en     km
en     km

តើទូតធំៗជាហត្ថលេខី២៣តុលាមានតួនាទីអ្វីខ្លះដើម្បីទាញស្ថានការណ៍កុំឱ្យធ្លាក់ចូលក្នុងហិង្សាពេលលោកសមរង្ស៊ីមកដល់?

Share

នៅរយៈពេលចុងក្រោយនេះគេសង្កេតឃើញប្រទេសធំៗដែលជាប្រទេសជឿនលឿនផ្នែកប្រជាធិបតេយ្យនិងសេដ្ឋកិច្ចហើយភាគច្រើនជាប្រទេសនៃភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស៍២៣តុលា១៩៩១​បានដោះដូរឯកអគ្គរដ្ឋទូតរបស់ខ្លួន។ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងនោះត្រូវមកបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជាមានដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន កាណាដា​​ស៊ុយអ៊ែតសហភាពអឺរ៉ុបនិង អង់គ្លេសរួមទាំងប្រទេសបារាំងផងដែរ។ តើអ្នកការទូតទាំងនោះអាចធ្វើអ្វីបានខ្លះនៅពេលដែលការវិលមកវិញរបស់លោកសមរង្ស៊ីរងការប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដែលនាំឱ្យមានការចាប់ខ្លួនលោកសមរង្ស៊ីឬក៏បង្កឱ្យមានបញ្ហាដែលមិនអាចគិតស្មានដល់?

កញ្ញា ឆោម ពៅនិកា ជូនអត្ថាធិប្បាយ៖

អ្នកទាំងនោះសុទ្ធតែជាអ្នកដែលត្រូវបានប្រទេសរបស់ពួកគេចាត់តាំងឱ្យមកធ្វើមន្រ្ដីទូតនៅកម្ពុជាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងកម្ពុជាហើយកិច្ចសហប្រតិបត្តិការនោះមានទាំងលើវិស័យពាណិជ្ជកម្ម វិស័យការពារជាតិ សន្ដិសុខជាតិនិងការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជាលើកិច្ចប្រតិបត្តិការផ្នែកពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យស្របនឹងស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសផងដែរ។

តើអ្នកការទូតទាំងនោះអាចធ្វើអ្វីបានខ្លះនៅពេលដែលការវិលមកវិញរបស់លោកសមរង្ស៊ីរងការប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដែលនាំឱ្យមានការចាប់ខ្លួនលោកសមរង្ស៊ីឬក៏បង្កឱ្យមានបញ្ហាដែលមិនអាចគិតស្មានដល់?

នៅក្នុងចំណោមទូតធំៗទាំងនោះ គឺទូតចំនួន៣ដែលមានសក្ដានុពលជាងគេគឺឯកអគ្គរដ្ឋទូតអាមេរិក Patrick murphy  នឹងចូលជួបសវនាការជាមួយនាយករដ្ឋមន្រ្ដីកម្ពុជានៅវិមានសន្ដិភាពនៅក្នុងថ្ងៃ២៣តុលានេះ។ចំណែកឯកអគ្គរដ្ឋទូតពីរទៀតប្រទេសជប៉ុន និង សហព័ន្ធអាល្លឺម៉ង់ក៏ជួបប្រមុខដឹកនាំកម្ពុជាផងដែរនេះបើតាមការឱ្យដឹងរបស់លោកនាយករដ្ឋមន្រ្ដីដែលថា ពួកគាត់ទាំងបីនាក់នេះនឹងចូលជួបលោកនៅថ្ងៃ២៣តុលាដែលនរណាក៏ដឹងដែរថាជាទិវានៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ដែលជាខួប២៨ឆ្នាំ។

ជំនួបដែលគួរឱ្យចាប់អារម្មណ៍ក៏កើតឡើងចំពេលដែលឯកអគ្គរដ្ឋទូតអាមេរិកបានសច្ចានៅចំពោះមុខព្រឹទ្ធសភាអាមេរិកគឺមុនពេលដែលលោកមកកាន់កម្ពុជា។លោកម៉ុកហ្វីបានសច្ចាថាក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកលោកនឹងព្យាយាមធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានដំណោះស្រាយនយោបាយឡើងវិញនឹងស្ដារលទ្ធិប្រជាធិបតេយ្យដែលនរណាក៏ដឹងដែរថាជម្លោះទ្វេភាគីផ្ទៃក្នុងកម្ពុជាគឺបក្សកាន់អំណាចនឹងគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខា។

