ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា អ្នកដែលខ្លាចបាត់បង់EBA ត្រូវទៅទាមទារឱ្យលោក សម រង្ស៊ី ជាអ្នកទទួលខុសត្រូវទើបជាការត្រឹមត្រូវ ។ តែអ្នកវិភាគតែងតែជម្រុញឱ្យរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងការទទួចរបស់អឺរ៉ុប ដើម្បីប្រយោជន៍ជាតិ ។
រាយការណ៍ដោយ លោក សោម លាភ
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តាមរយៈបណ្ដាញសង្គមតេលេក្រាមថា បើខ្លាចបាត់បង់ EBA ឬការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ គឺត្រូវទាមទារឲ្យលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ សងមកកម្មករវិញ ។ លោក សុខ ឥសាន្តថា នេះក៏ព្រោះតែលោក សម រង្ស៊ី ជាអ្នកធ្វើឲ្យសហភាពអឺរ៉ុប (EU) ផ្ដាច់ EBA ពីកម្ពុជា ។
ដោយឡែក លោក គង់គាំ អតីតទីប្រឹក្សាអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានការស្ដារនីតិសម្បទារឱ្យធ្វើនយោបាយឡើងវិញក្រោយពេលដែលស្នើសុំទៅនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ប្រជាពលរដ្ឋ នឹងប្រឹងប្រែងជាមួយរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាបន្តរស់ដូចប្រទេសដែលគ្មាន EBA ។
លោក គង់ គាំ ដែលមតិទូទៅស្គាល់ថា ជាមនុស្សទទួលស្គាល់ថាការហាមឃាត់សិទ្ធិនយោបាយរបស់ខ្លួនថាជារឿងត្រឹមត្រូវនោះ បានសរសេរថា ពលរដ្ឋនឹងថ្កោលទោសក្រុមលោក សម រង្ស៊ី រឿងបាត់បង់ការអនុគ្រោះពន្ធនេះ ។
កន្លងទៅ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អះអាងថា លោក គឺជាអ្នកទាមទារឱ្យសហភាពអឺរ៉ុប ដាក់សម្ពាធ ឬទណ្ឌកម្ម ពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច មកលើកម្ពុជា ដើម្បីឱ្យការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជារង្គោះរង្គើ ។
លោកតែងតែអះអាងថា ប្រជាពលរដ្ឋសុខចិត្តទ្រាំលំបាកក្នុងរយៈពេលខ្លី ដោយសារតែអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីឱ្យមានការផ្លាស់ប្ដូរ ។
ក្រោយមកទៀត លោក សម រង្ស៊ី រួមទាំងក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ អះអាងជាការផ្ទុយពីនេះ ដោយអះអាងថា នឹងតស៊ូធ្វើនយោបាយយ៉ាងណា ដើម្បីការអនុគ្រោះពន្ធពីអឺរ៉ុប និងអាមេរិក អាចបន្តនៅកម្ពុជា ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា តាមរយៈទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩បញ្ជាក់ថា លោកបានជួបប្រជុំជាមួយតំណាងកម្មករចំនួន៥០នាក់ មកពី១០រោងចក្រ ស្ដីពី ករណីប្រព័ន្ធអនុគ្រោះពន្ធ ( EBA ) ហើយអង្គប្រជុំបានសម្រេច នឹងធ្វើការទាមទារ សុំឲរាជរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុប ដើម្បីរក្សាEBA ។
លោកសុខ ឥសាន្ត អះអាងថា ការធ្វើបាតុកម្មទាមទារឲ្យរាជរដ្ឋាភិបាល ដោះស្រាយ EBA គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្ដែទាមទារទៅអ្នកដែលធ្វើឲ្យបាត់បង់ EBA ទៅវិញទេ ទើបជាការត្រឹមត្រូវ ។
