យោងតាមលទ្ធផលបោះឆ្នោត នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាស្រុក ចំនួន ១៨ស្រុក និងខណ្ឌនៃដែនដី រដ្ឋបាលស្វ័យត ក្រុងហុងកុងនៅក្រោម របបគ្រប់គ្រង ប្រទេសមួយប្រព័ន្ធ២ ដែល បក្សកុម្មុយនិស្តចិនបានដាក់ចុះអោយអនុវត្តចាប់តាំងពីអាណានិយគមអង់គ្លេស ប្រគល់អោយ នៅឆ្នាំ១៩៩៧ បានបង្ហាញថា ពលរដ្ឋហុងកុងបានសម្រេចទាត់ចោល ប្រព័ន្ធត្រួតត្រារបស់ចិន។
តាមការចុះផ្សាយរបស់ សារព័ត៌មានហុង RTHK បានអោយដឹងថាបេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ បេក្ខជនលំអៀងក្រុងប៉េកាំង ដោយឈ្នះ៩០ភាគរយ ក្នុងការកាន់កាប់ ១៧ស្រុកខណ្ឌ លើ ១៨ស្រុកខណ្ឌនៃដែនដីហុងកុង។ នៅក្នុងការបោះឆ្នោតអាណត្តិមុននៅឆ្នាំ២០១៥ សមាជិកជាប់ឆ្នោតភាគច្រើន ជាអ្នកស្និទ្ធនឹងទីក្រុងប៉េកាំង។
ប្រជាជនហុងកុងចំនួន៤លាន១០ម៉ឺននាក់ដែលមានសិទ្ធិបោះឆ្នោត បាននាំគ្នាតម្រង់ជួរនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកចំនួន៤៥២អសនៈនៃស្រុកទាំងអស់១៨ ។ បេក្ខជនដែលចូលរួមប្រជែងអាសនៈក្រុមប្រឹក្សានេះមានចំនួន១០៩០នាក់។
ក្រុមប្រឹក្សាស្រុក ដែលនៅជាប់ផ្ទាល់នឹងប្រជាជនហុងកុង មានតួនាទីបម្រើសេវាកម្មសម្រាប់ដោះស្រាយបញ្ហាកម្រិតសហគមន៍ដូចជាការងារដឹកជញ្ជូន និងសេវាកម្មសាធារណនានា និងសន្តិសុខ ក្រុង។
ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលដែលទីក្រុងហុងកុងធ្លាក់ក្នុងវិបត្តិ ប្រព័ន្ធ២ ប្រទេសមួយ ដោយសារបាតុកម្មរយៈ៦ខែមកនេះ។ បានតុកម្មនេះ ផ្ដើមពីការទាមទារឲ្យដកចេញសេចក្ដីស្នើច្បាប់ធ្វើបត្យាប័ន បាតុករក៏រាលដាលកាន់តែធំ និងប្រែទៅជាការតវ៉ាប្រឆាំងចិន និងការស្នើឲ្យមានការពង្រឹងសេរីភាព ក៏ដូចជាប្រជាធិបតេយ្យនៅទីក្រុងនេះឡើងវិញ។
តាមលទ្ធផលនេះ គឺជាវាយសំពង ដ៏ធ្ងន់ធ្ងរមួយ ទៅលើ បក្សកុម្មុយនិស្តចិន ដែលព្យាយាម ប្រើឥទិ្ធពល លើដែនដីមួយដែលមាន របបប្រជាជាធិបតេយ្យសល់ពីសម័យអាណានិគមអង់គ្លេស។
ប្រធានប្រតិបត្តិតំបន់រដ្ឋបាល ហុងកុង លោកស្រី ការី ឡាំ ដែល ពលរដ្ឋហុងកុង ធ្វើបាតុកម្ម ប្រឆាំងលោកស្រី គឺលោកស្រី បានចេញទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យ Raimondi ។ ស្ត្រីកម្មាភិបាល ចិន រូបនេះ បានធ្លោយសំដីថា ពលរដ្ឋជាច្រើនសង្ឃឹមពីការបន្តភាពស្ងប់ស្ងាត់ឡើងវិញ នៅក្រោយការបោះឆ្នោត។
ទីក្រុងហុងកុង បានធ្លាក់ចូលវិបត្តិដ៏ធំរបស់ខ្លួនតាំងពីខែមិថុនា ក្រោយរដ្ឋាភិបាលលោកស្រី ខាឡាំ ដាក់ស្នើសេចក្ដីស្នើច្បាប់បត្យាប័នសុំសិទ្ធិពីសភាហុងកុង បញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅលើទឹកដីចិន។ ដោយសារហេតុនេះ ពលរដ្ឋហុងកុងរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ា ប្រឆាំងនឹងប្រព័ន្ធតុលាការមួយដែលក្រុងប៉េកាំងនៅពីក្រោយ ដែលនាំអោយ ផ្ទុះហិង្សាមកដល់ពេលនេះ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសចិន លោកវាំងយី ដែលបានដឹងថា បេក្ខជនលំអៀង ក្រុងប៉េកាំង ចាញ់ឆ្នោតយ៉ាងអាម៉ាស់ លោក បាននិយាយដែលទំនងលួងចិត្តខ្លួនឯងថា មិនជាបញ្ហាអ្វីទេ ទោះជាលទ្ធផល បានស្ដែងអោយឃើញយ៉ាងនេះក្ដី ។
តែអ្នកសង្កេតការណ៍យល់ថានេះ ជាសារនយោបាយមួយដ៏រឹងមាំរបស់ប្រជាជនក្រុងហុងកុង ដែលបញ្ជាក់ប្រាប់ក្រុងប៉េកាំងថា បាតុកម្មកន្លងមកនេះ គឺមិនមែនជាការឥតប្រយោជន៍នោះទេ ព្រោះ សេរីភាព និងឆន្ទៈរបស់ពលរដ្ឋនៃដែនដីអតីតក្រោមអាណានិគមអង់គ្លេស បានស្ដែង តាមរយៈនៃការបោះឆ្នោតក្រុមប្រឹក្សាស្រុកខណ្ឌដូចនេះហើយ ដែលឆ្លុះបញ្ចាំងអោយឃើញថា អ្នកប្រជាធិបតេយ្យនៅហុងកុងដណ្ដើមបានអំណាចមូលដ្ឋាន បានហើយ៕
ពៅនិកា