ក្នុងបាតុកម្មមួយកាលពីថ្ងៃទី២៦ ខែតុលា ក្រុមអ្នកតវ៉ា បានទាមទារឱ្យដកលោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភា។ ក្នុងការតវ៉ានោះ ហ្វូងបាតុករបានវាយអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឱ្យរបួសធ្ងន់។
ទាក់ទងនឹងការវាយអ្នកតំណាងរាស្ត្រឱ្យរបួសនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសពីជំហររបស់ខ្លួន តាមរយៈសេចក្តីថ្លែងការណ៍ដែលចុះថ្ងៃទី២៨ ខែតុលានេះ ដោយបានថ្កោលទោស ចំពោះអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង ថាទង្វើរបស់ក្រុមបាតុករនោះជាអំពើព្រៃផ្សៃជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ និងជាន់ឈ្លីដល់អភ័យឯកសិទ្ធិរបស់សមាជិកសភាជាតិដែលជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
សេចក្តីថ្លែងការណ៍ដដែល បានសម្តែងការខកចិត្តចំពោះការខនខានរបស់រដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពរបស់អ្នកតំណាងរាស្ត្រទាំងពីររូប។ គណបក្សនេះក៏សម្តែងក្តីបារម្ភចំពោះពាក្យសម្ដីវាយប្រហារមាក់ងាយ និងគំរាមគ្នា រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលអាចបង្កហិង្សាបន្ថែមទៀតនៅកម្ពុជា។
បក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានអំពាវនាវដល់អ្នកដឹកនាំគណបក្សធំៗទាំងពីរ ឱ្យមានការអត់ធ្មត់ខ្ពស់ ស្វែងរកដំណោះស្រាយតាមរយៈការចរចាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
ចំណែកលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរវិញ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថាលោកថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព មិនថាធ្វើឡើងចំពោះប្រជាពលរដ្ឋ ឬអ្នកនយោបាយឡើយ។ លោក សួន សេរីរដ្ឋា ក៏បានថ្កោលទោសផងដែរ ចំពោះអ្នកនយោបាយណា ដែលចូលចិត្តយកវប្បធម៌បញ្ឆេះកំហឹងដល់អ្នកគាំទ្ររបស់ខ្លួន ប្រើប្រាស់អំពើហិង្សា ដើម្បីការពារផលប្រយោជន៍នយោបាយ និងការពារអំណាចរបស់បក្ស។
លោក សួន សេរីរដ្ឋា៖ «ខ្ញុំត្រូវតែថ្កោលទោសដែរ ពីព្រោះអំពើហិង្សាមិនមែនជាដំណោះស្រាយ ហើយវប្បធម៌ដែលអ្នកនយោបាយចូលចិត្ត លាបធ្យូងមុខឱ្យអ្នកគាំទ្ររបស់ខ្លួន បញ្ឆេះកំហឹងឱ្យអ្នកគាំទ្ររបស់ខ្លួន ចេញមកវ៉ៃតប់គ្នាដើម្បីការពារប្រយោជន៍នយោបាយ ការពារអំណាចរបស់ខ្លួន អាហ្នឹងគឺជាវប្បធម៌របស់ពួកអ្នកនយោបាយអត់មានដំណោះស្រាយ ជាអ្នកនយោបាយដែលមិនមែនជាអ្នកប្រជាធិបតេយ្យទេ។
