អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាលើកឡើងថា គណបក្សប្រជាជនកម្ពុជាអាចនឹងបាត់បង់ប្រយោជន៍ ច្រើន ជាងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សកាន់អំណាចចង់ដកតំណែងលោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភាមែននោះ។
សមាជិកគណៈកម្មាធិការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកស្រី ឡោក ខេង បានសន្យាថា នឹងយកពាក្យបណ្ដឹងដែលបាតុករដាក់ជូនប្រធានរដ្ឋសភា និងគណៈអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីពិនិត្យ។ លោកស្រី ឡោ ខេង បានមានប្រសាសន៍បែបនេះ នៅពេលមានការតវ៉ាដកតំណែងអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥ កន្លងមក។ លោកស្រីថា៖ « ខ្ញុំនេះជាលើកទីមួយនៅកម្ពុជា ដែលខ្ញុំបានចេញមកទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ ៣ ពាន់ ទៅ ៤ ពាន់នាក់ ដែលទាមទារឱ្យដកលោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា… ខ្ញុំនឹងយកពាក្យបណ្ដឹងដែលបាតុករដាក់ជូនប្រធានរដ្ឋសភានិងគណៈអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីពិនិត្យ»។
ទាក់ទងបញ្ហានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានលើកឡើងថា ការទាមទារដកតំណែងអនុប្រធានទី១នៃរដ្ឋសភា តាមរយៈការតវ៉ាដាក់ញត្តិនេះ អាចនឹងមិនសូវទទួលបានលទ្ធផលវិជ្ជាមានប៉ុន្មាននោះឡើយ។ ទោះបីយ៉ាងណាក៏ដោយ លោក សាស្ត្រាចារ្យ សូ ចន្ថា បានមានប្រសាសន៍នៅក្នុងកម្មវិធីបច្ចុប្បន្នភាពសង្គម ជាមួយវិទ្យុស្ត្រីថា លោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជាអាចនឹងដកដំណែងលោក កឹម សុខា អនុប្រធានទី១រដ្ឋសភាបាន បើគណបក្សកាន់អំណាចចង់ធ្វើបែបនេះមែននោះ ។ ប៉ុន្តែលោកថា ប្រសិនបើគណបក្សកាន់អំណាចដកតំណែងអនុប្រធានទី១រដ្ឋសភាមែន ច្បាស់ណាស់គណបក្សប្រឆាំងទៅវិញទេ ដែលទទួលបានប្រជាប្រិយភាព។
លោកបន្តថា៖ «ប្រសិនបើពាក់ព័ន្ធនឹងការដកលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា ខ្ញុំជឿថា គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើននៅក្នុងសភាអាចធ្វើបាន។ ប៉ុន្តែដាក់សំណួរទៅវិញ ប្រសិនជាគណបក្សប្រជាជន កម្ពុជាដកលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាចេញ តើចំណេញអ្វីដល់គណបក្សប្រជាជន ឧទារហណ៍ ជាក់ស្តែង បាតុកម្មហិង្សា មានវៃតំណាងរាស្ត្រអ្វីជាដើម យើងឃើញថា ផលចំណេញមិនបានទៅគណបក្សប្រជាជនទេ ក៏ប៉ុន្តែអ្វីដែលចំណេញ គឺចំណេញទៅបក្សប្រឆាំងឯណោះវិញទេ»។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាអាចនឹងដកតំណែង លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភាបាន តាមការសម្រេចចិត្តផ្នែកនយោបាយរបស់គណបក្សកាន់អំណាច ព្រោះប្រទេសកម្ពុជាមិនទាន់មានច្បាប់បែងចែកពីអំណាច ថាតើ តំណែងអនុប្រធានទី១ នៃរដ្ឋសភា ត្រូវតែទទួលបានដោយគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែលោកថា គណបក្សទាំង២ គ្រាន់មានតែកិច្ចព្រមព្រៀងនយោបាយមួយ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០១៤ប៉ុណ្ណោះ វាមិនរឹងមាំដូចច្បាប់ឡើយ។
លោកថា៖ «ទោះបីយ៉ាងណាក៏ដោយ ត្រូវតែមានមូលហេតុអ្វី ថាមូលហេតុអ្វី បញ្ហាអ្វី ជជែកគ្នា គេអាចដកបាន ប៉ុន្តែគ្រាន់តែអត់មាននីតិវិធីដក វាពិបាក់ណាស់ យើងវារញ៉េរញ៉ៃ ដកប្រធានគណកម្មាការ ដកអនុប្រធានអ្វី ជួនកាលដកត្រណាត់ត្រណែង ពីដើមកាន់កាប់ដោយគណបក្សប្រជាជន ដាក់ទៅលោក កឹម សុខា អញ្ចឹង ដកគេ២នាក់នោះ គ្រាន់តែជំនួសកៅអីក្រឹបៗ អញ្ចឹងទៅវាអត់មាននីតិវិធីដក»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ប្រសិនជាប្រពលរដ្ឋចង់ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភានោះ គួរតែស្នើរដ្ឋសភាឲ្យបង្កើតគណៈកម្មការប្រជាមតិទូទាំងប្រទេសមួយ ដោយតម្លាភាព និង យុត្តិធម៌ ហើយបើប្រជាពលរដ្ឋសម្រេចថា ដកលោក កឹម សុខ ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ពេលនោះ គណបក្សសង្គ្រោះជាតិគ្មានអ្វីនឹងប្រកែកឡើយ៕