធានា​ ដោយ​ច្បាប់​នឹង​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​យើង​បាន​ផ្តល់​សច្ចាប័ន​រួចរាល់​ហើយ​»​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា​ឲ្យ​ដឹងផង​ដែរ​ថា​ ខាង​អង្គការ​បាន​ដាក់​ឈ្មោះ​ជន​ពិការ​ប្រមាណ​ជា​១០០​នាក់​ដើម្បី​សាកល្បង​នៅ​ក្នុង​នីតិវិធី​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​៕

Share

ព័ត៌មានទាក់ទង

Image