en     km
en     km

តំណាងអឺរ៉ុបថាកម្ពុជាត្រូវរក្សាសន្តិភាពដូចមានសព្វថ្ងៃឱ្យគង់វង្ស

Share

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាថា កម្ពុជាត្រូវតែរក្សាសន្តិភាពដែលមានដូចសព្វថ្ងៃឱ្យបានគង់វង្ស និងមិនត្រូវជាន់ដានប្រវត្តិសាស្រ្តដ៏ជូជាត់ ពោលគឺដូចសម័យកម្ពុជាប្រជាធិបតេយ្យ ។ យ៉ាងណា កម្ពុជាតាមរយៈសម្ដេចនាយករដ្ឋមន្ត្រីតែងតែកោះរំលើងនូវគុណសម្បត្តិរបស់ខ្លួន ក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងរកសន្តិភាពជូនកម្ពុជាមានដូចសព្វថ្ងៃ ។ អ្នកវិភាគថា សន្តិភាព ឯកភាពទឹកដីជាដើម របស់កម្ពុជាក៏ធ្លាប់កើតមានក្នុងអតីតកាលដែរ ហើយមានភាពល្អប្រសើរជាងបច្ចុប្បន្នទៅទៀត ។

រាយការណ៍ដោយ លោក សោម លាភ

ការថ្លែងបែបនេះរបស់លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គឺក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៦ ខែធ្នូ ។

លោក ប៊ិន ឈិន នាឱកាសនោះ បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា បេសកកម្មការទូតរបស់​លោកស្រី Carmen Moreno នឹងបង្កើនទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ។

សម្រាប់លោកស្រី Carmen Moreno បានលើកឡើងថា កន្លងមកសហភាពអឺរ៉ុបបានគាំទ្របង្កើតឱ្យមានសាលាក្តីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ ហៅកាត់ថា អ.វ.ត.ក រួមទាំងផ្ដល់ជំនួយជាទឹកប្រាក់សរុបចំនួន២៨,៨លានដុល្លារអាមេរិក ដល់ អ.វ.ត.ក ក្នុងនោះទឹកប្រាក់ចំនួន១៥,៤លានដុល្លាអាមេរិកសម្រាប់ភាគីអន្តរជាតិ និងចំនួន១២,៩លានដុល្លារអាមេរិកសម្រាប់ភាគីជាតិនៃ អ.វ.ត.ក ។

លោក ប៊ិន ឈិន បញ្ជាក់ថា កន្លងមកសាលាក្តីខ្មែរក្រហមដើតួសំខាន់ណាស់ដែលបានកាត់ទោសមេដឹកនាំខ្មែរក្រហមមួយចំនួន ហើយអ្វីដែលនៅសល់សម្រាប់តុលាការកម្ពុជា គឺជាបទពិសោធន៍មួយដ៏ល្អ ។ លោកស្នើឱ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយជួយឱ្យសាលាក្តីខ្មែរក្រហមបញ្ចប់ដោយជោគជ័យ ។

ជាការឆ្លើយតប លោកស្រី Carmen Moreno បានវាយតម្លៃខ្ពស់ចំពោះតុលាការខ្មែរក្រហម ហើយក៏បញ្ជាក់ថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រសាលាក្តីខ្មែរក្រហមរហូតដល់ទីបញ្ចប់ ។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុបបាននឹងកំពុងពិចារណាអំពីចំនួនទឹកប្រាក់ដែលនឹងត្រូវបន្តជួយដល់សាលាក្តីនេះបន្ថែមទៀត ដែលចំនួនទឹកប្រាក់ពិតប្រាកដនឹងជម្រាបជូនមកភាគីកម្ពុជានៅពេលបានការឯកភាពជាផ្លូវការ និងបញ្ចប់ការពិភាក្សាគ្នារួចរាល់ ។

បើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៅថ្ងៃទី ១៧ ធ្នូនេះ បញ្ជាក់ថា ទាំងភាគីកម្ពុជា និងភាគីសហភាពអឺរ៉ុប ឯកភាពគ្នាទៅលើការផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានាជាច្រើនក្នុងប្រទេស ដើម្បីឱ្យសិស្ស និស្សិត មានការយល់ដឹង និងចងចាំកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

សម្រាប់លោកស្រី Carmen Moreno សម្តែងនូវការគាំទ្រជាមួយនឹងសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលសព្វថ្ងៃនេះ ហើយអះអាងថា កម្ពុជាត្រូវតែបន្តថែរក្សាសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស និងមិនត្រូវឱ្យប្រវត្តិសាស្ត្របែបនេះវិលត្រឡប់មកវិញបានជាដាច់ខាត ។

លោកស្រីបន្ថែមថា នឹងរិះរកកិច្ចសហការបន្ថែមទៀតជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីឱ្យយុវជនមានឱកាសស្វែងយល់អំពីអតីតកាលឱ្យបានច្បាស់លាស់ ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី​ Carmen Moreno ថាសហភាពអឺរ៉ុប នឹងបន្តពង្រឹងកិច្ចសហការដោយបើកចំហ ឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយកម្ពុជា លើវិស័យផ្សេងៗជាច្រើនទៀត ក្នុងនោះដូចជាវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម ។

ជារឿយៗ នៅតាមស្ទើរតែគ្រប់វេទិការទាំងអស់ ថ្លែងដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន តែងតែលើកឡើងអំពីសមិទ្ធិផលដែលកម្ពុជាទទួលបានដោយសារការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេច ហ៊ុន សែន តែងតែអះអាងថា ការណ៍ទាំងនេះ អាចធ្វើទៅបានដោយសារតែសន្តិភាព ដែលក្រុមមន្ត្រីកម្ពុជាតែងតែអះអាងថា ជាការរកបានដោយលំបាក ។

អ្នកវិភាគនយោបាយនៅកម្ពុជាអះអាងថា កម្ពុជានាពេលបច្ចុប្បន្ន មិនជាមានសន្តិភាពសម្រាប់ពលរដ្ឋគ្រប់គ្នានោះទេ ជាពិសេសគឺទៅលើមន្ត្រី ឬសកម្មជនអតីតគណបក្សប្រឆាំង ។

លោក ឯម សុវណ្ណារ៉ា អះអាងថា កម្ពុជាការពីអតីតកាល ក៏មានសន្តិភាព ឯកភាពទឹកដីជាដើម ហើយមិនគួរណាលើកដំកើងតែសម័យកាលនេះទេ ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាថា នឹងរក្សាឱ្យបាននូវសន្តិភាពដែលមានសព្វថ្ងៃ ដើម្បីបន្តការអភិវឌ្ឍ គ្រប់រូបភាពទាំងអស់ និងកម្ចាត់ក្រុមដែលប៉ុនប៉ងបំផ្លាញសន្តិភាពកម្ពុជា ៕

Share

ព័ត៌មានទាក់ទង

Image