រីឯគណបក្សថ្មីមួយទៀត ដែលប្រធានគណបក្សជាស្ត្រីផង គឺគណបក្សខ្មែរសាមគ្គី ក៏បង្ហាញជំហរថ្កោលទោសផងដែរ ចំពោះការប្រើអំពើហិង្សាមកលើតំណាងរាស្ត្រទាំងពីររូប។ លោកស្រី ឡាក់ សុភាព បានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីថា អំពើហិង្សាឃោរឃៅព្រៃផ្សៃបែបនេះ ហាក់បានបង្ហាញថា ប្រទេសកម្ពុជាកំពុងធ្វើដំណើរឈានទៅរកលទ្ធិផ្តាច់ការ ដែលមិនអាចទទួលយកបាន ។ លោកស្រីបន្តថា លោកស្រីសូមស្នើដល់រដ្ឋាភិបាល ក៏ដូចជាតុលាការ ត្រូវតែស្វែងរកចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឈរលើគោលការណ៍ឯករាជ្យ។
លោកស្រី ឡាក់ សុភាព៖ «អំពើដែលឃោរឃៅយង់ឃ្នងនេះ យើងឃើញហើយ វានឹងឈានទៅរកលទ្ធិផ្តាច់ការនៅពេលខាងមុខហើយ។ ខ្ញុំជាប្រធានគណបក្សខ្មែរសាមគ្គី សូមធ្វើការថ្កោលទោស ហើយសូមឲ្យរាជរដ្ឋាភិបាលចាត់វិធានការនេះឲ្យបានម៉ត់ចត់ចំពោះផ្លូវច្បាប់ ហើយសូមឱ្យតុលាការទាំងអស់នោះមេត្តាយកចិត្តទុកដាក់ ហើយឱ្យមានភាពឯករាជ្យចំពោះជនរងគ្រោះ។
ខុសពីជំហរគណបក្សបង្កើតថ្មីខាងលើ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទទួលស្គាល់ថា អំពើហិង្សាដែលបានបង្កលើតំណាងរាស្ត្របក្សប្រឆាំង គឺជាអំពើឃោរឃៅព្រៃផ្សៃ និងខុសច្បាប់ ប៉ុន្តែលោកថា លោកមិនថ្កោលទោសអ្វីនោះទេ ដោយលោកលើកឡើងថា ការថ្កោលទោស គឺគ្រាន់តែជារឿងមួយធ្វើឡើងដើម្បីតែល្អមើលតែប៉ុណ្ណោះ ហើយវាមិនមែនជាដំណោះស្រាយពិតប្រាកដនោះទេ។
លោក ខឹម វាសនា សង្កត់ធ្ងន់ថា អំពើហិង្សាដែលបានកើតឡើងចំពោះអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺជាលទ្ធផលនៃនយោបាយកេងចំណេញ ក្នុងស្ថានភាពប្រទេសកម្ពុជាកំពុងមានអំណាចប្រមូលផ្តុំលើដៃអ្នកនយោបាយ។
លោក ខឹម វាសនា៖ «អំពើហិង្សាហ្នឹងវាគឺជាលទ្ធផលនៃនយោបាយកេងចំណេញក្នុងស្ថានភាពដែលប្រទេសយើងកាន់អំណាចប្រមូលផ្តុំ។ បើនិយាយអំពីរឿងខុសច្បាប់វាខុសណាស់ហើយ បើនិយាយពីរឿងវាសាហាវព្រៃផ្សៃ វាព្រៃផ្សៃណាស់ទៅហើយ ហើយបើយើងនិយាយពីរឿងថ្កោលទោសវាគ្រាន់តែដើម្បីទាញសន្ដានចិត្តរបស់អ្នកស្តាប់ជាមួយលិខិតថ្កោលទោស ឬការថ្កោលទោសរបស់យើងចំពោះយើងតែប៉ុណ្ណឹង!។ ខ្ញុំចង់និយាយប្រាប់ថា ប្រសិនបើប្រជាពលរដ្ឋហ្នឹងនៅតែគាំទ្រនយោបាយដែលឆ្កឹះឆ្កៀល នៅតែគាំទ្រនយោបាយគឺថាបក្សអាញដឹងតែត្រូវ ទោះបីខុសក៏ដោយក៏ដឹងតែត្រូវ ស្រុកខ្មែរនៅតែមិនចប់ទេអារឿងអំពើហិង្សាហ្នឹង»។
សូមរំឭកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺ លោក ញ៉យ ចំរើន និងលោក គង់ សភា បានរងនូវការវាយប្រហារក្បែរវិមានរដ្ឋសភា បន្ទាប់ពីពួកលោកចេញពីកិច្ចប្រជុំសភា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា។ កាលពីថ្ងៃទី២៧ ខែតុលានេះ គណបក្សសង្គ្រោះជាតិ បានសម្រេចបញ្ជូនអ្នកតំណាងរាស្ត្រទាំង២រូប ទៅព្យាបាលនៅប្រទេសថៃ៕