សម្ដេច ហ៊ុន សែនកន្លងទៅ បញ្ជាក់ថា មិនខ្លាចបាត់បង់ EBA និង GSP នោះទេ ខណៈសម្ដេចថា សេដ្ឋកិច្ចកម្ពុជា អាចបន្តទៅបានដោយមិនចាំបាច់ការអនុគ្រោះពន្ធពីប្រទេសជាសមាជិកអឺរ៉ុប និងអាមេរិកនោះទេ ។ តែបើទោះបីជា មានការដកប្រព័ន្ធអនុគ្រោះពន្ធយ៉ាងណាក៏ដោយ ក៏សម្ដេច ហ៊ុន សែនថា ទំនិញកម្ពុជានៅតែបន្តនាំចូលទៅប្រទេសទាំងនេះដដែល ។
តែក្រសួងការបរទេស បានបញ្ជូនការឆ្លើយតបទៅអឺរ៉ុប តាមការកំណត់ កាលពីថ្ងៃទី ១២ ធ្នូ ដោយលើកឡើងថា កម្ពុជាមានការដោះស្រាយបញ្ហាមួយចំនួនតាមការទទួចរបស់សហភាពនេះហើយ ។ ក្រសួងការបរទេសកម្ពុជា ក៏លើកឡើងពីការបាត់បង់ផលប្រយោជន៍ដល់កម្មករកម្ពុជាជិត ១ លាននាក់ផងដែរ ដល់សហភាពអឺរ៉ុប ក្នុងការពិចារណា ។
តំណាងកម្ពុជា ប្រចាំអឺរ៉ុប អះអាងថា កម្ពុជាដោះស្រាយបញ្ហា ជាជំហានៗ ។
នៅអំឡុង ខែកុម្ភៈឆ្នាំ ២០២០ អឺរ៉ុបនឹងបង្ហាញនូវការសម្រេចរបស់ខ្លួន ដោយឱ្យ EBA មានបន្តនៅកម្ពុជាឬក៏មិនបន្ត ។
តែយ៉ាងណាក្ដី អឺរ៉ុបបានដាក់បញ្ជូនរបាយការណ៍នៃការសិក្សាស្រាវជ្រាវរបស់ខ្លួន ដោយបញ្ជាក់ថា ការរកឃើញនោះ គឺកម្ពុជារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
ខណៈពេលដែលអឺរ៉ុបកំពុងដំណើរការនីតិវិធីដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងមិនយកពន្ធទៅវិញទៅមក លើការនាំចូល និងនាំចិញទំនិញរវាងគ្នានិងគ្នា ។
គួររំលឹកថា កម្ពុជាក្រោមការនាំចូលទំនិញទៅប្រទេសអាមេរិក និងសហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌនៃការអនុគ្រោះពន្ធ ធ្វើឱ្យកម្ពុជាចំណេញបានប្រមាណជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។
យ៉ាងណា ក៏មានការព្យាករណ៍ពីធនាគារពិភពលោកថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងមានការធ្លាក់ចុះ ប្រសិនណាបើមានការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ។
អ្នកជំនួញធំៗ និងរោងចក្រមួយចំនួន ក៏បង្ហាញការព្រួយបារម្ភ និងអាចនឹងដកការវិនិយោគពីកម្ពុជាផងដែរ ។
កន្លងទៅ មន្ត្រីកម្ពុជា តែងតែអះអាងថា ការនឹងដក EBA ពីកម្ពុជា ព្រោះសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនលើសពីប្រទេសក្រីក្រហើយ ។
ការដែលអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធចេញពីប្រទេសកម្ពុជាពីសហភាពអឺរ៉ុប មន្ត្រីនៃសហភាពនេះ អះអាងថា ដោយសារតែខ្លួនរកឃើញថា កម្ពុជាគ្មានការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ គ្មានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។
អ្នកវិភាគតែងតែលើកឡើងពីកង្វល់រាជរដ្ឋាភិបាល ជាអ្នកទទួលបានស្ថានភាព នូវការអនុព្រោះពន្ធ ព្រោះ ខ្លួនជាអ្នកយកគោលការណ៍នេះមកអនុវត្តដើម្បី ប្រយោជន៍ជាតិ តែបើម្ចាស់EBA ថារាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារ EBA តាមលក្ខខណ្ឌ ដែលបានព្រមព្រៀងតែធ្វើមិនបានគឺភាគីអ្នកអនុវត្តខំធ្វើការការពារប្រព័ន្ធនេះឡើង បើពុំនោះទេ គឺជាផ្នែកមួយ នៃការចូលរួមទទទួលខុសត្រូវ រាជរដ្ឋាភិបាល៕