en     km
en     km

សារចុងក្រោយមុនថ្ងៃ ៩ វិច្ឆិកា៖ លោក សម រង្ស៊ីថាពលរដ្ឋហួសចិត្តករណីរាជរដ្ឋាភិបាលចោទលោកថាក្បត់ជាតិ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងដែលលោកថាជាសាចុងក្រោយ មុនពេលលោកវិលចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ថា លោកមិនមែនជាអ្នកក្បត់ជាតិនោះទេ ព្រោះលោកមិនបានធ្វើអ្វីខាតបង់ដល់កម្ពុជា ឬប្រជាជនឡើយ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលតុលាការកម្ពុជាចោទប្រកាន់លោក ពីបទក្បត់ជាតិ ហើយនាយករដ្ឋមន្ត្រីកម្ពុជាតែងតែថាលោក សម រង្ស៊ី ជាមនុស្សក្បត់ជាតិបន្តពីឪពុក ។ អ្នកវិភាគថា មេដឹកនាំដែលដឹកនាំប្រទេសឱ្យវឹកវរ គឺមិនមែនជាមេដឹកនាំស្រឡាញ់ជាតិនោះទេ ។

រាយការណ៍ដោយលោក សោម លាភ

សារចុងក្រោយរបស់លោក សម រង្ស៊ីនេះ បង្ហោះលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយលោកបានរំលឹក និងអះអាងម្ដងទៀតថា​ ការបោះឆ្នោតសភាកន្លងទៅ គឺមិនស្របច្បាប់ ដែលលោកថាពលរដ្ឋមិនបានប្រគល់អំណាចដល់នាយករដ្ឋមន្ត្រីគឺសម្ដេច ហ៊ុន សែន នោះទេ ។

លោកសម រង្ស៊ីធ្លាប់អះអាងថា លោកមកកម្ពុជានៅថ្ងៃទី ៩ ខែ​វិច្ឆិកា គឺដើម្បីចាប់សម្ដេច​ ហ៊ុន សែន ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសព្វថ្ងៃចេញ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ថាពលរដ្ឋមានសិទ្ធិពេញទីដើម្បីទម្លាក់រដ្ឋអំណាចបច្ចុប្បន្ន ឆ្ពោះទៅរកការបង្កើតរាជរដ្ឋាភិបាលថ្មី ។

ការប្រកាសអំពី​ចេតនាពីក្រុមលោក សម រង្ស៊ី ថាមកកម្ពុជាដើម្បីឱ្យមានការផ្លាស់ប្ដូរ បន្ទាប់ពីបោះឆ្នោតសភានីតិកាលទី ៦ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលថាជាផែនការធ្វើរដ្ឋប្រហារ ពីក្រុមអ្នកក្បត់ជាតិ ។

សម្ដេច ហ៊ុន សែនធ្លាប់ថ្លែងម្ដងជាពីរដងថាលោក សម រង្ស៊ី ក្បត់ជាតិដូចជាឪពុកបេះបិទ ។

តុលាការកម្ពុជាបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀត ពីបទឧបឃាត ឬក្បត់ជាតិ ។

យ៉ាងណា នៅថ្ងៃទី ៥ វិច្ឆិកា លោកសម រង្ស៊ី បង្ហាញការហួសចិត្ត ដែលមន្ត្រី និងនាយករដ្ឋមន្ត្រីកម្ពុជា ចោទលោកថាលោកជាមនុស្សក្បត់ជាតិ ។

លោកសម រង្ស៊ីថា លោកមិនដែលធ្វើអ្វីដែលខាតដល់កម្ពុជាសូម្បីតែបន្តិចទាល់តែសោះ ។

លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលសព្វថ្ងៃ បានបើកដៃឱ្យចិនធ្វើអ្វីគ្រប់យ៉ាងបានតាមចិត្ត ពិសេសគឺបើកកាស៊ីណូ ដែលលោកថាប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាខ្លាំង ។​

ករណីការបង្កើតកាស៊ីណូនៅកម្ពុជាយ៉ាងច្រើននេះ លោកបណ្ឌិតមាស នី អ្នកតាមដានការអភិវឌ្ឍសង្គម ក៏ធ្លាប់មានប្រសាសន៍ថា ការបង្កើតកាស៊ីណូ បើទោះបីជាអាចជួយសេដ្ឋកិច្ចខ្លះក៏ដោយ តែក៏ជាបណ្ដុំនៃការលាងលុយកខ្វក់ និងអំពើហឹង្សា ឬឃាតកម្ម និងឧក្រិដ្ឋកម្មផងដែរ ។

លោក ហង្ស វិទូ អ្នកវិភាគនយោបាយមានប្រសាសន៍ថា ចង់ដឹងថាមេដឹកនាំស្រឡាញ់ជាតិ ឬអត់ គឺមើលទៅលើសកម្មភាព បើសកម្មភាពធ្វើដើម្បីប្រយោជន៍ជាតិ នោះគឺជាមេដឹកនាំស្រឡាញ់ជាតិ ។

គួររំលឹកថា ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ​ចំនួន ៩ ​រូប ក្នុងនោះក៏មាន លោក​សម រង្ស៊ី លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាងផងដែរ ។ ការចោទប្រកាន់នេះដោយយោងទៅតាមច្បាប់ព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៥១  ដែលប្រឈមទៅនឹងការផ្ដន្ទាទោសរហូតដល់ទៅ ៣០ ឆ្នាំ ។ មកដល់ពេលនេះក៏មានការបិទរូបថតនិងឈ្មោះ មន្ត្រីអតីតបក្សប្រឆាំងចំនួន ២០ រូបតាមព្រំដែនដើម្បីចាប់ខ្លួន ។

មិនត្រឹមតែប៉ុណ្ណោះ សកម្មជនគាំទ្រគម្រោងមាតុភូមិនិវត្តនេះជាច្រើនរូប ក៏ត្រូវបានតុលាការជាន់ទាប ចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ។

មន្ត្រីរាជរដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី មកកម្ពុជាដើម្បីធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល បំផ្លាញរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ៕

Share

ព័ត៌មានទាក់ទង

Image