របាំសហស្សសម័យមួយ ដែលបានបង្ហាញក្នុងកម្មវិធីខួប៣០ឆ្នាំនៃអង្គការបន្ទាយស្រី កាលពីពេលថ្មីៗនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ របាំមួយនេះមិនត្រឹមតែបង្ហាញពីទស្សនីយ៍ភាពល្អមើលប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការបង្ហាញពីកិត្យានុភាពរបស់ស្ត្រី ថាពួកនាងមិនត្រឹមតែស្ត្រីមេផ្ទះ ធ្វើតែការងារបោសសម្អាតនោះទេ ប៉ុន្តែពួកនាងអាចធ្វើការសង្គមបានដូចបុរសថែមទៀតផង។
ចង់ជ្រាបកាន់តែច្បាស់សូមស្តាប់ បទយកការណ៍ដែលរៀបចំដោយកញ្ញា ឆេង ណាតាដូចទៅ៖
សំឡេងហ៊ោគាំទ្រ យ៉ាងរំពងបានបន្លឺឡើង បន្ទាប់ពីនារីបួននាក់ បានសម្តែងរបាំសហស្សសម័យមួយប្រភេទ ដែលមានលក្ខណៈខុសប្លែកពីគេ និងមិនធ្លាប់ឃើញកន្លងមក។ របាំមួយនេះ គេមិនសូវឃើញសម្តែងឡើយនៅក្នុងកម្មវិធីផ្សេងៗ ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍នានា។ របាំមួយនេះ គឺជាប្រភេទរបាំដែលមានក្បាច់រាំសម័យថ្មី ប៉ុន្តែបង្កប់ន័យសិល្បៈខ្មែរបុរាណ ហើយវាគឺជាគំនិតច្នៃប្រឌិតរបស់របស់សិល្បៈករខ្មែរសម័យថ្មី ដែលបង្កប់អត្ថន័យ ចង់បង្ហាញភាពអង់អាចរបស់ស្ត្រី និងពង្រឹងនូវសិទ្ធិអំណាចរបស់ស្ត្រី តាមរយៈក្បាច់រាំនេះ។
កញ្ញា ឃុន ស្រីនាង ជាប្រធានក្រុមសិល្បករថ្មីនៃកម្ពុជាឬ New Cambodian Artists បានប្រាប់ឱ្យដឹងថា របាំសហស្សសម័យនេះមានឈ្មោះថា Sweep away ។ កញ្ញាថា អត្ថន័យនៃរបាំនេះគឺចង់បង្ហាញពីការតាំងចិត្តមោះមុត របស់ស្ត្រីក្នុងការធ្វើកិច្ចអ្វីមួយ និងឆ្លុះបញ្ចាំងពីសក្តានុពលស្ត្រី ឱកាស និងសមត្ថភាពរបស់ស្ត្រីក្នុងការប្រឡូកក្នុងកិច្ចការងារសង្គម។
ស្រីនាងប្រាប់ទៀតថា៖ «ដូចដែលបានឃើញអញ្ចឹងពីដំបូងឡើយ គឺគាត់ធ្វើកិច្ចការផ្ទះដោយបោស សម្អាតអីអញ្ចឹង ប៉ុន្តែនៅក្នុងអំឡុងពេលហ្នឹងក៏គាត់មាន ក្តីស្រម័យថាគាត់ចង់ធ្វើជាអ្នករបាំ គាត់ចង់រាំ ចង់ធ្វើអ្វីផ្សេង ក្រៅពីកិច្ចការនៅក្នុងផ្ទះ។ អញ្ចឹងចុងបញ្ចប់នៃរបាំហ្នឹងគាត់បានទម្លាក់អំបោសចុះ ដើម្បីបង្ហាញថាគាត់ប្តេជ្ញាថាគាត់ចង់ធ្វើកិច្ចការ តាមក្តីស្រម៉ៃរបស់គាត់ អញ្ចឹងគាត់បានក្លាយទៅជាអ្នករាំ អ្នកច្រៀង នៅសម័យទសវត្ស៦០ អាហ្នឹងជាអ្វីដែលគាត់ខ្ញុំចង់បង្ហាញថា ស្ត្រីយើងក៏មានឱកាស និងសមត្ថភាពធ្វើការងារផ្សេងទៀតនៅក្នុងសង្គមផងដែរ»។
