ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធទៅវិញរបស់សហភាពអឺរ៉ុបដែលហៅថា EBA នឹងមកដល់នៅដើមឆ្នាំ2019។ថ្វីបើរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាមិនដូរអធិបតេយ្យនិងជំនួយហៅបញ្ជាក់ថាពេលខាងមុខប្រព័ន្ធនេះក៏នឹងដកហូតក៏ប៉ុន្ដែសមាគមកាត់ដេរ GMAC ពិតជាបានព្រួយបារម្ភដូចសភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងថាមនុស្សប្រមាណ៩ម៉ឺននាក់នឹងបាត់បង់ការងារធ្វើពេលអស់ពីប្រព័ន្ធអនុគ្រោះពន្ធនេះទៅ។នេះបើតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្ដីរាយការណ៍នោះបានសរសេរថាសភាពាណិជ្ជកម្មអឺរ៉ុប បានសន្និដ្ឋានចំពោះមនុស្សកម្ពុជាយ៉ាងហោចណាស់ ៩ម៉ឺននាក់ អាចនឹងបាត់បង់ការងារធ្វើ បើសិនជាសហភាពអឺរ៉ុបសម្រេចផ្អាក ឬដកឋានៈអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជានាំចូលភាគច្រើននៃផលិតផលក្នុងស្រុករបស់ខ្លួន ដោយមិនបាច់បង់ពន្ធ។ ដោយកត់សម្គាល់ថា វិស័យកាត់ដេរបានផ្តល់ការងារយ៉ាងហោចណាស់ចំនួន៧សែនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី។
ក្នុងនោះដែរ GMAC បានជម្រាបពីផលវិបាកដោយកត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបគឺធ្លាក់ចុះប្រមាណទឹកប្រាក់ប្រមាណ៦០០លានដុល្លារអាមេិក ដោយជាទូទៅគឺការនាំចេញផលិតផលកម្ពុជាទៅសហភាពអឺរ៉ុបក្នុងមួយឆ្នាំៗ មានតម្លៃជាទឹកប្រាក់សរុបជាង៥ពាន់លានដុល្លារអាមេរិក។
ដែរជាមួយគ្នានោះ ក្រុមហ៊ុនវិនិយោគធំៗបានប្រុងជើងប្រៀបរៀបប្ដូរទីតាំងផលិតកម្មរបស់ពួកគេដែលអាចទៅប្រទេសដែលមានការអនុគ្រោះពន្ធប្រសើរជាងកម្ពុជាឬប្រទេសជិតខាង។ សម្រាប់ប្រទេសថៃចុងក្រោយនេះបានសុំអាមេរិកធ្វើការចរចាយកប្រព័ន្ធអនុគ្រោះGSPមកវិញដោយអាមេរិកក៏ហាក់បង្ហាញសញ្ញាគាំទ្រដែរ ក៏ប៉ុន្ដែសហភាពអឺរ៉ុបហាក់មិនព្រមប្រគល់ឱ្យវិញឡើងនូវFTAនឹងប្រទេសនេះដោយសារលក្ខខណ្ឌការងាររបស់ប្រទេសថៃធ្វើទុក្ខបុកម្នេញដល់កម្មករ។តែយ៉ាងណា ប្រព័ន្ធនេះត្រូវបានសហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងឱ្យប្រទេសវៀតណាមដើម្បីបន្ដកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនឹងគ្នា។ ហេតុនេះការប្រកួតប្រជែងផលិតកម្មចូលទីផ្សារអន្ដរជាតិនៅក្នុងតំបន់អាស៊ានសម្រាប់រដ្ឋនីមួយៗនៅពេលនេះត្រូវបានគេមើលឃើញថាកាន់តែខ្ពស់ឡើងទៅ។ក៏ប៉ុន្ដែលក្ខខណ្ឌដែលសហភាពអឺរ៉ុបដាក់ឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាគឺបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិនិងការរឹតត្បិតសេរីភាពនយោបាយនិងការបញ្ចេញមតិនៅកម្ពុជា។នៅក្នុងស្ថានការណ៍បែបនេះលោកសមរង្ស៊ីដែលថានឹងធ្វើមាតុភូមិនិវត្តន៍ត្រង់មកជួយកម្ពុជាពីការរបូតបាត់EBA កំពុងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាចលនា វិលមកវិញរបស់លោកគឺជាការធ្វើរដ្ឋប្រហារដែលចាំបាច់ក្នុងបញ្ចេញកម្លាំងទ័ពនិងបទបញ្ជាទប់ស្កាត់។ក៏ប៉ុន្ដែគេនៅមិនទាន់ដឹងច្បាស់ថាការដែលលោកសមរង្ស៊ីអះអាងថាមកស្ដារលទ្ធិប្រជាធិបតេយ្យតាមរយៈមាតុភូមិនិវត្តន៍ថ្ងៃ៩វិច្ឆិកានោះថាតើតាមរយៈអ្វីដែលលោកថាដកសម្ដេចនាយករដ្ឋមន្រ្ដីចេញឬ ក៏ការមកស្ដារប្រព័ន្ធអនុគ្រោះពន្ធតាមរយៈការរកផ្លូវ ចរចាសន្ដិភាពដើម្បីប្រយោជន៍ជាតិដែលនិយាយឱ្យចំគឺបញ្ហាEBA ដែលជាប្រភពចំណូលជាតិនិងការលើកស្ទួយជីវភាពកម្មករ៕
អត្ថបទ៖ ឆោម ពៅនិកា