en     km
en     km

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលមិនឈឺក្បាលចំពោះការរិះគន់លើច្បាប់ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែមឡើយ

Share

ភ្នំពេញ៖ លោក សុខ ឥសាន្ត អះអាងថាការធ្វើច្បាប់បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា និងវៀតណាម គឺជាតួនាទីរបស់រាជរដ្ឋាភិបាល ដែលតំណាងឱ្យឆន្ទៈពលរដ្ឋ ខណៈលោកថារាជរដ្ឋាភិបាលមិនឈឺក្បាលចំពោះមតិរិះគន់ឡើយ។ ការចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ដាក់ឱ្យច្បាប់នេះចូលជាធរមាន ធ្វើឡើងបើទោះបីជាមានការភាពចម្រោងចម្រាស់ តាមរយៈការបង្ហាញពីហានីភ័យពីអ្នកវិភាគ រួមទាំងអ្នកប្រឆាំង ខណៈពួកគេថា ធ្វើឡើងខណៈពេលដែលកម្ពុជាគ្មានឯកភាព ។

រាយការណ៍ដោយ លោក សោម លាភ

ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា និងវៀតណាម ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា និងប្រកាស់ដាក់ច្បាប់នេះឱ្យប្រើប្រាស់ជាប្រញាប់ ។ ច្បាប់នេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាកាលពីថ្ងៃទី ៥ ធ្នូ តែរដ្ឋសភាជាតិកម្ពុជា ទើបតែចេញផ្សាយជាសាធារណៈនៅថ្ងៃទី ២០ ធ្នូនេះ ។

ករណីនេះ មានការមិនទទួលស្គាល់ នូវច្បាប់នេះឡើយ ពីមជ្ឈដ្ឋានមួយចំនួន ដូចជាអតីតគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន ។

ជាក់ស្ដែង លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២០ ធ្នូ ក្នុងន័យដើមដូចនេះថា «ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងកម្ពុជា និងវៀតណាម ឬសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ បានកាត់ដីខ្មែរតាមព្រំដែនប្រគល់ទៅអោយយួន ក្នុងបំណងសងគុណយួនដែលបានលើកបន្តុបមេដឹកនាំសព្វថ្ងៃតាំងពីទសវត្សឆ្នាំ៨០។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ គឺយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យយួនកាន់កាប់និងត្រួតត្រាកម្ពុជា ដែលសន្ធិសញ្ញានេះ ត្រូវបានលុបចោលរួចហើយដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមាត្រា ២និងមាត្រា៥៥នៃរដ្ឋធម្មនុញ្ញកម្ពុជា»

លោកបន្ថែមក្នុងន័យដើមថា «របបក្រុងភ្នំពេញត្រូវតែបង្ហាញជាសាធារណៈនូវផែនទីថ្មីខ្នាត 1/25 000 នេះ ដើម្បីអោយកូនខ្មែរបានដឹង។ ផែនទីថ្មីនេះ ធ្វើតាមការបោះបង្គោលបាន ៨៤% ជាមួយវៀតណាមកន្លងមក ដោយយោងទៅតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យយួនកាន់កាប់និងត្រួតត្រាកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។ ផែនទីថ្មីនេះ បោះពុម្ភដោយក្រុមហ៊ុនដានណាម៉ាក។ របបក្រុងភ្នំពេញត្រូវផ្ទៀងផ្ទាត់ជាសាធារណៈរវាងផែនទីបោនខ្នាត 1/100 000 របស់បារាំង និងផែនទីថ្មីខ្នាត 1/25 000 នេះ តើខុសគ្នាយ៉ាងណា? ពីព្រោះផែនទីថ្មីនេះធ្វើទៅតាមការដូរដីខ្មែរនឹងដីខ្មែរទៅអោយយួន ចំនួន ៣១ តំបន់ ការកែខ្សែព្រំដែនលើផែនទីបោនខ្នាត 1/100 000 ចំនួន៦តំបន់ និងការបោះបង្គោលទៅតាមការកាន់កាប់ជាក់ស្តែងដោយយួនរំលោភចូលដីខ្មែរប៉ុន្មានអោយយួនប៉ុណ្ណោះ។ របបក្រុងភ្នំពេញគ្រោងនឹងយកផែនទីថ្មីខ្នាត 1/25 000 នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីជំនួសផែនទីបោនខ្នាត 1/100 000 របស់បារាំង»

ដោយឡែក លោកបណ្ឌិតមាសនី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយ ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីលើសន្ធិសញ្ញាបំពេញបន្ថែមនេះ ធ្វើឡើងខណៈពេលដែលប្រទេសកម្ពុជាគ្មានឯកភាពគ្រប់គ្រាន់ ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ថា កិច្ចការនេះ គឺជាការបំពេញកាតព្វកិច្ចជារាជរដ្ឋាភិបាលតំណាងឱ្យពលរដ្ឋក្នុងប្រទេសដែលមានឯកភាពជាតិពេញលេញ ខណៈលោកថា មិនខ្វល់ចំពោះមតិរិះគន់ឡើយ ។

ជុំវិញកិច្ចការនេះ ពលរដ្ឋមួយចំនួន ក៏បានរិះគន់ទាំងបក្សកាន់អំណាច ទាំងរដ្ឋសភា ព្រឹទ្ធសភា រួមទាំងព្រះមហាក្សត្រផងដែរ ៕

Share

ព័ត៌មានទាក់ទង

Image