ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា មានតែការរួបរួមគ្នាជាធ្លុងមួយតែប៉ុណ្ណោះ ទើបអាចស្រោចស្រង់ប្រទេសកម្ពុជា និងឯករាជ្យបាន ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថា នេះជាសារដ៏មានតម្លៃ តែការរួបរួម ចិត្តសណ្ដោស រួមទាំងវប្បធម៌សន្ទនាជាដើម ត្រូវបានលោក សម រង្ស៊ី បំផ្លាញអស់ហើយ ដែលពេលនេះជាពេលអនុវត្តន៍ច្បាប់ ។ កន្លងទៅ បក្សកាន់អំណាច និងអតីតបក្សប្រឆាំងថា គ្មានការចរចាគ្នានោះទេ ។ អ្នកវិភាគ អ្នកតាមដានការវិវត្តសង្គម និងបក្សនយោបាយមួយចំនួនថា កម្ពុជាដល់ពេលចរចាគ្នាហើយដើម្បីផលប្រយោជន៍ជាតិ ។
លោក សោម លាភ រាយការណ៍ ៖
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានចេញព្រះរាជសារបែបនេះ តាមរយៈទំព័រហ្វេសបុករបស់ព្រះអង្គ Royal Du Cambodge កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ការបង្ហាញនូវក្ដីជឿជាក់បែបនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានស្ថានភាពនយោបាយកំពុងតែអាក្រក់ទៅៗ។ ប៉ុន្តែសាររបស់ព្រះអង្គ ធ្វើឡើងចំពេល កម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ។
ព្រះរាជសាររបស់ព្រះមហាក្សត្របានអបអរទិវាបុណ្យឯករាជ្យជាតិ ដោយមានសេចក្ដីដើមដូចនេះថា «ជនរួមជាតិជាទីស្នេហា! ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដ៏ទៃទៀត។អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ ។ អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង »។
ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។»
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ» ។
ដោយឡែក គណបក្សបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញផ្សាយលើគេហទំព័រនៅថ្ងៃទី ៧ វិច្ឆិកាថា អ្នកដឹកនាំនយោបាយ ល្មមដល់ពេលបញ្ចប់នយោបាយគុំកួនហើយ ។
គណបក្សនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ក្រោមការដឹកនាំរបស់ខ្លួនប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប៉ុន្តែការចល័តទ័ព និងការនាំឱ្យប្រទេសជាតិទាំងមូលផ្តោតលើព្រឹត្តិការណ៍ទាក់ទងផែនការវិលត្រឡប់មកវិញ នៃក្រុមមេដឹកនាំនយោបាយមួយចំនួន នាំមកនូវបរិយាកាសភ័យខ្លាច ដែលប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការវិនិយោគផ្សេងៗ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យអ្នកដឹកនាំនយោបាយទាំងពីរក្រុម ប្រើប្រាស់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាទិវាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដែលជាឧត្តមគតិដ៏សំខាន់របស់ព្រះរាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ នរោត្តម សីហនុ ។
ល្មមដល់ពេល អ្នកដឹកនាំនយោបាយកំពូលៗ បញ្ចប់នូវនយោបាយដែលនាំមកនូវគំនុំគុំគួន និងបង្កឱ្យមានការឈឺចាប់ទៅវិញទៅមក និងដែលធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ និងបង្កហានិភ័យដល់ជាតិទៀតទៅ ។
គណបក្សនេះថា គួរងាកមកអនុវត្តវប្បធម៌នយោបាយថ្មី ហើយឯកភាពគ្នាក្នុងការកសាងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ។
