en     km
en     km

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិនិវត្តន៍កាលពីថ្ងៃទី ៩ វិច្ឆិកា ដែលលោកថា មានការរារាំងគ្រប់មធ្យោបាយពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ។ លោកថាបើទោះបីជាមិនបានមានវត្តមាននៅកម្ពុជាតាមការកំណត់ក៏ដោយ ក៏លោកនៅតែថានេះជាជោគជ័យយ៉ាងខ្លាំង ។ អ្នកវិភាគថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភចំពោះវត្តមានរបស់ក្រុមលោក សម រង្ស៊ី ។ តែយ៉ាងណា កន្លងទៅមន្ត្រីកម្ពុជាអះអាងថា គ្មាននរណាហាមឃាត់លោក សម រង្ស៊ី និងបក្ខពួកនោះទេ ហើយចំពោះការគ្មានវត្តមានរបស់ក្រុមនេះ គឺជាបរាជ័យយ៉ាងអាម៉ាស់ ។

រាយការណ៍ដោយលោក សោម លាភ

បន្ទាប់ពីមួយខែនៃដំណើរមាតុភូមិនិវត្តន៍របស់ ក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងលោក អេង ឆៃអៀង លោកស្រីមូ សុខហួ ជាអនុប្រធាន លោកសម រង្ស៊ី នៅថ្ងៃទី ៨ ធ្នូ បានថ្លែងអំពីមូលហេតុរារាំង និងលទ្ធផលជំវិញព្រឹត្តិការណ៍មាតុភូមិនិវត្តន៍នេះ ។

លោក សម រង្ស៊ីថ្លែងថា របាំងរារាំងទី ១ គឺនាយករដ្ឋមន្ត្រីកម្ពុជា មិនឱ្យយន្តហោះដឹកលោក នឹងបក្ខពួក ។

កន្លងទៅ អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ចេញ​បម្រាមដោយ​ហាម​ក្រុមហ៊ុន​យន្តហោះ​ មិនឱ្យដឹក​លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ។ បើសិនជាក្រុមហ៊ុនអាកាសចរណាល្មើសនឹងបម្រាម គឺស្មើនឹងប្រព្រឹត្តបទល្មើស ពោលគឺបទល្មើសចូលរួម​គំនិត​ក្បត់​ជាតិ  ។

វិធានការ​នេះ ​មានការលើកឡើងថាជា​ការ​​បំភ័យ​​ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​អតីតគណបក្ស​​សង្គ្រោះ​ជាតិ ។

លោក សម រង្ស៊ីថាការណ៍នេះគឺបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជាមិនហ៊ានចាប់លោកនោះទេ ។

មិនមែនត្រឹមតែហាមឃាត់តាមយយៈការមិនឱ្យយន្តហោះដឹកលោក សម រង្ស៊ី តែប៉ុណ្ណោះនោះទេ ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិរូបនេះបន្តទៀតថា នាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំថៃដើម្បីធ្វើយ៉ាងណាកុំឱ្យក្រុមលោកឆ្លងកាត់ទឹកដីថៃ ។

កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជាតែងតែអះអាងថាកម្ពុជាមានកិច្ចសហប្រតិបត្តិការណ៍គ្នាខ្ពស់ផ្នែកអនុវត្តច្បាប់ជាមួយភាគីថៃ ខណៈសម្ដេចហ៊ុន សែនថាថៃនឹងមិនឱ្យបក្ខពួកលោកសម រង្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ ។

ដោយឡែកឡាវ ក៏បញ្ជាក់យ៉ាងមុតមាំតាមរយៈនាយករដ្ឋមន្ត្រីនៃប្រទេសនេះអះអាងចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជាថា ក្នុងលក្ខខ័ណ្ឌណាក៏ដោយ ក៏មិនឱ្យក្រុមប្រឆាំងជាន់ទឹកដីខ្លួនដើម្បីមកធ្វើឱ្យវឹកវរដល់កម្ពុជាឡើយ ។