«ភ្លេងហ្នឹងគឺយើងប្រើទូទាំងជុំវិញពិភពលោកតែម្តង មានទាំងចិន តៃវ៉ាន់ អង់គ្លេសមានទាំងអីអញ្ចឹង ខ្ញុំអត់ប្រកាន់ថាបទភ្លេងខ្មែរសុទ្ធទើបពួកខ្ញុំរាំ គឺពួកខ្ញុំជ្រើសរើសទាំងអស់ ដោយហេតុថាសម័យឥលូវសម័យភាវូបពាណិជ្ជកម្ម អញ្ចឹងស្អីក៏អាចចូលគ្នាទៅវិញទៅមកបានដែរ ណាមួយរបាំសហសម័យហ្នឹងវាទូលាយ»។ កញ្ញា ឱ្យដឹងបន្ថែម។
អ្នករបាំដែលមានសម្បុរស កម្ពស់សមល្មមជាស្ត្រីខ្មែររូបនេះ បានរៀបរាប់ឱ្យដឹងដែរថា របាំនេះទើបនឹងបង្កើតឡើងនៅឆ្នាំ២០១២ ដោយជនជាតិហូឡង់ម្នាក់ ។ កញ្ញាថា ទម្រង់របាំដែលមានលក្ខណៈប្លែកខុសពីគេនេះ បង្កើតឡើងដោយសារមើលឃើញពីភាពលំបាករបស់ស្ត្រីដែលធ្វើការងារជាអ្នកធ្វើបោសសម្អាត៖ «បង្កើតស្នាដៃហ្នឹងឡើង គឺមុនដំបូងនៅខាងក្រោយកន្លែងដែលពួកខ្ញុំហាត់ ឃើញសុទ្ធតែស្ត្រីដែលគាត់ធ្វើការទាក់ទងនឹងការបោសសម្អាត អញ្ចឹងធ្វើឱ្យពួកខ្ញុំឃើញគាត់រាល់ថ្ងៃទៅ មានអារម្មណ៍ថាគួរតែអាចបង្កើតអ្វីមួយ ទាក់ទងជាមួយនឹងគាត់អញ្ចឹងពួកខ្ញុំក៏បានបង្កើតស្នាដៃហ្នឹងឡើង។ ហើយផងដែរនៅក្នុងឆ្នាំនេះកាលពីថ្ងៃ៨ មិនា ពួកខ្ញុំបានអញ្ចើញពួកគាត់ឱ្យទៅទស្សនាដែរ ដើម្បីបង្ហាញថា មិនមែនថាយើងរើសអើងការងារគាត់ទេ ប៉ុន្តែលើកតម្កើងគាត់ ថាគាត់ជាស្ត្រីគាត់មានការអង់អាច មានការធ្វើកិច្ចអ្វីមួយអ្វីមួយបានច្រើន ប៉ុន្តែក៏ចង់ឱ្យពួកគាត់ផ្តល់ឱកាសដល់កូនស្រីគាត់ផ្សេងទៀតបើសិនកូនគាត់នៅតូចឱ្យបណ្តុះឱ្យកូនគាត់ហ្នឹងមានឱកាសចូលរួមការងារសង្គមឱ្យបានច្រើន»។
កញ្ញាឃុន ស្រីនាង បន្ថែមថា របាំនេះធ្លាប់បានសម្តែងក្នុងវេទិកាអង្គការនានាបួនប្រាំដងរួចមកហើយ ហើយក៏ធ្លាប់ទទួលបានការកោតសរសើរ និងទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា ផងដែរ។ កញ្ញានិយាយថា របាំនេះមិនទាន់មានអ្នកណាចេះរាំនោះទេ មានតែក្រុមរបស់កញ្ញា ដែលមានសមាជិក៥នាក់នេះតែប៉ុណ្ណោះ។ កញ្ញាឃុន ស្រីនាង រៀបរាប់ថា ការហាត់របាំនេះមានការលំបាកខ្លាំង ដោយសារតែការហាត់ត្រូវការកម្លាំងខ្លាំង។
ក្នុងទឹកមុខញញឹមពព្រាយ អ្នករបាំដែលមានរាងស្រឡូនរូបនេះ បានប្រាប់ថាកញ្ញាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានរួមចំណែកក្នុងការពង្រឹងសិទ្ធិស្ត្រី តាមរយៈការរាំរបាំនេះ ។«អ្វីដែលពួកខ្ញុំចង់បានដែរព្រោះក្រុមពួកខ្ញុំគឺក្រុមស្ត្រីសុទ្ធ មានគ្នា៥នាក់លើកលែងតែ អាធិសស្ទីកហ្នឹងមួយដែលគាត់ជាប្រុស អញ្ចឹងអ្វីដែលពួកខ្ញុំចង់ធ្វើ គឺចង់ជួយពង្រឹងសិទ្ធិស្ត្រី តាមរយៈការរាំរបស់ពួកខ្ញុំ»។
