en     km
en     km

កម្ពុជា ឡាវ ថៃ វៀតណាម នឹងប្រឈមគ្រោះរាំងស្ងួតអូសបន្លាយខ្លាំងដល់ដើមឆ្នាំ២០២០

Share

ភាពធ្ងន់ធ្ងរជាខ្លាំងនៃគ្រោះរាំងស្ងួតត្រូវបានគេព្យាករណ៍ថានឹងកើតមានឡើងនៅប្រទេសជុំវិញទន្លេមេគង្គចំនួនបួនដែលរួមមាន កម្ពុជា ឡាវ ថៃ និង វៀតណាម ដែលរាប់ចាប់ពីខែមករាតទៅ។ អ្នកជំនាញបានព្រមានកាលពីថ្ងៃអង្គារថា វានឹងធ្វើឱ្យមានការគម្រាមកំហែងផលិតកម្មកសិកម្ម។

គណកម្មការដងទន្លេមេគង្គ បានចេញសេចក្ដីថ្លែងការណ៍ថា ភាពរងស្ងួតបានធ្វើឱ្យកម្ពស់ទឹកនៅចំនុចសំខាន់មួយចំនួននៃដងទន្លេមេគង្គចុះទាបជាខ្លាំងក្រោយរយៈពេល៦០ឆ្នាំហើយ​ហើយគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងចាប់ពីពេលនេះរហូតដល់ខែមករាឆ្នាំ២០២០។ចំណែកប្រទេសកម្ពុជា និង ថៃ នឹងជាប្រទេសរងការវាយប្រហារនេះខ្លាំងជាងប្រទេសឡាវនិងវៀតណាម។គណៈកម្មការដងទន្លេមេគង្គហៅកាត់ MRCបាន ព្រមានថា គ្រោះរាំងស្ងួតបន្តវាយប្រហារលើបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលនឹងបណ្តាលឲ្យផលិតផលដំណាំប្រឈមនឹងហានិភ័យ ដោយសារកង្វះខាតទឹកស្រោចស្រព។

ការព្រមាននេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យរយ:ពេល៣ខែ នៃការវិភាគ ដែលផ្តោតលើប្រូបាប និងកម្រិតនៃភាពរាំងស្ងួត រួមទាំងទឹកភ្លៀងដោយធៀបទៅនឹងទិន្នន័យឆ្នាំចាស់ ហៅថា សន្ទស្សន៍ស្តង់ដារទឹកភ្លៀង (SPI) និងកម្រិតស្ងួតនៃស្រទាប់ខាងលើដី ហៅថាសន្ទស្សន៍គ្រោះរាំងស្ងួតរួមគ្នា (CDI) នៅតាមបណ្តាប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។មូលហេតុនៃការរាំងស្ងួតនៃត្រូវបានគេវិភាគថាមកពីកង្វក់របបទឹកភ្លៀងនៅក្នុងរដូវវស្សាហើយនឹងភាពមិនទៀងទាត់នៃរដូវនេះផងដែរ គួបផ្សំនឹងការមកដល់នូវបាតុភាពអ៊ែលនីណូធ្វើឱ្យមានការកើនឡើងនូវកម្ដៅជាខ្លាំង​និងរំហួតខុសប្រក្រតី។

ប្រសិនបើ អាកាសធាតុស្ងួតរយ:ពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម ព្រមទាំងអាចជួបបញ្ហាកង្វះទឹកប្រើប្រាស់កើតមាន ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត។

យោងតាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ បង្ហាញថា តំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមនឹងរងផលប៉ះពាល់នៃគ្រោះរាំងស្ងួតក្នុងសភាពកាន់តែធ្ងន់ធ្ងរឡើងចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២០ ដោយនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀង។

តំបន់ភាគខាងជើង និងតំបន់ឥសាននៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃ ឡឺយ ណុងបូឡាំភូ ឧដនថានី ខនកែន ឆាយ៉ាភូមិ សាកនណាខន ណាខនរ៉ាត់ឆាសីម៉ា បុរីរាំ មហាសារខាំ សុរិន និងស៊ីសាកេត ខណៈប្រទេសកម្ពុជា រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរៀប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត។

ចំណែក តំបន់ភាគកណ្តាល និងខាងជើងនៃប្រទេសឡាវ រួមមានខេត្តវៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និងខេត្តលួងប្រាបាង ក៏នឹងរងផលប៉ះពាល់នេះផងដែរ ប៉ុន្តែតិចតួចជាង ខណៈមិនមានសញ្ញាបង្ហាញពីគ្រោះរាំងសូតនៅដែនដីសណ្តរមេគង្គនៃប្រទេសវៀតណាម ដែលលំហូរនៃទឹកប្រែអាចនឹងក្លាយជាបញ្ហាបង្កជាហានិភ័យខ្លះៗដល់ដំណាំកសិកម្ម។

នៅកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីនេះរហូតដល់ខែឧសភា កម្ពុជានឹងជួបវិបត្តិខ្វះភ្លើងអគ្គិសនីប្រើប្រាស់ជាថ្មីទៀត។លោកនាយករដ្ឋមន្រ្ដីបានស្នើសុំឱ្យមានការយោគយល់អត់ធ្មត់ទម្រាំរដ្ឋមានថាមពលអគ្គិសនីឡើងវិញ ដោយលោកបានពន្យល់ពីស្ថានភាពខ្វះទឹកប្រើប្រាស់ជាថាមពលអគ្គិសនី។កម្ពុជាបច្ចុប្បន្នអាចផ្គត់ផ្គង់ភ្លើងបានចន្លោះពី១៨០ ទៅ៦៨៧ ម៉ាហ្កាវ៉ាត់។

សូមជម្រាបថាគណៈកម្មាករដងទន្លេមេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាអង្គការអន្ដររដ្ឋាភិបាលដែលធ្វើការដោយផ្ទាល់នឹងរដ្ឋាភិបាលទាំង៦ប្រទេសដើម្បីចែករំលែកធនធានទឹកនិងនិរន្ដភាពការអភិវឌ្ឍទន្លេមេគង្គ៕

ដោយ៖ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image