en     km
en     km

លោក សុខ ឥសាន្តថា គ្មានអ្នកបំបែកបំបាក់លោកកឹម សុខា ពីលោក សម រង្ស៊ីទេ

Share

ភ្នពេញ៖ លោក សុខ ឥសាន្តបានអះអាងថា មិនមាននរណា បំបែកបំបាក់លោក សម រង្ស៊ី ពីលោក កឹម សុខានោះទេ តែអ្នកនយោបាយទាំងពីរនេះ គឺបែកបាក់ដោយខ្លួនឯងយូរមកហើយ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលលោកសម រង្ស៊ី អះអាងថា សម្ដេច ហ៊ុន សែន ព្យាយាមបំបែកបំបែក កឹម សុខា ពីលោក ។ អ្នកវិភាគតែងតែរំលឹកថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវប្រយ័ត្នចំពោះការបែកបាក់ ព្រោះនឹងធ្វើឱ្យសម្លេងប្រឆាំងចុះខ្សោយ ។

រាយការណ៍ដោយលោក​ សោម លាភ

លោក សម រង្ស៊ី និងលោក កឹម សុខា គឺជាសហស្ថាបនិកនៃអតីតគណបក្សសង្រ្គោះជាតិ ពោលគឺរួមគ្នាពីគណបក្សសម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាន និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ។

អ្នកនយោបាយជើងចាស់របស់អតីតគណបក្សសង្គ្រោះជាតិទាំងពីររូបនេះធ្លាប់ថ្លែងថា រួមគ្នាដើម្បីសង្គ្រោះជាតិកម្ពុជា ។

បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ទទួលបានអាសន្នៈក្នុងរដ្ឋសភាជិតពាក់កណ្ដាលនៃចំនួនអាសន្នៈសរុបក្នុងរដ្ឋសភា កាលពីអាណត្តិទី ៥ លោក សម រង្ស៊ី បានបន្តទទួលរងនូវការចោទប្រកាន់​ និងកាត់ទោសឱ្យជាប់ពន្ធនាគារ និងបង់ពិន័យជាដើម ។ យ៉ាងណា ក៏មានការធ្វើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលជាហេតុធ្វើឱ្យលោក សម រង្ស៊ី ដើរចេញពីប្រធានអតីតគណបក្សសង្គ្រោះជាតិ ព្រោះច្បាប់ មិនអនុញ្ញាតឱ្យអ្នកមានទោសធ្វើជាប្រធានគណបក្ស ។

បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ឈ្នះនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ជាង ៥ពាន់នាក់ កាលពីឆ្នាំ ២០១៧ កន្លងទៅលោក កឹម សុខា ប្រធាននៃអតីតគណបក្សនេះ ក៏ត្រូវទទួលរងការចោទប្រកាន់ ជាហេតុធ្វើឱ្យគណបក្សនេះ ត្រូវបានរំលាយ ។

បើទោះបីជាបែបណាក្ដី លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ តែងតែអះអាងថា លោក ជាមួយនឹងលោក កឹម សុខា នៅតែជាមនុស្សតែមួយ ។

តែយ៉ាងណា គេមិនទាន់ឃើញមានការអះអាងបែបណាពីលោក កឹ​ម សុខានៅឡើយនោះទេ រឿងជំហជាមនុស្សតែមួយជាមួយលោក សម រង្ស៊ី ឬអត់ ។

លោក សម រង្ស៊ី ធ្លាប់អះអាងថា បើលោក កឹម សុខា និយាយថាបែកលោក នោះអាជ្ញាធរនឹងដោះលែងលោក កឹម សុខា ភ្លាមៗ ។

មកដល់ពេលនេះ លោក សម រង្ស៊ី អះអាងតាមរយៈវីដេអូនៅលើទំព័រហ្វេសបុករបស់លោកថា ខណៈពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបំបែកបំបាក់លោក កឹម សុខា ចេញពីលោក ។

លោក សម រង្ស៊ី សរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួននៅយប់ថ្ងៃទី ២៨ វិច្ឆិកាថា សម្ដេច ហ៊ុន សែន កំពុងតែរកល្បិច បំបែក កឹម សុខា ពី សម រង្ស៊ី ក្នុងគោលបំណងគេចវេស ពីសម្ពាធសហភាពអឺរ៉ុប ដែលតម្រូវឲ្យមានការរៀបចំឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ជាងនេះលោកបន្ថែមថា សម្ដេច ហ៊ុន សែន មិនអាចបំបែកបំបាក់លោក និងលោក កឹម សុខាបានឡើយ ។

កាលពីថ្ងៃទី ២២ វិច្ឆិកា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិតទៅប្រធានស្តីទីគណបក្សសិទ្ធិមនុស្សពីការយល់ព្រមពន្យារពេលឱ្យគណបក្សនេះបំពេញតាមលក្ខខណ្ឌដែលកំណត់ ដោយច្បាប់ស្ដីគណបក្សនយោបាយ ។ ការពន្យារនេះក្រសួងទុកពេលឱ្យបក្សបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំរបស់គណបក្សទៅក្រសួងមហាផ្ទៃ ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងបណ្ដាញសង្គមតេលេក្រាមថា មិនមាននរណា បំបែកបំបាក់លោក សម រង្ស៊ី ពីលោក កឹម សុខានោះទេ តែអ្នកនយោបាយទាំងពីរនេះ គឺបែកបាក់ដោយខ្លួនឯងយូរមកហើយ ។ យ៉ាងណា លោកបន្ថែមថា លោក សម រង្ស៊ី ខ្លាចបែកពីលោក កឹម សុខា និងខ្លាចលោក កឹម សុខា ទៅបង្កើតគណបក្សថ្មីមួយទៀត ។

អ្នកវិភាគលើកឡើងថា ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ គួរប្រយ័ត្នប្រយ៉ែងរឿងចែកផ្លូវនយោបាយគ្នា ព្រោះនឹងធ្វើឱ្យអ្នកនយោបាយអតីតបក្សប្រឆាំងនេះនឹងចុះខ្សោយ ៕

Share

ព័ត៌មានទាក់ទង

Image