ជម្លោះដែលបង្កតានតឹងដល់ទំនាក់ទំនងអន្ដរជាតិនេះបានក្លាយទៅជារបៀបវារៈនៅលើវេទិកាអន្ដរជាតិគឺស្ទើរតែគ្រប់វេទិកាទាំងអស់គឺសូម្បីតែនាយករដ្ឋមន្រ្ដីលោកហ៊ុនសែនគឺនៅវេទិកានៅក្រៅប្រទេសគឺលោកតែងតែលើកឡើងអំពីដែនអធិបតេយ្យរបស់រាជាណាចក្រកម្ពុជាដែលប្រឆាំងដាច់ខាតការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសណាមួយ។

មិនតែប៉ុណ្ណោះប្រមុខរាជ​រដ្ឋាភិបាលដែលមជ្ឈដ្ឋានមួយចំនួនជាពិសេសអង្គការអាមេរិកHuman Rights watch បានហៅលោកថាជាបុរសខ្លាំងនេះតែងតែលើកឡើងអំពីទំនាក់ទំនងទ្វេភាគី ពហុភាគី រវាងកម្ពុជានិងបរទេសដោយផ្អែកលើផលប្រយោជន៍កម្ពុជានឹងប្រទេសទាំងនោះហើយក្នុងនោះលោកនាយករដ្ឋមន្រ្ដីក៏បាននិយាយយោងទៅដល់ការគាបសង្កត់របស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលរុញឱ្យកម្ពុជាទទួលយកការផ្សះផ្សាជាតិជាមួយនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិឡើងវិញជាពិសេសជាមួយនឹងលោកសមរង្ស៊ី។លោកនាយករដ្ឋមន្រ្ដីតែងតែវាយបកទៅលើប្រទេសទាំងនោះវិញហើយចាត់ទុកថាកំពុងតែជាន់ឈ្លីភាពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។

តែយ៉ាងណាមេដឹកនាំកម្ពុជាដ៏ខ្លាំងរូបនេះកម្រនឹងប្រាប់អន្ដរជាតិថាខ្លួនចង់ដោះស្រាយនយោបាយដោយជាមួយភាគីខ្មែរគ្នាឯងម្ដងណានោះទេ។ក្នុងន័យនេះហើយដែលប្រទេសជាភាគីហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសតែងតែរំលឹកឱ្យមេដឹកនាំកម្ពុជាគោរពឡើងវិញនូវស្មារតីរបស់កិច្ចព្រមព្រៀងនេះព្រោះថា កម្ពុជាមានសន្ដិភាពមានការអភិវឌ្ឍនិងការបង្កើតឱ្យមានស្ថាប័នប្រជាធិបតេយ្យមកដល់ពេលនេះក៏ដោយសារតែការជ្រោមជ្រែងរបស់ប្រទេសជាភាគីនៃកិច្ចព្រមព្រៀងនេះផងដែរ។ស្របពេលដែលការរំលឹកខួបនៃកិច្ចព្រមព្រៀងនេះស្រាប់តែមន្រ្ដីទូតបីប្រទេសដែលគេថាមានឥទ្ធិពលនោះត្រូវជួបនាយករដ្ឋមន្រ្ដីកម្ពុជានៅទិវានេះតែម្ដង។

តើជំនួបនេះអាចមានការសន្ទនាគ្នាខ្លះដែរឬទេចំពោះនយោបាយនៅកម្ពុជាដែលកំពុងកើតមាន?

កាលពីថ្ងៃទី១៩តុលាលោកPatrick Murphyបានចូលព្រះបរមរាជវាំងហើយថ្វាយសារតាំងរបស់លោកប្រធានាធិបតីដូណាល់ត្រាំថ្វាយព្រះមហាក្សត្រ។ការថ្វាយសារតាំងរបស់លោកម៉ូហ្វីមានន័យថាឯកអគ្គរដ្ឋទូតរូបនេះក្លាយជាមន្រ្ដីទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលគេហៅថាវិសាមញ្ញនិងពេញសមត្ថភាពនៅកម្ពុជា។

លោកម៉ូហ្វីគឺជាអ្នកចិត្តសាស្រ្ដផ្នែកនយោបាយដ៏ស៊ីជម្រៅរឿងបញ្ហាអាស៊ីអាគ្នេយ៍។បុរសម្នាក់នេះហើយដែលរុញឱ្យមានដំណោះស្រាយនយោបាយនៅប្រទេសភូមាដែលធ្វើឱ្យមានការបោះឆ្នោតនៅឆ្នាំ២០១៥ក្រោយពីរបបសឹកយោធាបានទទួលយកការកែទំ្រង់ការដឹកនាំប្រទេស។

សព្វថ្ងៃប្រទេសភូមាត្រូវមើលឃើញថាជាសមាជិករបស់អង្គការសហប្រជាជាតិដែលមានមេដឹកនាំថ្មីម្នាក់គឺលោកស្រីអ៊ុងសាងស៊ូជីហើយប្រទេសនេះក៏ត្រូវបានមើលឃើញថា កំពុងតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យផងដែរ។

