en     km
en     km

ប្រធានបទ៖ តើអ្វីជាសន្ធិសញ្ញាក្រុងប៉ារីស?

Share

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលការបញ្ចប់ជាផ្លូវការនៃសង្គ្រាមស៊ីវិល។កិច្ចព្រមព្រៀងនេះត្រូវបានការដាក់ពង្រាយជាលើកដំបូង បង្អស់ក្រោយពីសម័យកាលនៃសង្គ្រាមត្រជាក់ នូវបេសកកម្មរក្សាសន្តិភាព
អ៊ុនតាក់ ហើយក៏ជាឱកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃអង្គការសហប្រជាជាតិ ដែលបានក្លាយខ្លួនជារដ្ឋាភិបាលគ្រប់គ្រងកាន់កាប់មកលើរដ្ឋមួយ។នៅខណៈនោះគឺ មានរដ្ឋាភិបាលចំនួន ១៨ បានបានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងសន្តិភាពនេះ បូកទាំងភាគីខ្មែរបួនក្រុមទៀត។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីអធិប្បាយលំអិត៖


នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០១៩នេះ គឺជាខួបគម្រប់លើកទី ២៨ហើយនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ នៅក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា មានបណ្តាប្រទេសចំនួន ១៨ប្រទេស បូកជាមួយនឹងប្រទេសកម្ពុជា បានចូលរួមចុះហត្ថលេខីទៅលើកិច្ចព្រមព្រៀង ក្រុងប៉ារីស ដែលក្នុងនោះរួមមាន៖

  • អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន គឺជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
  • ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងប្រ៊ុយណេ គឺជាប្រទេសនៅតំប់អាស៊ីអាគ្នេយ៍
  • យូហ្គោស្លាវីគឺជាប្រទេសតំណាងឲ្យប្រទេសមិនចូលបក្សសម្ព័ន្ធ
  • រួមជាមូយប្រទេស៤ផ្សេងទៀត គឺឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។
    ក៏ប៉ុន្តែ នៅពេលនោះ កម្ពុជាបានបែងចែកជា ៤ភាគី គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម រួមបញ្ចូលគ្នាបង្កើតជា«ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»។
    នៅក្នុងកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១នេះគឺមានកិច្ចព្រមព្រៀងចំនួន២ និង សេចក្តីថ្លែងការណ៍ចំនួន១។ នៅក្នុងនោះកិច្ចព្រមព្រៀងទី១ បានមានសុពលភាពជាចម្បងទៅលើភាគីទាំងបួន គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម។ ក៏ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ន គូជម្លោះផ្ទៃក្នុងកម្ពុជា និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានរំលាយអស់ទៅហើយ ដោយខ្លះ ត្រូវបានរលាយបាត់រូបទាំងស្រុង ដូចជាភាគីកម្ពុជាប្រជាធិបតេយ្យ ឬហៅដោយខ្លីថា ខ្មែរក្រហម ហើយខ្លះទៀតត្រូវបានរំលាយខ្លួនរួចបង្កើតជាគណបក្សនយោបាយដូចជា គណបក្ស ប្រជាជនកម្ពុជា គណបក្សហ្វ៊ុន ស៊ិនប៉ិចជាដើម។
    ចំណែកឯខ្លឹមសាររួមសំខាន់ៗនៅក្នុងសន្និសញ្ញានេះ គឺកំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់កម្ពុជាដែលក្នុងនោះរួមមាន គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម ហើយដើម្បីបញ្ឈប់ការបាញ់គ្នារវាងភាគីជម្លោះ នៅក្នុងសង្រ្គោមស៊ីវិលខ្មែរ ព្រមទាំងកាត់រំសាយទ័ព ជាពិសេសគឺដកហូតទ័ពបរទេសចេញពីកម្ពុជា។ ចាប់ផ្តើមរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ហើយនៅក្នុងខ្លឹមសារនេះក៏បានកំណត់ពី អាណត្តិរបស់អ៊ុនតាក់ ក្នុងការចូលមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោតនៅកម្ពុជា ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ក៏បានកំណត់ពីការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ដែលជាពិសេស គែជនភៀសខ្លួននៅជំរំជាយដែនថៃ។
    រីឯនៅក្នុងកិច្ចព្រមព្រៀងទី២វិញ គឺនិយាយអំពីការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងអព្យាក្រឹត្យភាពរបស់កម្ពុជា។ ដូចនេះតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងប្រទេសជាហត្ថលេខីផ្សេងទៀត មានកាតព្វកិច្ចគោរពគោលការណ៍ខាងលើនេះ។
    ចំណែកឯ សេចក្តីថ្លែងការណ៍មួយចុងក្រោយ គឺស្តីពីការកសាងប្រទេសកម្ពុជាឡើងវិញ។
    តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រទេសហត្ថលេខីនឹងសន្យាផ្តល់ជំនួយដល់កម្ពុជា ក្នុងការជួយស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។
    នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ ក៏មានមាត្រាមួយចំនួនចងការពារការរំលោភទៅលើកិច្ចព្រមព្រៀងនេះផងដែរ ដែលយោងទៅតាមមាត្រា ២៩នៃកិច្ចព្រមព្រៀងទី ១ ស្តីពីការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា គឺគេបានចែងថា៖ «ដោយមិនធ្វើឲ្យប៉ះពាល់ដល់បុព្វសិទ្ធិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំណើររបស់លោកអគ្គលេខាធិការ សហប្រធានទាំង២នៃសន្និសីទស្តីពីកម្ពុជា ក្នុងករណីដែលមានការរំលោភ ឬគំរាមកំហែងទៅលើកិច្ចព្រមព្រៀងនេះ នឹងត្រូវមានការពិគ្រោះជាមួយបណ្តាសមាជិកសន្និសីទ ដើម្បីចាត់វិធានការសមស្រប ក្នុងការធានានូវការគោរពសន្យានេះ។
    ចំណែកឯ នៅក្នុងកិច្ចព្រមព្រៀងទី២វិញ ស្តីពីឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា ត្រង់មាត្រា ៥ បានចែងថា៖
    «១-នៅក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ, ឯករាជ្យ, បូរណភាព ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវធ្វើការប្រជុំជាបន្ទាន់ ដើម្បីចាត់វិធានការសមស្រប ។

