MC៖ យុវជនកម្ពុជាកំពុងពេញនិយមក្នុងការប្រើបណ្តាញសង្គម ពិសេសគឺហ្វេសបុក។ បណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ មានមុខងារយ៉ាងសំបូរបែបធ្វើឲ្យមានភាពងាយស្រួលក្នុងការចែករំលែកព័ត៌មានផ្សេងៗ រួមទាំងព័ត៌មានផ្ទាល់ខ្លួនផងដែរ។
ទាក់ទិននឹងការប្រើប្រាស់ និង ការចែកចាយព័ត៌មានផ្ទាល់ខ្លួននេះ យើងសង្កេតឃើញថាក្លាយជាទម្លាប់ប្រចាំថ្ងៃពិសេសយុវវ័យ ដូចជាការបង្ហោះពីអារម្មណ៍ផ្ទាល់ខ្លួន ទីតាំង លេខកុងធនាគារ នៅជាមួយអ្នកណា និង ប្រាក់កម្រៃជាដើម។ តើការបង្ហោះព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនេះមានផលប៉ះពាល់អ្វីខ្លះ? ដើម្បីជ្រាប ច្បាស់សូមស្តាប់បទយកការណ៍ខ្លី ដែលមានចំណងជើងថាព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមដែលរៀបរៀងដោយលោក សេរី វឌ្ឍនៈ ដូចតទៅ!
នេះគឺជាការរៀបរាប់ពីរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងការចែកចាយព័ត៌មានផ្ទាល់ខ្លួននៅលើអីនធើណេត។
បច្ចេកវិទ្យាកាន់តែរីកចម្រើន អ្នកប្រើបណ្តាញសង្គមបានសម្របខ្លួនបន្តិចម្តងៗ និងទាញ យកផលប្រយោជន៍ពីការប្រើប្រាស់នេះទៅប្រើប្រាស់ដូចជា ការចែករំលែកព័ត៌មាន កម្សាន្ត ការសិក្សា និងជំនួញជួញដូរតាមប្រព័ន្ធអីនធើណេត។
ដើរនៅលើវិថីជាអាជីវករអនឡាញ ២ ឆ្នាំ អ្នកស្រី ថុង សោភ័ណ្ឌ អាជីវករលក់កាម៉េរាសុវត្ថិភាព និងគ្រឿងអេឡិចត្រូនិកអនឡាញថា ការលក់ដូរនៅតាមអនឡាញមានប្រសិទ្ធិភាព និង មានភាពងាយស្រួលក្នុងការរកប្រាក់ចំណេញពីការប្រើប្រាស់បណ្តាញសង្គម។
ទន្ទឹមនឹងនេះអ្នកស្រីបានបង្ហាញពីក្តីបារម្ភផងដែរចំពោះការធ្វើជំនួញអនឡាញ ដែលពេលខ្លះត្រូវបង្ហោះគណនីធនាគាររបស់អ្នកស្រីដើម្បីអតិថិជនងាយស្រួលផ្ទេរ និងទូទាត់សាច់ប្រាក់ តែអ្នកស្រីខ្លាចត្រូវបានជនទុចរិតលួចគណនេយ្យអ្នកស្រីផងដែរ។
អ្នកស្រីបានបន្ថែមថា៖ ការពិតទៅ ខ្ញុំក៏បារម្ភដែរ ពេលយើងលក់ហ្នឹង ខ្លាចគេហេកអាខោនវីសា ពេលយើងបង្កើតផេក នៅលើហ្វេសបុក ហើយយើងដាក់លុយហ្នឹងតាមអាខោនហ្វេសបុក ហើយតែវាហេកបានហ្នឹង វាលួចយកលុយយើងទៅហើយ ព្រោះអីយើងបង្ហោះវានៅលើផេកអីអញ្ជឹងហា!