ក្រឡេកមកកម្ពុជាវិញ​គឺលោកផាកទ្រីកម៉ាហ្វីនឹងក្លាយជអ្នកការទូតយ៉ាងសកម្មដើម្បីនយោបាយនៅកម្ពុជាព្រោះបុរសម្នាក់នេះបានទទួលការអនុម័តពីព្រឹទ្ធសភាអមេរិកដោយសារតែការសច្ចារបស់លោកថាជួយធ្វើឱ្យកម្ពុជាមានប្រជាធិបតេយ្យសេរីភាពនយោបាយឡើងវិញ។

នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្រ្ដីកម្ពុជាបើលោកម៉ុកហ្វីផ្ដើមសម្របសម្រួលរឿងនេះថាតើមេដឹកនាំកម្ពុជាប្រតិកម្មជាអវិជ្ជមានឬទេ។គ្មាននរណាអាចដឹងមុនទេ បើពេលវេលាមិនទាន់មកដល់។ប៉ុន្ដែបើឥស្សរជនទាំងពីរនេះ បើសាសងនឹងគ្នាអំពីនយោយបានៅកម្ពុជាច្បាស់ជាដំណាក់កាលដំបូងហើយដែលឯកអគ្គរដ្ឋទូតអាមេរិកម្នាក់នេះសាកល្បងអន្ដរាគមន៍ដំណោះស្រាយមុនការវិលមកវិញរបស់លោកសមរង្ស៊ីដែលបានសច្ចាហើយនោះគឺថ្ងៃ៩វិច្ឆិកា២០១៩នេះ។

ចំណែកឯអគ្គរដ្ឋទូតពីរទៀតគឺប្រទេសជប៉ុននិងអាល្លឺម៉ង់ក៏សុទ្ធតែជាប្រទេសមានសក្ដានុពលនៃទំនាក់ទំនងទ្វេភាគី ពហុភាគីជាមួយកម្ពុជាផងដែរ។

 ប្រទេសជប៉ុនក៏ធ្លាប់សាកល្បងចង់ដើរតួជាអ្នកសម្របសម្រួលជម្លោះនយោបាយសម្រាប់ភាគីកម្ពុជាដែរ។ប៉ុន្ដែប្រទេសមួយនេះនៅតែស្ទាក់ស្ទើរក្នុងការប្រើប្រាស់តួនាទីរបស់ខ្លួនដែលគេដឹងថាជប៉ុនគឺជាអ្នកបច្ចេកទេសនិងជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា។ប្រទេសជប៉ុនធ្លាប់បញ្ចូនមន្រ្ដីជាន់ខ្ពស់ការទូតរបស់ខ្លួនមកកម្ពុជាជាញឹកញាប់ក្រោយពីតុលាការកំពូលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ។

ការដែលជប៉ុនបញ្ចូនអនុរដ្ឋមន្រ្ដីការបរទេសរបស់ខ្លួនមកកម្ពុជាក៏ត្រូវបានមើលឃើញថាជប៉ុនមិនចង់ឃើញស្ថានភាពនយោបាយនៅកម្ពុជាធ្លាក់ក្នុងវិបត្តិមួយដែលសហគមន៍អន្ដរជាតិថ្កោលទោសខ្លាំងកា្លនោះទេ។

ជប៉ុនពេលខ្លះក៏ធ្លាប់ព្រួយបារម្ភជំនួសកម្ពុជាចំពោះការបាត់ប្រព័ន្ធអនុគ្រោះពន្ធEBA បើសហភាពអឺរ៉ុបដកចេញទៅវិញនៅដើមឆ្នាំ២០២០ខាងមុខនេះ។ដោយឡែកសហព័ន្ធអាល្លឺម៉ង់ក៏ជាប្រទេសមានឥទិ្ធពលខ្លាំងមួយនៅសហភាពអឺរ៉ុប។

ឯកអគ្គរដ្ឋទូតប្រទេសនេះត្រូវជួបនាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃនេះដែរ។អាល្លឺម៉ង់តាមរយៈក្រសួងការបរទេសរបស់ប្រទេសនេះតែងតែជម្រុញឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដឡើងវិញជាមួយនឹងការផ្សះផ្សានយោបាយនឹងគណបក្សប្រឆាំង។ក្នុងដំណើរទស្សនកិច្ចកាលពីថ្មីៗនេះដោយឧបនាយករដ្ឋមន្រ្ដីទី១ និងជារដ្ឋមន្រ្ដីមហាផ្ទៃបានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំអាល្លឺម៉ង់ថា កម្ពុជានឹងខិតខំមិនឱ្យបាត់របូតប្រព័ន្ធអនុគ្រោះពន្ធEBAនោះទេ។