ចំណែកសមាជិកម្នាក់ទៀតរបស់ក្រុម សិល្បករថ្មីនៃកម្ពុជា អ្នកស្រីរឿន សារុន បានរៀបរាប់ថា ការហាត់របាំនេះមានការលំបាកខ្លាំង ដោយសារតែត្រូវប្រើបច្ចេកទេសច្រើនក្នុងការហាត់ ប៉ុន្តែដោយសាររបាំនេះជាប្រភេទរបាំមួយថ្មី មិនតែប៉ុណ្ណោះវាបានបង្ហាញពីការលើកកម្ពស់ស្ត្រី ទើបអ្នកស្រីព្យាយាមហាត់រហូតក្លាយបានជាអ្នករបាំសហស្សសម័យមួយរូប ។
អ្នកឯកទេសខាងរបាំប្រពៃណីរូបនេះ បានឱ្យដឹងថា របាំមួយនេះមានលក្ខណៈខុសប្លែកពីរបាំបុរាណ ។ អ្នកស្ត្រីរឿន សារុន បន្តថា លក្ខណៈរបស់របាំបុរាណមិនអាចបើកក្បាច់ឱ្យទូលាយបាននោះទេ ប៉ុន្តែរបាំប្រភេទថ្មីនេះ គេអាចបើកក្បាច់បានយ៉ាងទូលាយ និងអាចដាក់បានទាំងអារម្មណ៍ ទាំងក្បាច់ ហើយថែមទាំងធ្វើឱ្យយើងមានចិត្តរំភើបជាមួយនឹងក្បាច់រាំនេះថែមទៀតផង ។
អ្នកស្រីរឿន សារុន បន្ថែមថា ចំណុចដែលធ្វើឱ្យអ្នកស្រីជាប់ចិត្តក្នុងការហាត់របាំជាងគេ គឺ ត្រង់ឈុតមួយដែលបង្ហាញពីការស្រមើស្រម៉ៃរបស់ស្ត្រី ថាពួកគាត់អាចមានសក្តានុពលធ្វើការងារផ្សេងក្រៅពីការបោសសម្អាតផ្ទះដូចបុរសដែរ ។ «ឈុតដំបូងដែលស្ត្រីគាត់ធ្វើការវក់វីជាមួយនឹងកិច្ចផ្ទះ ក៏ដូចជាខាងក្រៅ អញ្ចឹងគាត់មានកិច្ចការច្រើនណាស់ មកដល់បោសសម្អាត មើលមានតែប៉ុណ្នឹងរាល់ថ្ងៃប៉ុន្តែអ្វីដែលពួកគាត់គិតនឹកស្រម៉ៃរាល់ថ្ងៃ គាត់ចង់ធ្វើអ្វីឱ្យរំភើប ក្នុងចិត្តគាត់ចង់មានភាពសប្បាយ គាត់ចង់បង្ហាញទៅមនុស្សដ៏ទៃថាគាត់មិនមែនចេះតែប៉ុណ្ណឹងទេ គាត់មានក្តីស្រមៃគាត់ច្រើនណាស់»។ អ្នកស្រីនិយាយបន្ថែម។
បើនិយាយពីការបង្ហាញពីសក្តានុពលរបស់ស្ត្រីវិញ ស្ត្រីវ័យ២៦ឆ្នាំរូបនេះ និយាយថា អ្នកស្រីមិនមែនបង្ហាញតែនៅក្នុងក្បាច់រាំនោះទេ ថែមទាំងការរស់នៅ អ្នកស្ត្រីបានអនុវត្តក្នុងជីវិតប្រចាំថ្ងៃផងដែរ ។ អ្នកស្រីថា ពិតមែនតែអ្នកស្ត្រីជាស្ត្រីមេផ្ទះ ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនតូចក៏ដោយ តែអ្នកស្ត្រីអាចចេញទៅធ្វើការរកលុយចិញ្ចឹមគ្រួសារផង និងមើលថែផ្ទះសម្បែងផងបានដែរ។
«គាត់មានការងារនៅកន្លែង គាត់មានការងារ ហើយខ្ញុំមើលកូន ក៏មកធ្វើការអញ្ចឹងទាំងពីរហ្នឹងគាត់អត់អាចមើលងាយយើងបានទេ យើងមិនមែនៅផ្ទះចាំតែស៊ីប្រាក់ខែគាត់ ដេកស៊ីតែកម្លាំងគាត់ទេ។គាត់ក៏ទៅធ្វើ យើងក៏ទៅធ្វើ មកផ្ទះយើងមើលកូនបានថែមទៀត អញ្ចឹងយើងមានចំណុចជាច្រើនដែលលើសគាត់ គាត់ទៅធ្វើការមកផ្ទះវិញហូបបាយហើយដេក ប៉ុន្តែសម្រាប់យើង យើងចង់បង្ហាញថាយើងខ្លាំង។ ….ចង់ប្រាប់គាត់ថា ស្ត្រីយើង គឺយើងមានគំនិតច្នៃប្រឌិតច្រើន អញ្ចឹងសូមឱ្យគាត់ព្យាយាមបន្ត នឹងសកម្មភាព និងទឹកចិត្តរបស់គាត់ ចង់បង្ហាញទៅបុរស ឬស្ត្រីទាំងអស់ឱ្យបានឃើញថាគាត់ពិតជាមានកម្លាំងខ្លាំងផុសចេញពីទឹកចិត្តរបស់គាត់»។
