កាសែតបាងកកប៉ុស្ដិ៍ដែលមានឈ្មោះបោះសំឡេងនិងឥទ្ធិពលខ្លាំងមួយរបស់រាជាណាចក្រថៃបានធ្វើបទវិចារណកថាមួយដោយដាក់ចំណងជើងថា Hun Sen must compromise ដែលមានន័យថាលោកហ៊ុនសែនត្រូវតែធ្វើការសម្របសម្រួល។ បទវិចារណកថានេះចុះផ្សាយក្នុងគេហទំព័រwww.bangkokpost.com នៅថ្ងៃទី២៦ តុលា។ បើគិតទៅគឺសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលថ្នាក់ដឹកនាំអតីតគណបក្ស សង្គ្រោះជាតិថាពួកគេនឹងមកទឹកដីថៃមកដឹកនាំពលករខ្មែរវិលចូលមាតុភូមិរួមគ្នាវិញ ទោះរាជរដ្ឋាភិបាលកម្ពុជាព្រមានចាត់វិធានការដោយកម្លាំងទ័ព និង ផ្លូវច្បាប់ បែបណាក្ដី។
បើតាមការបកប្រែពីវិចារណកថាជាភាសាអង់គ្លេស កាសែតនេះបានរៀបរាប់ដំណើរ ដើមទងដែលជាមូលហេតុដែលស្ថាប័នសារព័ត៌មាននេះចាត់ទុកថាជាការធ្វើនយោបាយឃោរឃៅបោសសម្អាតក្រុមប្រឆាំងនៃគណបក្សសង្គ្រោះជាតិ រួមនឹងអ្នកនយោបាយ ជាន់ខ្ពស់ជាច្រើនរូបនៃគណបក្សនេះកាលពីប៉ុន្មានឆ្នាំកន្លងទៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបទវិចារណកថា នោះ បានសរសេរថាសម្ដេចហ៊ុនសែនពិតជាបាន ទទួលលទ្ធផលដូចការប៉ងប្រាថ្នារបស់លោកមែន។ទោះបីមិនបញ្ជាក់មូលហេតុច្បាស់លាស់ជាមូលដ្ឋាននៃការសរសេរក្ដី កាសែតនេះបានចាត់ទុកទៀតចំពោះការបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃ២៩កក្កដាឆ្នាំ២០១៨ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដលើកទី៦ ថាជាការបោះឆ្នោត ក្លែងក្លាយព្រោះគ្មានគូប្រជែងដែលធ្វើឱ្យសម្ដេចហ៊ុនសែនអាចពន្យារការកាន់អំណាចរបស់លោកថែមទៀត ដោយភ្ជាប់នឹងសំណេរមួយថា ប៉ុន្ដែលោកបានបណ្ដោយឱ្យជោគវាសនាប្រទេសនិងប្រជាជនខ្លួនរស់នៅក្នុងភាពវង្វេងស្មារតី។
ដោយសេចក្ដីលម្អិតនៃសំណេរនោះបានសរសេរបញ្ជាក់ថា តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះនិងហាមអ្នកនយោបាយគណបក្សនេះ១១៨រូបធ្វើនយោបាយប្រាំឆ្នាំរាប់ពីឆ្នាំ២០១៧មក ដែលទីបំផុតបានបណ្ដាលឱ្យកម្ពុជាក្លាយជារដ្ឋដែលមានបក្សតែមួយក្នុងសភា ហើយប្រជាធិបតេយ្យនៃការអនុវត្តជាក់ស្ដែងត្រូវបានស្លាប់។ឥលូវនេះប្រទេសនេះកំពុងតែប្រឈមនឹងទណ្ឌកម្មពាណិជ្ជកម្មពីលោកខាងលិចដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចស្ថិតនៅក្នុងហានិភ័យបាន។