អ្នកស្រីថា ការបង្ហោះលេខគណនីធនាគារគឺត្រូវធ្វើដោយបង្ខំចិត្ត។ អ្នកស្រីបានបន្តថា ការលក់ដូររមែងចង់បានការចាប់អារម្មណ៍ពីអ្នកទិញ។ អ្នកស្រីបន្ថែមថា ធ្លាប់បង្ហោះប្រាក់ដែលអ្នកស្រីលក់ដាច់បានលើបណ្តាញសង្គម ព្រោះចង់ប្រាប់អ្នកផ្សេងទៀតថាអ្នកស្រីលក់ដាច់ និងជាផលិតផលមានគុណភាពល្អ។ តែពេលអ្នកស្រីបានឃើញព័ត៌មានគេចុះផ្សាយអំពីហានិភ័យនៃការបង្ហោះប្រាក់កាស អ្នកស្រីបានភ្ញាក់រលឹកនិងឈប់ធ្វើដូច្នោះទៀត។
« ខ្ញុំអត់ផុសរូបលុយទេ ការផុសរូបលុយនោះក៏មែនល្អប៉ុន្មានដែរ ព្រោះអីវាដូចបង្ហាញទីតាំងឲ្យចោរអញ្ចឹង ហើយ ណាមួយប្តីខ្ញុំក៏អត់ឲ្យផុសដែរ កាលពីមុនតែម្តងគត់ខ្ញុំផុស ហើយពេលនោះ ក្នុងហ្វេសបុកធម្មតាទេ តែខ្ញុំអត់ផុសក្នុងផេកទេ ហើយមានគេផុសរូបលុយ ដូចដាក់ក្រាលដេកលុយអីអញ្ចឹងហា អាហ្នឹងវាជាយុទ្ធសាស្រ្តរបស់គេ តែខ្ញុំថាអាយុទ្ធសាស្រ្តហ្នឹងអត់ល្អទេ ខ្លាចមានហានិភ័យទៅថ្ងៃក្រោយណា! »
ទាក់ទិននឹងការបង្ហោះអំពីទិន្នន័យ ឬ ព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម លោក ម៉ៅ ពិសិដ្ឋ អ្នកមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា បានពន្យល់ថា អាចជាគ្រោះថ្នាក់ និង ហានិភ័យ សម្រាប់អ្នកប្រើប្រាស់។
លោកបានបន្ថែមថាការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមគឺជារឿងមួយដែលអ្នកប្រើប្រាស់គួរប្រុងប្រយ័ត្ន ព្រោះថា ការចែករំលែកព័ត៌មានមួយចំនួនអាចជារឿងមិនល្អ ដោយលោកលើកឧទាហរណ៍ក្នុងករណីការបង្ហោះរូបភាពកុងធនាគារនោះ អាចមានជនខិលខូចលួចយកគណនីធនាគារទៅប្រើប្រាស់ក៏អាចថាបាន។
លោក បន្តថា ប្រសិនបើចែករំលែកនៅក្នុងប្រអប់សារ ឬ គ្រាន់តែជារូបភាពធម្មតាៗ នោះមិនមានជាបញ្ហាឡើយ។ តែការចែករំលែករូបភាពមួយចំនួនដូចជា រូបប្រាក់ លេខកុងធនាគារ ឬ រូបភាពស៊ិចស៊ី គឺជារឿងគ្រោះថ្នាក់ ព្រោះហាក់បីដូចជាបុគ្គលម្នាក់ចែករំលែកមុខសញ្ញាទៅមនុស្សដែលមានបំណងមិនល្អ។
លោក ម៉ៅ ពិសិដ្ឋ៖ «ខ្ញុំថាបើសិនតែគ្រាន់តែជារូបភាពធម្មតាៗ រូបភាពអនុស្សាវរីយ៍មួយចំណួន នោះមិនមានអ្វីជាគ្រោះថ្នាក់ទេ តែប្រសិនបើក្នុងករណីខ្លះ ការបង្ហោះរូបភាពស៊ីចស៊ីទៅលើប្រព័ន្ធអ៊ីនធើណេត ជួនកាលជនខិលខូចអាចលួចយកទៅបង្ហោះនៅក្នុងវេបសាយអាសអាភាស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នោះវាជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់» ។
លោកបានផ្តល់ជាដំបូន្មានថា អ្នកប្រើប្រាស់គួរកាត់បន្ថយការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅលើបណ្តាញសង្គម និង ជៀសវាងការចែករំលែកព័ត៌មានណាដែលអាចបង្កហានិភ័យដល់ខ្លួនឯង អ្នកដទៃ និង សង្គមជាតិ។
លោក បន្តថា៖ « ការចែករំលែកនោះ យើងព្យាយាមកាត់បន្ថយវាខ្លះទៅ ហើយជៀសវាងការចែករំលែកព័ត៌មានបុគ្គលមួយចំនួនណាដែលវាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់យើង ប៉ះពាល់ដល់លុយកាក់ ហើយព័ត៌មានខ្លះអាចប៉ះពាល់ក្នុងកម្រិតស្រាល ឬ ធ្ងន់។»
បើយោងតាមការចុះផ្សាយពីប្រភពសារព័ត៌មានសហរដ្ឋអាមេរិក The New York Times មានករណីចោរប្លន់សម្លាប់ មួយបានកើតឡើងនៅទីក្រុងញ៉ូយ៉ក បន្ទាប់ពីនារីម្នាក់បានបង្ហោះប្រាក់ដុល្លារអាមេរិកនៅលើប្រព័ន្ធអ៊ីនធើណេត។ ហេតុការណ៍នេះគឺជាឧទាហរណ៍ច្បាស់ៗ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រុងប្រយ័ត្ន និង ពិចារណាឲ្យបានគត់មត់ មុននឹងបង្ហោះរឿងរ៉ាវផ្ទាល់ខ្លូន ជៀសវាងបច្ច័យអាក្រក់ណាមួយអាចកើតឡើងជាយថាហេតុ៕
ផលិតដោយ
សហការផលិតដោយ