ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យនៅកម្ពុជានៅអាណត្តិទី ៦ នេះ ស្ទើតែនឹងដល់ចំណុចសូន្យ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលសម្ដេច ហ៊ុន សែន ថាកម្ពុជាអនុវត្តប្រជាធិបតេយ្យបានយ៉ាងខ្ជាប់ខ្ជួន ។ អ្នកវិភាគថា កម្ពុជាមានការរិតត្បិតប្រជាធិបតេយ្យ ហើយគួរពិចារណា អំពីការអះអាងរបស់ខ្លួនថាកម្ពុជាមានប្រជាធិបតេយ្យ តែអន្តរជាតិធំៗមិនទទួលស្គាល់ ។
រាយការណ៍ដោយ លោក សោម លាភ
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ ២០១៧ មុនការបោះឆ្នោតសភានីតិកាលទី ៦ បញ្ជាក់ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា អាណត្តិនេះ ខណៈដែលរដ្ឋសភាមានតែបក្សមួយ គឺការអនុវត្តន៍ប្រជាធិបតេយ្យស្ទើស្មើនឹងសូន្យ ។
ជាការកត់សម្គាល់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនថា ស្ថានភាពនៃការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជាមិនមានភាពល្អប្រសើរឡើយ ។ បែបនេះ គឺក្រោយពេលដែមានការបោះឆ្នោតសភាជាតិនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដោយបិទមិនឱ្យអតីតគណបក្សប្រឆាំងធំជាងគេចូលរួម បើទោះបីជាការបោះឆ្នោតនោះមានការចូលរួមពីគណបក្សនយោបាយរហូតដល់ទៅ ២០ គណបក្ស ។
តែយ៉ាងណា លទ្ធផលនៃការបោះឆ្នោតសភានីតិកាលទី ៦ ដែលមានតែគណបក្សប្រជាជនកម្ពុជាប្រមូលបានកៅអីទាំងអស់ក្នុងរដ្ឋសភា មន្ត្រីនៃគណបក្សនេះតែងតែអះអាងថា ជោគជ័យដ៏មហិមា មិនធ្លាប់មានពីមុនមក ។
រឿងរ៉ាវមុនការបោះឆ្នោតសភានីតិកាលទី ៦ និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី ៥ គឺមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រមិនតិចជាង៣ លាននាក់នោះទេ ក្រោមបណ្ដឹងរបស់គណបក្សពីរ គឺគណបក្សយុវជនកម្ពុជា និងគណបក្សហ្វុនស៊ិនប៉ិច ។
យ៉ាងណាដំណែងទាំងអស់ក្នុងរដ្ឋសភា ៥៥ អាសន្នៈ និងក្រុមប្រឹក្សាឃុំសង្កាត់ ៥០០៧ នាក់ ត្រូវបានមោឃភាពចោលទាំងអស់ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះ មិនមានសិទ្ធិធ្វើនយោបាយ នឹងមានការឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ដល់មន្ត្រី និងសកម្មជនផងដែរ ។
ការរំលាយអតីតគណបក្សប្រឆាំងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌រំលឹកជាថ្មីម្ដងទៀតថា មិនមែនដោយសារតែលោក កឹម សុខា តែម្នាក់នោះទេ ពោលគឺដោយសារមន្ត្រីជាន់ខ្ពស់ជាច្រើននៃអតីតគណបក្សនេះ ។
មូលហេតុនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ដែលសហគមន៍អន្តរជាតិមួយចំនួនថា មិនមានភាពល្អប្រសើរនោះ ជាដើមហេតុមួយដែលសហរដ្ឋអាមេរិក ស្នើឱ្យស្ដារការអនុវត្តន៍ឡើងវិញ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិជាដើម ។
ដោយឡែកសហភាពអឺរ៉ុប ក៏យករឿងនៃការអនុគ្រោះពន្ធនាំចូលទំនិញដោយមិនយកពន្ធសូម្បីមួយកាក់ មួយសេនមកចរចាឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋផងដែរ ។
ចំពោះការនាំចូលទៅទីផ្សារធំៗសម្រាប់កម្ពុជាទាំងពីរនេះ ធ្វើឱ្យកម្ពុជាចំណេញបានប្រហែល ១០០០លានដុល្លារក្នុងមួយឆ្នាំ ឬប្រមាណ៣ លានដុល្លារក្នុងមួយថ្ងៃ ។
បើទោះបីជាបែបណាក្ដី ថ្នាក់ដឹកនាំកំពូលនៃកម្ពុជាថា កម្ពុជាអនុវត្តន៍ប្រជាធិបតេយ្យ តាមស្ដង់ដាររបស់កម្ពុជា មិនមែនតាមអ្វីដែលអន្តរជាតិទទួចនោះទេ ក្នុងនាមកម្ពុជាជារដ្ឋឯករាជ្យ ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ម្ដងទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ មានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់ មានប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនជាដើម ថាកម្ពុជាបច្ចុប្បន្ន ប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ និងត្រឹមត្រូវ ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយនៅកម្ពុជាថា យន្តការនៃការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជាមានការរឹតត្បិត ទើបអន្តរជាតិបង្ហាញការព្រួយបារម្ភ ។ លោកថាកម្ពុជាគួរពិចារណាអំពីការអះអាងថា អំពីការអនុវត្តន៍ច្បាប់ និងប្រជាធិបតេយ្យរបស់កម្ពុជា តែអន្តរជាតិមិនទទួលស្គាល់ ។
ជារឿយៗ មន្ត្រីជាន់ខ្ពស់កម្ពុជាតែងតែអះអាងថា កម្ពុជាមិនប្ដូរអធិបតេយ្យភាពរបស់ខ្លួនជាមួយនឹងជំនួយ ឬការអនុគ្រោះពន្ធនោះទេ ៕