គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសត្រៀមលក្ខណៈ រៀបចំចុះឈ្មោះអ្នកបោះឆ្នោតសាជាថ្មីឡើងវិញ ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។
គ.ជ.ប ឲ្យដឹងបែបនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០១៥។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ គ.ជ.ប បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះឈ្មោះបោះឆ្នោត សាកល្បងឆ្នាំ២០១៥ តាមប្រព័ន្ធកុំព្យូទ័រ ដែលបានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកុំព្យូទ័រ គ.ជ.ប ក្រោមអធិបតីភាព លោក គួយ ប៊ុនរឿន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានសិក្ខាកាមចូលរួមប្រមាណ ១៤៤ នាក់។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក គួយ ប៊ុនរឿន បានលើកឡើងថា នៅក្នុង ពេលបោះឆ្នោតឆ្នាំ២០១៦ ខាងមុខនេះ គ.ជ.ប នឹងត្រៀមលក្ខណៈរៀបចំការចុះឈ្មោះបោះឆ្នោតសាជាថ្មីឡើងវិញ ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ ក្នុងគោលដៅ បង្កើនជំនឿទុកចិត្តដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោត ដោយស្មើភាព ដោយសេរី ត្រឹមត្រូវ និងយុត្ថិធម៌។
អនុប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរូបនេះ បានបន្ថែមទៀតថា នេះជាលើកទី១ នៃប្រទេសកម្ពុជា ក្នុងការចុះឈ្មោះបោះឆ្នោត ត្រូវកត់ត្រាទិន្នន័យអ្នកបោះឆ្នោតម្នាក់ៗ ដូចជា នាមត្រកូល នាមខ្លួន ភេទ ថ្ងៃខែឆ្នាំកំណើត លំនៅដ្ឋាន ឬ ទីសំណាក់ ក្នុងឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត និងការដៅសម្គាល់អត្ដសញ្ញាណ ដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ដូចជា រូបថត និងស្នាមម្រាមដៃ ឬ ការដៅសម្គាល់ផ្សេងទៀត តាមការកំណត់របស់ គ.ជ.ប ទៅក្នុងប្រព័ន្ធទំនើប នៅក្នុងកម្មវិធីកុំព្យូទ័រ នៅទីតាំងការិយាល័យ ចុះឈ្មោះផ្ទាល់តែម្ដង៕