មានការបញ្ជាក់ថា គណបក្សប្រឆាំងដ៏ធំនោះបានធ្វើការអំពាវនាវឱ្យ មានការបោះឆ្នោតឡើងវិញនិងធ្វើឱ្យដំណើរការឡើងវិញដែរនៃតួនាទីនយោបាយរបស់ពួកគេ។
បែបនេះហើយសារព័ត៌មាននេះបានសរសេរទាមទារថាសម្ដេចហ៊ុនសែនគួរតែធ្វើការសម្របសម្រួលរឿងនេះឱ្យកើតឡើងវិញព្រោះទង្វើដែលលោកបានធ្វើពីអតីតកាល។
ជាមួយនឹងការចុះផ្សាយទៀតថា តាំងតែពីលោកសមរង្ស៊ីឡើងជាប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិមក ប្រជាធិបតេយ្យសេរីពហុបក្សនៃនយោយបាយ កម្ពុជាសព្វថ្ងៃត្រូវបានអះអាងមានការស្នើឱ្យមានឡើងវិញ។លោកសមរង្ស៊ីនិងអ្នកនយោបាយប្រឆាំងដទៃទៀតបាននិរទេសខ្លួនចេញពីប្រទេស ហើយបានប្ដេជ្ញាពីខាងក្រៅនោះថានឹងមកដល់ដីប្រទេសខ្លួនវិញនៅថ្ងៃ៩វិច្ឆិកា ជាថ្ងៃឯករាជ្យជាតិរបស់កម្ពុជា ហើយមកដល់ពេលនេះមនុស្សជាង៥០នាក់ដែលជា សកម្មជនបក្សនេះត្រូវបានចាប់ខ្លួននិងមនុស្សជាច្រើននាក់ទៀតរងការគំរាមកំហែង។
រាជរដ្ឋាភិបាលថៃ បានផ្ដល់សញ្ញាណថាមិនអនុញ្ញាតឱ្យមេដឹកនាំក្រុមប្រឆាំង មកដឹកនាំជនអន្ដោប្រវេសន៍ខ្មែរនៅថៃជាពិសេសពលករលើកជាក្បួនត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនដែលជាចលនាប្រជាពលរដ្ឋប្រឆាំងនឹងសម្ដេចហ៊ុនសែនទេ។ ក្រោយពីថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅលោកស្រីមួរសុខហួរដែលជាអនុប្រធានបក្សសង្គ្រោះជាតិត្រូវបានបដិសេធមិនឱ្យចូលប្រទេសថៃនៅព្រលានយន្ដហោះសុវណ្ណភូមិហើយវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញដែលជាប្រទេសដែលលោកស្រីជាពលរដ្ឋ។
ខណៈមានការសង្ស័យថាតើផែនការលោកសមរង្ស៊ីជោគជ័យឬទេ ចម្លើយគឺមិនទាន់ អាចជំនួសបានឡើយនូវការពិតដែលពលរដ្ឋកម្ពុជានឹងប្រសើរឡើងបើសិនគណបក្សសង្គ្រោះជាតិរស់ឡើងវិញហើយសមាជិករបស់ខ្លួនប្រលូកចូលវិថីនយោបាយវិញនោះ។
បាងកកប៉ុស្ដិ៍វាយតម្លៃថា សម្រាប់លោកហ៊ុនសែនលោកមិនអាចសង្កេតការ ពិតថានយោបាយរបស់លោកកំពុងតែរងការវាយប្រហារនោះទេ ហើយការបោះឆ្នោតដែលមានលក្ខណៈមិនពេញលេញរបស់លោកអាចធ្វើឱ្យបង់ប្រយោជន៍ពាណិជ្ជកម្មប្រទេសលោកពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ភាគីសហភាពអឺរ៉ុបបាននឹងកំពុងពិចារណាជម្លោះប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញទាំងអស់ចូលសហភាពអឺរ៉ុបលើកលែងតែសព្វាវុធ ទន្ទឹមនឹងពេលដែលអាមេរិកបានដាក់ទណ្ឌកម្មការទូតលើមន្រ្ដីជាន់ខ្ពស់កម្ពុជាដោយការបង្កកទ្រព្យសម្បត្តិនិងការពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនដល់ប្រទេសមួយនេះ។