បន្ទាប់ពីទស្សនាការសម្តែងរបាំសហស្សសម័យនេះរួច កញ្ញាហោ ស្រីទន់ បានប្រាប់ថានេះជាលើកទីមួយហើយដែលកញ្ញាបានទស្សនារបាំនេះ ។ កញ្ញានិយាយ របាំនេះមានអត្ថន័យល្អ បង្ហាញពីការអប់រំទៅកាន់ស្ត្រីទូទៅ ថាស្ត្រីត្រូវសម្លឹងមើលឱ្យបានឆ្ងាយ ប្រឡូកចូលសង្គមឱ្យបានច្រើន នោះពួកគាត់នឹងដឹងថា ខ្លួនឯងមានសក្តានុពលអាចធ្វើអ្វីបានទាំងអស់។
ស្របជាមួយគ្នានេះដែរ កញ្ញាហោ ស្រីទន់ ចង់ឱ្យបុរសលើកទឹកចិត្តស្ត្រីឱ្យបានច្រើន ព្រោះថាការលើកទឹកចិត្ត និងការឱ្យតម្លៃស្ត្រី ពីបុរស វាពិតជាសំខាន់ណាស់ វានឹងអាចជំរុញឱ្យស្ត្រីកាន់តែមានចិត្តមោះមុតដើម្បីការងារអ្វីមួយ ។ «ពេលទស្សនារបាំនេះហើយ គឺខ្ញុំអត់ដឹងថារបាំហ្នឹងចង់និយាយពីស្អីទេ មានអារម្មណ៍ថាសើចទៀត ពេលលើកទី២ឃើញគាត់កាន់អំបោស មើលមុខគាត់ហើយកើតទុក្ខ ប៉ុន្តែមួយសន្ទុះក្រោយមកឃើញគាត់រាំ គាត់អីអញ្ចឹងគាត់សប្បាយចិត្ត អញ្ចឹងបានន័យថាគាត់អាចបញ្ចេញសក្តានុពលរបស់គាត់ បន្ទាប់មកទៀតទៅគាត់មានក្បាច់រាំប្លែកហ្នឹង ខ្ញុំមើលឃើញថាអាហ្នឹងគាត់ចង់បង្ហាញថាគាត់អាចធ្វើៗបានទាំងអស់គ្នា មានន័យថាស្ត្រីគាត់អាចធ្វើបាន អញ្ចឹងសក្តានុពលគាត់គឺខ្លាំង។ ចង់មានន័យថាស្ត្រីយើងត្រូវក្លាហាន ហើយផ្តល់កម្លាំងចិត្តឱ្យស្ត្រីទៀត។ ស្ត្រីយើងកុំឱ្យស្ថិតក្នុងបណ្តុំមួយតូច យើងអត់បានមើលទៅខាងក្រៅ ពេលដែលយើងមើលខាងក្រៅហើយ ស្ត្រីយើងហ្នឹងមានកម្លាំងថា យើងក៏ដូចគេដូចឯងដែរ ជាពិសេសអ្នកដែលឡើងបង្ហាញពីចំណាប់អាហ្នឹង គឺគាត់ជាស្ត្រីមួយដែលទន់ខ្សោយទេ ប៉ុន្តែដោយសារតែមានការជម្រុញលើកទឹកចិត្តទៅ គាត់ក្លាយជាស្ត្រីដឹកនាំដ៏ពូកែម្នាក់»។
តាមរយៈក្បាច់រាំដែលបានបង្ហាញមកនេះឃើញថា ទោះបីជាស្ត្រីជាអ្នកធ្វើការងារផ្ទះ កាន់តែអំបោសក៏ដោយ ក៏ពួកគាត់អាចស្វែងរកតម្រូវការរបស់ខ្លួនឯង ហើយក៏អាចចេញទៅក្រៅ និងធ្វើកិច្ចផ្សេងៗទៀតបានដែរ ។ ចំណុចពិសេសនៃក្បាច់រាំដែលបានបង្ហាញនេះ គឺជាសារមួយ បំបែកភាពស្ងៀមស្ងាត់របស់ស្ត្រី ដែលពួកគាត់អាចក្រោកឈរ ទៅធ្វើការងារផ្សេង និងអាចក្លាយជាអ្នកដឹកនាំនៅក្នុងសង្គមបានផងដែរ៕