២-វិធានការសមស្របទាំងនេះអាចជា ការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឬវិធានការផ្សេងទៀត ដែលមានចែងក្នុងមាត្រា ៣៣ នៃធម្មនុញ្ញសហប្រជាជាតិ ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយតាមផ្លូវតុលាការ, ។
សូមជម្រាបថា កិច្ចព្រមព្រៀងក្រុងប៉ារីសមកពេលនេះមិនត្រូវបានភាគីខ្មែរ ពាក់ព័ន្ធនិងភាគីប្រទេសជាភាគីហត្ថលេខីប្រកាសទុកជាមោឃៈនោះទេ។ ស្មារតីនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលសំដៅលើកស្ទួយរបបប្រជាធិបតេយ្យសេរីពហុបក្ស។ កិច្ចព្រមព្រៀងក្រុងប៉ារីសបានចែងអំពីការទុកឲ្យជាអាសាបង់នូវរាល់សន្និសញ្ញាឬកិច្ចព្រមព្រៀងទាំងឡាយណា ដែលធ្វើឡើងនៅពេលដែលកម្ពុជាក្នុងសម័យសង្រ្គោមស៊ីវិល ហើយស្ថិតបនៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលសង្គមនិយមវៀតណាម។ ប៉ុន្តែអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនមើលឃើញថា ទោះបីជា មាត្រាខ្លះនៃកិច្ចព្រមព្រៀងនេះត្រូវដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ តែមិនត្រូវបានអនុវត្តឲ្យមានប្រសិទ្ធភាពឡើយ៕

Share

ព័ត៌មានទាក់ទង

Image