សម្ដេចហ៊ុនសែនបានពឹងផ្អែកលើការវិនិយោគពីចិនប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើឱ្យមជ្ឈដ្ឋានក្នុងស្រុកមើលឃើញពីឥទ្ធិពលចិននៅកម្ពុជាដែលផ្ដល់ជាប្រយោជន៍ដល់ប្រជាជនចិនជាងពលរដ្ឋក្នុងស្រុកទៅទៀត។
មានបុគ្គលមួយចំនួនសាទរចំពោះស្ថេរភាពនយោបាយកម្ពុជាដែលបានជួយជម្រុញសេដ្ឋកិច្ចប្រទេសនេះ ប៉ុន្ដែស្ថេរភាពនេះបានមកពីការបង្រ្កាបរបស់បក្ស កាន់អំណាចមកលើសត្រូវរបសពួគេដែលធ្វើឱ្យមានការស្អប់គ្នារវាងខ្មែរនិងខ្មែរ។
កាសែតល្បីរបស់ថៃនេះបានសុំឱ្យសម្ដេចហ៊ុនសែន បញ្ឈប់ល្បែងពឹងផ្អែកវិនិយោគ និងពាណិជ្ជកម្មនឹងចិន ដែលមិនចាំបាច់ជួបហានិភ័យនៃទំនាក់ទំនង ពាណិជ្ជកម្មនឹងលោកខាងលិច។
មជ្ឈដ្ឋានខាងក្រៅរួមនឹងពលរដ្ឋកម្ពុជា បានហៅការបោសសម្អាតក្រោមប្រឆាំង ថាធ្វើឡើងដោយអយុត្តិធម៌និងមានកត្តាជម្រុញនយោបាយ។
ជាទីបញ្ចប់នៃវិចារណកថានោះ បាងកកប៉ុស្ដិ៍ដាក់សេចក្ដីរំពឹងថា សម្ដេចហ៊ុនសែននឹងអនុញ្ញាតឱ្យមេដឹកនាំគណបក្សប្រឆាំងវិលចូលនយោបាយវិញមុនរឿងរ៉ាវកាន់តែរីកធំធាត់ឡើង ដែលមិនមែនចេញមកតែពីក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិតេ តែក៏អាចចេញពីផ្ទៃក្នុងបក្សកាន់អំណាច រួមនឹងនាយទាហានផងដែរ។
បាងកកប៉ុស្ដិ៍ផ្ដល់ជាទស្សនៈថា ការវិលមកវិញនៃប្រជាធិបតេយ្យនឹងចម្រើនដល់ សេដ្ឋកិច្ច សង្គម និង នយោបាយប្រទេសកម្ពុជា។យ៉ាងណាក៏ដោយគេមិនទាន់ឃើញ ក្រសួងការបរទេសកម្ពុជា និង អ្នកនាំពាក្យធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតប នឹងវិចារណកថាកាសែតបាងកកប៉ុស្ដិ៍ដែលជម្រុញឱ្យនាយករដ្ឋមន្រ្ដីកម្ពុជាធ្វើការសម្របសម្រួលនឹងមេដឹកនាំគណបក្សប្រឆាំងលោកសមរង្ស៊ី។
គួរបញ្ជាក់ថាវិចារណកថា បាងកកប៉ុស្ដិ៍ធ្វើឡើងនេះបន្ទាប់ពីលោកស្រី មួរសុខហួរត្រូវបានអាជ្ញាធរអន្ដោប្រវេសន៍ថៃឃាឃាំងលោកស្រីមិនឱ្យស្នាក់នៅទឹកដីបាងកក តែក្រុមគណបក្សសង្គ្រោះជាតិជាពិសេសលោកស្រី មួរសុខហួរដែលជាប្រធានការធ្វើមាតុភូមិនិវត្តន៍លោកសមរង្សីនៅតែតាំងចិត្តថាយកទីតាំងប្រទេសថៃជាផ្លូវមកកាន់ប្រទេសកម្ពុជាវិញក្រោមការសម្របសម្រួល សហគមន៍អន្ដរជាតិនិងរាជរដ្ឋាភិបាលថៃ៕
ប្រែសម្រួល៖ ឆោម ពៅនិកា