ភ្នំពេញ៖ លោកសម រង្ស៊ីថា លោកមានសេចក្ដីសប្បាយចិត្តជាមុនយ៉ាងខ្លាំងព្រោះជិតបានជួបពលរដ្ឋកម្ពុជា ដែលលោកថាលោករងចាំយូរមកហើយ ។ យ៉ាណារាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរដដែលដែលថា នឹងចាប់ក្រុមលោក សម រង្ស៊ី ។ អ្នកវិភាគថា អ្វីដែលពលរដ្ឋចង់បាន គឺជាការចរចាគ្នា ។
រាយការណ៍ដោយ លោក សោម លាភ
លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងវិដេអូបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ៤ វិច្ឆិកានេះថា លោកសប្បាយចិត្តទុកមុនយ៉ាងខ្លាំង ព្រោះជិតបានជួបពលរដ្ឋកម្ពុជា ដែលលោកថាលោកចាំយូរមកហើយ ខណៈលោកថា ស្ថានភាពអំណោយផលសម្រាប់មាតុភូមិនិវត្តន៍របស់លោក និងបក្សពួក ។
លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជា មានការបារម្ភចំពោះដំណើរមាតុភូមិនិវត្តន៍របស់លោក ទើបគម្រាមកំហែង និងចាប់មនុស្សរបស់អតីតគណបក្សសង្គ្រោះជាតិ ។
លោកសម រង្ស៊ីថាពិភពលោកមិនយល់ថាហេតុអ្វីបានជានាយករដ្ឋមន្ត្រីកម្ពុជាខ្លាចលោកដូចនេះ ខណៈលោកថាលោកគ្មានអាវុធ និងគ្មានលុយជាដើម ។
លោក សម រង្ស៊ីថា នៅថ្ងៃទី ៩ វិច្ឆិកា នៅពេលដែលមានអ្នកស្នេហាប្រជាធិបតេយ្យជាច្រើននាក់រួមដំណើរជាមួយលោកដោយអហឹង្សា នឹងគ្មានកម្លាំងណាបង្ក្រាបឡើយ ។
ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះបន្ថែមថា កងកម្លាំងប្រដាប់អាវុធ នឹងមិនប្រឆាំងនឹងពលរដ្ឋអមដំណើរជាមួយលោកនោះទេ ខណៈលោកថា ពួកគាត់ទាំងនោះក៏សុទ្ធតែជាខ្មែរដូចគ្នា ។
លោកសម រង្ស៊ី អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធម្ដងទៀត ឱ្យងាកមកនៅខាងប្រជាពលរដ្ឋ ប្រឆាំងនឹងរាជរដ្ឋាភិបាល ។
យ៉ាងណាបើទោះបីជាបែបណាក្ដី ក្រុមមន្ត្រីរាជរដ្ឋាភិបាល តែងតែអះអាងថា ការប្រកាសវិលចូលកម្ពុជាពីក្រុមលោក សម រង្ស៊ី គឺជាការប្រកាសធ្វើរដ្ឋប្រហារយ៉ាងច្បាស់ មិនមែនជាសកម្មភាពស្វែងរកលទ្ធិប្រជាធិបតេយ្យនោះទេ ខណៈមន្ត្រីទាំងនោះថា ប្រជាធិបតេយ្យនៅកម្ពុជាមានស្រាប់ហើយ ។
ខណៈពេលដែលថ្ងៃកំណត់វិលចូលមាតុភូមិននិវត្តន៍របស់ក្រុមលោក សម រង្ស៊ី ជិតនឹងចូលមកដល់ មន្ត្រីកម្ពុជាក៏បានព្រមានដល់ក្រុមហ៊ុនហោះហើរដឹកអ្នកដំណើរ បើហ៊ានដឹកក្រុមលោក សម រង្ស៊ី នោះឈ្មោះថាជាអ្នកប្រព្រឹត្តបទល្មើស ។ ចំពោះករណីនេះ អតីតគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានដោយថ្កោលទោសការហាមឃាត់បែបនេះ ។
ពាក់ព័ន្ធទៅនឹងបំណងនៃការវិលត្រឡប់ចូលមកកម្ពុជាពីក្រុមលោក សម រង្ស៊ី និងការអះអាងថានឹងចាប់លោក សម រង្ស៊ីយកមកអនុវត្តន៍ទោស ឬនឹងបង្រ្កាបផ្សេងៗ គឺមានការអះអាងពីភាគីទាំងសងខាងថា ដើម្បីជាការថែរក្សាប្រជាធិបតេយ្យនៅកម្ពុជា និងរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយជាដើម ។
អ្នកវិភាគថា ចេតនារក និងរក្សាសន្តិភាព ស្ថេរភាព និងប្រជាធិបតេយ្យពីអ្នកនយោបាយគឺជាការល្អសម្រាប់ជាតិ ។
ប៉ុន្តែដូចករណីបក្សកាន់អំណាចប្រកាសថា កំទេច និងប្រឆាំងក្រុមលោក សម រង្ស៊ី ខណៈក្រុមលោក សម រង្ស៊ីថានឹងមកទម្លាក់នាយករដ្ឋមន្ត្រី មិនមែនជាការណ៍ល្អសម្រាប់ស្ថានភាពកម្ពុជានាពេលនេះទេ ។
លោក ហង្ស វិទូ ប្រាប់វិទ្យុស្ត្រីថា ប្រជាពលរដ្ឋចង់ឃើញអ្នកនយោបាយចរចាគ្នា ដើម្បីរកប្រយោជន៍រួមជូនជាតិ ។
គួររំលឹកថា ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃដែលក្រុមលោក សម រង្ស៊ី ថានឹងវិលចូលកម្ពុជាឱ្យខានតែបាន ដោយសម្រេចយកព្រំដែនថៃកម្ពុជា ដើម្បីដើរឆ្លងកាត់ ។ យ៉ាងណា កម្ពុជាបានបញ្ជូនដីការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងចំនួន ៩ រូប ហើយបញ្ជូនមកកម្ពុជា ។ កន្លងមកថៃ បានមិនអនុញ្ញាតឱ្យអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ គឺលោក ស្រី មូរ សុខហួរចូលឡើយ ។
មន្ត្រីបក្សប្រឆាំងថា នឹងចរចាកាទូតជាមួយថៃ សុំការអនុញ្ញាតឆ្លងកាត់ប្រទេសនេះចូលមកកម្ពុជា ៕