មូលនិធិរូបិយវត្ថុអន្តរជាតិ IMFព្រមានពីការធ្លាក់ចុះ សន្ទុះសេដ្ឋកិច្ចកម្ពុជា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជានោះដែលការធ្លាក់ចុះដំបូង ៣ភារយ ក្នុងសន្ទុះព្យាករណ៍សម្រាប់ឆ្នាំ ២០២០ ៦.៨ភាគរយ។នេះ បើតាមការស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៣០ធ្នូនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយប្រមាណ ៣ភាគរយនៅត្រឹមឆ្នាំដំបូង នៅពេលសហអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៦.៨ភាគរយនៅឆ្នាំ២០២០។
បើតាមរបាយការណ៍លទ្ធផលនៃការពិគ្រោះយោបល់រវាង IMF ការព្យួរ EBA នឹងបន្ថែមចំណាយសម្រាប់នាំចេញរបស់កម្ពុជាលើពន្ធគយនាំចូលអ៊ឺរ៉ុបចន្លោះពី ០.១ភាគរយ ដល់ ១២ភាគរយក្នុងឆ្នាំដំបូង ឬបន្ថែមពន្ធគយក្នុងរហូតដល់ជាង ៦០០លានដុល្លារ។ ការយកពន្ធនេះនឹងអាចនាំឱ្យការនាំចេញពីកម្ពុជា ទៅអ៊ឺរ៉ុបធ្លាក់ចុះប្រមាណ ១៣ភាគរយទៀតផង។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMFព្រមានទៀតថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលដែលកំណើនសេដ្ឋកិច្ចចិនកំពុងដាំក្បាលហើយប៉ះពាលមួយកម្រិតទៀត នៅពេលមានការ ផ្លាស់ប្ដូរទីតាំងរោងចក្រចេញពីកម្ពុជាដោយសារបាត់ EBA»។
IMF ស្រាវជ្រាវឃើញថា ផ្នែកឯកជន ផ្នែក សំណង់ ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសំបែង មានការហក់ឡើង ២៨ភាគរយ នៅឆ្នាំ២០១៩ តែយ៉ាងនេះ IMF ទទូចអោយមានការប្រុងប្រយ័ត្ន ។
IMFកត់សំគាល់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ពឺងអាស្រ័យខ្លាំង ពីការបានមកនូវប្រព័ន្ធអនុគ្រោះពន្ធ EBA តែបើ កម្ពុជា ចាប់ផ្ដើមបង់ពន្ធចូលទីផ្សារអឺរ៉ុប ៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ លើទំហំ សរុបនាំទៅអឺរ៉ុប គឺ៤០ភាគរយ។
សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលអាចឈានទៅដល់ការដកហូត EBA កាលពីថ្ងៃទី ១២ ខែកុម្ភះឆ្នាំ ២០១៩ បន្ទាប់ពីបានតវ៉ាអោយអោយកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយសារតែ ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ។
ស្របពេលនេះ សហភាពអ៊ឺរ៉ុប បានដាក់កំហិត គឺចាប់ ពីថ្ងៃទី១២ធ្នូ រហូតដល់ ថ្ងៃទី១២ កុម្ភៈ២០២០ គឺលែងទទួលរបាយការណ៍ពីកម្ពុជាបើពុំនោះ ទេ គឺការដកហូតប្រព័ន្ធ EBA នឹង ចូលជាធរមាននៅខែសីហាឆ្នាំ២០២០។
យ៉ាងណា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១២ ខែធ្នូនេះថា រាជរដ្ឋាភិបាលបានបញ្ជូនរបាយការណ៍ឆ្លើយតបទៅកាន់សហភាពអ៊ឺរ៉ុបរួចហើយដោយសង្ឃឹមថា សហភាពអឺរ៉ុបនឹងពីចារណាឡើងវិញ ចំពោះផែនការដកសិទ្ធិពីកម្ពុជានូវការប្រើប្រាស់ ប្រព័ន្ធ EBA។
របាយការណ៍ IMF បញ្ជាក់ថា បើដក EBA ស្ថានភាពការងាររបស់កម្មករជាង ៨០ម៉ឺននាក់ នឹងជួបផលវិបាក ហើយអ្នកទទួលផលដោយប្រយោលប្រមាណជាង ៣លាននាក់ផ្សេងទៀត នឹងរងផលប៉ះពាល់។ បន្ថែមលើនេះ ក៏ជះទៅដល់វិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារទៀតផងព្រោះ ពលរដ្ឋកម្ពុជា មួយធំជាប់កាតព្វកិច្ច បង់រំលស់ ប្រាក់កម្ចីរបស់ពួកគេ។
នាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន ថ្លែងព្រមានកាលពីថ្ងៃទី១១ធ្នូថា ការដក EBA ពីកម្ពុជាស្មើនឹងសម្លាប់គណបក្សប្រឆាំង។ លោកថែមទាំងប្រកាសថា កម្ពុជាមិនយកអធិបតេយ្យភាពទៅដូរ EBA ឡើយហើយបើបាត់ EBA ក៏សេដ្ឋកិច្ចកម្ពុជា ស្លាប់ដែរ។
យ៉ាងណា សម្រាប់លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានព្រមានថា បុគ្គលម្នាក់ដែលទទួលកំហុសធ្ងន់ជាងគេ បើប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបបាត់បង់ គឺនាយករដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា កម្មករ គ្រួសាររបស់ពួកគេច្រើនលាននាក់ នឹងបាត់បង់ប្រាក់ចំណូល។
តែក្នុងន័យនេះ មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានរំលឹករាជរដ្ឋាភិបាលកម្ពុជាត្រូវមានគោលនយោបាយការគាំទ្រជាបណ្ដោះអាសន្នដល់កម្មករនិយោជិកដែលត្រូវបានបញ្ឈប់ពីការងារ ឬរងឥទ្ធិពលពីដក EBA ។
ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដោយរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជិត ៧ភាគរយ។ ក្នុងនោះ សម្រាប់ទំហំពាណិជ្ជកម្ម ជាមួយសហភាពបានហក់ឡើងដល់ទៅជាង ប្រាំពាន់ បួនរយលានដុល្លារ។មូលនិធិរូបិយវត្ថុអន្តរជាតិ IMFនៅតែព្រមានថា ការបាត់បង់ EBA ជាឧបសគ្គធំបំផុតមួយចំពោះការសម្រេចគោលដៅរបស់ កម្ពុជា ដែលព្យាករណ៍ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ ។
អ្នកសង្កេតការណ៍ នៅចាំមើលថា ក្រោយពីការជំនុំជម្រះក្ដី លោកកឹមសុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសន្ទិដ្ឋិភាព ឬក្បត់ជាតិ ស្ថានភាពនយោបាយនឹងអាចដើរផ្លូវល្អ ឬផ្លូវអាក្រក់ ហើយ បើមានចំណុចវិជ្ជមាន នឹងឈានដល់ការទប់ស្កាត់បាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA»។ តែយ៉ាងណា កម្ពុជា នៅប្រឈមមួយទៀតគឺការបាត់បង់ប្រព័ន្ធអនុគ្រោះរបស់សហរដ្ឋអាមេរិក GSP ដែលមានតម្លៃជាង៤០០លានដុល្លារសម្រាប់ការបង់ពន្ធចូលទីផ្សារអាមេរិក។ សហរដ្ឋអាមេរិក ក៏ដូចសហភាពអឺរ៉ុប កំពុងព្រមានកម្ពុជា អោយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាបន្ទាន់ ៕
ពៅនិកា