ជុំវិញករណីនេះ កម្ពុជាក៏បានបញ្ជូនដីការបស់ខ្លួនទៅប្រទេសអាស៊ាន ដើម្បីឱ្យចាប់ក្រុមលោក សម រង្ស៊ី ហើយបញ្ជូនមកកម្ពុជា ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានបិទរូបថតអតីតមន្ត្រីទាំងនោះតាមព្រំដែន ដើម្បីអនុវត្តន៍អ្វីដែលមន្ត្រីកម្ពុជាអះអាងថាជាការធ្វើឡើងទៅតាមច្បាប់ ។

យ៉ាងណា ទាំងម៉ាលេស៊ី និងថៃ មិនបានចាប់ខ្លួនក្រុមមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ បញ្ជូនមកកម្ពុជានោះទេ ខណៈប្រទេសថៃមិនឱ្យមន្ត្រីជាន់ខ្ពស់អតីតគណបក្សនេះមួយចំនួនជាន់ទឹកដីខ្លួន ដោយឡែកម៉ាឡេស៊ី និងឥណ្ឌូនេស៊ីគឺស្វាគមន៍ក្រុមលោក សម រង្ស៊ី ទៅវិញ ។

ចំពោះរបាំងរារាំងទី ៣ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក សម រង្ស៊ីថា ជាការដាក់ពង្រាយកងកម្លាំងគ្រប់ច្រកល្ហក ដើម្បីបង្រ្កាបលោក និងបក្សពួក រួមទាំងពលរដ្ឋដែលចូលរួមអមដំណើរផង ។

បន្ទាប់ពីមានការប្រកាសមាតុភូមិនិវត្តន៍ សម្ដេច ហ៊ុន សែន បានប្រកាសឱ្យមន្ត្រីទាំងអស់ដែលពាក់ព័ន្ធ ពិសេសគឺកងទ័ពរបស់ក្រសួងការពារជាតិ និងកងកម្លាំងមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យប្រឆាំងទៅនឹងដំណើរនេះ ខណៈសម្ដេចថានេះជាដំណើរនៃការធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ។

រូបភាពនៃការប្រឆាំងនឹងវត្តមានក្រុមលោក សម រង្ស៊ី នាយករដ្ឋមន្ត្រីកម្ពុជាអះអាង ក៏ដូចជាបញ្ជាឱ្យមានការបង្ក្រាប ទោះមានស្លាប់មនុស្សមួយចំនួនក្ដី ។ សម្ដេច ហ៊ុន សែន ព្រមានថាត្រៀមខ្លួនដើម្បីរួចហើយជាការប្រកាសសង្រ្គាម ប្រើប្រាស់កងកម្លាំង និងអាវុធយុទ្ធភ័ន្តជាដើម ។

តែយ៉ាងណា បើទោះបីជាលោក សម រង្ស៊ី និងបក្ខពួកគ្មានវត្តមាននៅកម្ពុជាតាមកាលបរិច្ឆេទកំណត់យ៉ាងណាក៏ដោយ ក៏លោកថានេះជាជោគជ័យខ្លាំងសម្រាប់អតីតគណបក្សសង្គ្រោះជាតិ ។  លោកថាជាការបង្ហាញថារដ្ឋអំណាចកម្ពុជាមានការភ័យខ្លាចវត្តមានរបស់ក្រុមរបស់លោកយ៉ាងខ្លាំង ។

មន្ត្រីកម្ពុជាតែងតែអះអាងជាការចំអកថាលោក សម រង្ស៊ី និងបក្សពួកបរាជ័យយ៉ាងអាម៉ាស់ ។

អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចោទប្រកាន់ ចាប់ និងឃុំខ្លួនសកម្មជនរបស់អតីតគណបក្សនេះជាបន្តបន្ទាប់ ។ មកដល់ពេលនេះក៏មានការបន្ធូរបន្ថយខ្លះវិញដែរ ។  

អ្នកវិភាគលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភចំពោះវត្តមានរបស់ក្រុមលោក សម រង្ស៊ី ដែលមានប្រជាប្រិយភាព និងមានអ្នកអមដំណើរច្រើន ហើយក៏មិនមានបំណងចាប់ក្រុមលោក សម រង្ស៊ីដែរ គ្រាន់តែអនុវត្តន៍មធ្យោបាយយ៉ាងណា ដើម្បីជាការរារាំងកុំឱ្យមកដល់កម្ពុជាតែប៉ុណ្ណោះ ៕

Share

ព័ត៌មានទាក់ទង

Image