ប្រទេសឈានមុខគេសេដ្ឋកិច្ចនៅអាស៊ីខាងកើតទាំងចិននិងកូរ៉េខាងត្បូង កំពុងសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីជាមួយនឹងកម្ពុជា។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូងបានចាប់ផ្តើមសិក្សាអំពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នាមួយ ដើម្បីពិនិត្យមើលលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ Free Trade Agreement (FTA) រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង KBS។
កញ្ញាពៅនិកាជូនសេចក្ដីប្រែសម្រួល៖
នៅថ្ងៃអង្គារទី២៦វិច្ឆិកានេះ លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានប្រកាសគម្រោងសិក្សាស្រាវជ្រាវរួមគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីទីទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាស៊ានលើកទី៣០ ដែលរៀបចំឡើងនៅទីក្រុង Busan នៃកូរ៉េខាងត្បូង ដែលសម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជាបានខកខានចូលរួមកិច្ចប្រជុំអាស៊ាននេះព្រោះម្ដាយក្មេករបស់សម្ដេចឈឺធ្ងន់។
កូរ៉េខាងត្បូង ជាប់ក្នុងលេខរៀងទី៥ បន្ទាប់ពីជប៉ុន ក្នុងចំណោមប្រទេសចំនួន១០ ដែលបានវិនិយោគទុនផ្ទាល់ច្រើនបំផុតនៅកម្ពុជា ដែលទឹកប្រាក់នៃការវិនិយោគទុនរបស់ប្រទេសមួយនេះស្មើនឹង ៦.៥ភាគរយនៃចំនួនទឹកប្រាក់សរុបប្រមាណ ២,៥៤៨ លានដុល្លារអាមេរិកនៃលំហូរវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមឆ្នាំ២០១៧។
ចំណែកប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់តំណែងជាទីផ្សារធំសម្រាប់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗនេះថា កម្ពុជា នឹងចិន បានកំណត់ យក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាជាលើកដំបូង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ។ ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីសំខាន់ ក្នុងការចរចានេះ បានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចចរចានេះឱ្យសម្រេចបានផ្លែផ្កា។
របាយការណ៍ពាណិជ្ជកម្ម បានឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ៧.៤០០លានដុល្លារអាមេរិក នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ប្រមាណ ១.៤០០ លានដុល្លារអាមេរិក កើនឡើង ៣៧% ខណៈដែលចិននាំចូលមកកម្ពុជាវិញ មានប្រមាណ ៦ពាន់លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរក៏ធ្លាប់មានគោលដៅ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ ពាន់ដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២៣ខាងមុខផងដែរ។កម្ពុជារំពឹងថាឱនភាពជញ្ជីងពាណិជ្ជម្មនេះនឹងកាត់បន្ថយបានច្រើននៅពេលដែលមានកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជានិងចិនជាពាណិជ្ជកម្មដោយសេរីដែលលុបបំបាត់បានច្រើននូវរបាំងគយ។
នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាគោលនយោបាយលោកចាន់សុផលបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ជុំវិញការដែលកម្ពុជា ចិន រៀបចំបង្កើតកិច្ចព្រមព្រៀងនឹងគ្នាថាវាមានឩបសគ្គសម្រាប់កម្ពុជាក្នុងការនាំចេញនូវផលិតផលកសិកម្មទៅចិនតែប្រហែលFTAអាចដោះស្រាយបញ្ហានេះបាន។
សូមបញ្ជាក់សន្ទុះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តមានសក្តានុពលខ្ពស់ ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបន្តស្ថិតក្នុងអត្រា ៧ភាគរយ សម្រាប់ឆ្នាំ២០១៩ នេះបើយោងតាមធនាគារពិភពលោក។ ធនាគារពិភពលោក បានកត់សម្គាល់ថា គោលនយោបាយស្តីពីការបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មបែបសេរីរបស់កម្ពុជា បានទាក់ទាញលំហូរវិនិយោគទុនផ្ទាល់ពីបរទេស ឬ Foreign Direct Investment (FDI) ជាបន្តបន្ទាប់ ដែលមានទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨។
រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយទាក់ទាញក្រុមវិនិយោគិនបរទេសមកកម្ពុជាជាពិសេសកសិកម្មសម្រាប់នាំចេញ។
យ៉ាងណាក្ដីមជ្ឈដ្ឋានសង្កេតឃើញថាកម្ពុជាខណៈកម្ពុជាបោះជំហានទៅមុខលើវិស័យពាណិជ្ជកម្មទ្វេភាគីក៏ចំពេលកម្ពុជាត្រូវបានសភាពាណិជ្ជកម្មអឺរ៉ុបដាក់ឱសានវាទ១២ធ្នូឱ្យពិចារណារឿងពន្ធអនុគ្រោះជាង៦០០លានដុល្លារក្នុងមួយឆ្នាំដែលទទួលបានកូតានាំទនិញទៅលក់នៅអឺរ៉ុបក្នុងឋានៈកម្ពុជាជាប្រទេសអភិវឌ្ឍតិចតួច។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ឱ្យត្រៀមចំពោះការបាត់បង់EBAដែលទោះលោកថាកម្ពជាមិនចង់បាត់នោះទេ តែវាធ្វើឱ្យកម្ពុជាថ្លៃថ្នូរជាងគេគម្រាមយកអធិបតេយ្យដូរនឹងជំនួយ បើចំណេញតិចជាងមុនក្ដី។
សូមបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ ហៅថា FTA មានន័យថា គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសនិងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ចំណែក EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ ទំហំពាណិជ្ជកម្មកម្ពុជា និង អឺរ៉ុប ដែលហក់ឡើងខ្ពស់នៅឆ្នាំ ២០១៨ គឺជាង ៥០០០ លានដុល្លារ ហើយក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារអឺរ៉ុបកើនឡើងជាង ៤០០០ លានដុល្លារ។ ប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ច និង ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចនឹងឈរទ្រឹង ឬ ធ្លាក់មកក្រោម ៧ ភាគរយវិញ ប្រសិនបើបាត់បង់ EBA ។
តែយ៉ាងណាពេលនេះកម្ពុជានិងភាគីចិន រួមនឹងកម្ពុជានិងភាគីសាធារណរដ្ឋកូរ៉េកំពុងសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀងម្យ៉ាងទៀតដែលពិសេសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ។ ខណៈកម្ពុជាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនិងចិនគឺកម្ពុជាក៏កំពុងឈានទៅរកការបាត់EBAដែរតែវៀតណាមឯណោះវិញបានចុះកិច្ចព្រមព្រៀងរួចហើយពាណិជ្ជកម្មសេរីនឹងសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេសំរាប់តំបន់អាស៊ីអាគ្នេយ៍និងសម្រាប់កម្ពុជា៕