លោក ហង្ស វិទូ អ្នកវិភាគនយោបាយ ថ្លែងថា អ្នកនយោបាយ គួរចរចាដើម្បីលទ្ធផលឱ្យឈ្នះទាំងអស់គ្នា មិនមែនឈ្នះចាញ់ឡើយ ដែលលោកថានេះជាអ្វីដែលពលរដ្ឋចង់បាន ។
ការឱ្យដឹងបែបនេះ ស្របពេលដែលកម្ពុជាត្រូវបានគេមើលឃើញថា កំពុងតែមានស្ថានភាពនយោបាយកាន់តែងតឹងតែងខ្លាំង ។
ទាំងអតីតគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច សុទ្ធតែធ្លាប់អះអាងថា មិនចរចាជាមួយគ្នាជាដាច់ខាត ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ព្រះរាជសាររបស់ព្រះក្សត្រ គឺជាសារដ៏មានអត្តន័យសម្រាប់ប្រជាជាតិជាខ្លាំង ។ ប៉ុន្តែលោកថា ការរួបរួមគ្នា ត្រូវបានក្រុមលោក សម រង្ស៊ី ជាអ្នកបំផ្លាញ ខណៈលោកថាសម្ដេច ហ៊ុន សែន បានខិតខំប្រឹងប្រែងកសាងវប្បធម៌សន្ទនា និងការយោគយល់ និងអធ្យាស្រ័យគ្នាយ៉ាងខ្លាំងកន្លងទៅ ។
ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃឯករាជ្យជាតិ ខួបលើកទី ៦៦ ត្រូវបានអ្នកនយោបាយដឹកនាំកម្ពុជាកំណត់ធ្វើជាថ្ងៃដែលអំពាវនាវឱ្យពលរដ្ឋទទួលទានអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ដោយឡែក អ្នកនយោបាយអតីតគណបក្សប្រឆាំងវិញ បានកំណត់ថាជាថ្ងៃធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំជាវិជ្ជមាន ។
ហេតុការណ៍នៃការចាប់ចងទាំងធ្វើឡើងទៅលើសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស នឹងប្រកាសសុំឱ្យបរទេសជួយចាប់ខ្មែរគ្នាឯងនោះ បានបន្តកើតឡើងជាបន្តបន្ទាប់ ។
មកដល់ពេលនេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៧៩នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងចំនួន ១៩៩នាក់ផ្សេងទៀត បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទរួមគំនិតក្បត់ ។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៧ វិច្ឆិកានេះថា អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ានយោបាយ ចាញ់ ចាញ់ ។
លោកសរសេរថា បើលោក សម រង្សី និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មកមិនដល់កម្ពុជាទេ នោះនៅថ្ងៃទី ៩ វិច្ឆិកា និងក្នុងពិធីបុណ្យអុំទូក នឹងគ្មានអ្វីកើតឡើងធំដុំនោះទេ ។
យ៉ាងណាលោកថា ព្រឹត្តិការណ៍នេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់កម្ពុជាដូចជា ការវិនិយោគនឹងមានការថមថយ ចំណាយលុយច្រើន ដើម្បីត្រៀមទ័ពទប់ស្កាត់បាតុភាពជាយថាហេតុ ឈានទៅរកការបាត់បង់ EBA និង GSP កម្លាំងអ្នកប្រជាធិបតេយ្យកាន់តែប្រឈមនឹងគ្រោះថ្នាក់ ចិនកាន់តែឆ្លៀតឱកាសកេងចំនេញទាំងនយោបាយ និងសេដ្ឋកិច្ច វៀតណាមបានព្រំសីមាដែលខ្លួនប្រាថ្នាចង់បាន ហើយជនអន្តោប្រវេសវៀតណាមខុសច្បាប់ជាច្រើនឆ្លៀតពេលចូលសញ្ជាតិជាដើម ។
លោកព្រាប កុលបន្តថា ការណ៍នេះធ្វើឱ្យពិភពលោកខ្លះសង្វេកខ្មែរ និងខ្លះទៀតសើចចំអក ។
លោកថាដំណោះស្រាយ មានតែដោះលែងលោក កឹម សុខា និងផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងអស់ឡើងវិញ និងជជែកគ្នា ឬចរចារ រវាងអ្នកនយោបាយដែលមានទំនាស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងជាពិសេសការបើកឱ្យមានការប្រគួតប្រជែងនយោបាយដោយស្មើភាព ដោយសេរី និងយុត្តិធម៌ ៕