លោកសខេង បានធ្វើការតាំងចិត្តដូចនេះគឺមុនពេលដែលនាយករដ្ឋមន្រ្ដីគឺលោកហ៊ុនសែនក៏បានទៅបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសនៅអឺរ៉ុបខាងកើតគឺសាធារណរដ្ឋឆែកប្រទេសប៊ុលហ្ការីនិងហុងគ្រីឱ្យបន្តពង្រឹងទំនាក់ទំនងជាមួយនឹងកម្ពុជាកាន់តែខ្លាំងហើយភ្ជាប់ជាមួយគ្នានេះក៏មេដឹកនាំកម្ពុជាបានប្រាប់អំពីផលប្រយោជន៍ពាណិជ្ជកម្មកម្ពុជាជាមួយនឹងសហភាពអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធEBA។

និយាយពីតួនាទីរបស់អាល្លឺម៉ង់ឡើងវិញ សហព័ន្ធអាល្លឺម៉ង់គឺជាប្រទេសធំជាងគេបង្អស់នៅក្នុងទ្វីបអឺរ៉ុប។សហព័ន្ធអាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំស្រាប់ហើយនេះក៏អាល្លឺម៉ង់ចង់ឱ្យរីកធំថែមទៀត ប៉ុន្ដែអាល្លឺម៉ង់គឺជាប្រទេសប្រជាធិបតេយ្យជឿនលឿនមួយដែរនៅសហភាពអឺរ៉ុប។សម្រាប់កម្ពុជាអាល្លឺម៉ង់មានវិទ្យាស្ថាននិងអង្គការប្រជាធិបតេយ្យចំនួនបីដែលកំពុងពង្រឹងប្រជាធិបតេយ្យនិងសហប្រតិបត្តិកម្ពុជា ដូចជាអង្គការGIZ  Konrad Stiftungនិង Heinrich Böll។

ចំពោះស្ថានទូតធំៗនៃកិច្ចព្រមព្រៀងក្រុងប៉ារីសក៏គេមិនអាចភ្លេចដែរដូចជាប្រទេសអង់គ្លេសបារាំងកាណាដា អូស្រ្ដាលី ស៊ុយអ៊ែត គឺសុទ្ធតែអាចមានលទ្ធភាពជួយស្ដារសហប្រតិបត្តិការការទូតកម្ពុជាលើឆាកអន្ដរជាតិកាន់តែរឹងមាំតាមរយៈការរុញឱ្យកម្ពុជាមានដំណោះស្រាយនយោបាយគឺស្របតាមស្មារតីរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងក្រុងប៉ារីស។

ប៉ុន្ដែយ៉ាងនេះក្ដីគេមិនត្រូវភ្លេចទេ សហព័ន្ធរុស្ស៊ី និង ចិនប្រជាមានិតក៏ជាភាគីហត្ថលេខីសន្ដិភាព២៣តុលាផងដែរ។ប្រទេសធំទាំងពីរនេះជាពិសេសប្រទេសចិនគឺជាមហាមិត្តជិតស្និទ្ធបំផុតនឹងរាជរដ្ឋាភិបាលកម្ពុជា។ប្រទេសចិនក៏អាចដើរតួនាទីដើម្បីផ្សះផ្សាយជម្លោះនយោបាយនៅកម្ពុជាបានផងដែរអោយតែប្រទេសធំមានឆន្ទៈ។

តែគេមិនត្រូវភ្លេចទេ ប្រទេសឥណ្ឌូនេស៊ី ដែលជាសហប្រធានសន្និសីទជាមួយនឹងប្រទេសបារាំងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសសម្រាប់កម្ពុជា។ប្រទេសឥណ្ឌូនេស៊ីកំពុងតែត្រូវបានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាពិសេសលោកស្រីមួរសុខហួរជម្រុញឱ្យប្រទេសនេះពិនិត្យឡើងវិញនូវតួនាទីរបស់ខ្លួនថាតើអាចជួយសម្របសម្រួលនយោបាយនៅកម្ពុជាបានដែរឬទេបើប្រទេសនេះអាចធ្វើបានគឺអាស៊ានផ្សេងៗទៀតរួមទាំងរាជាណាចក្រថៃប្រទេសម៉ាឡេស៊ីដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសផងដែរក៏អាចសម្របសម្រួលខ្លួនជួយបន្ថយភាពតានតឹងនៅកម្ពុជាផងដែរ។

តែនៅពេលជាមួយគ្នានេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងលោកស្រីមួរសុខហួរទាំងលោកសមរង្ស៊ីលោកអេងឆៃអ៊ាងលោកអ៊ូចាន់ឬទ្ធកំពុងតែរៀបចំខ្លួនសុំយកទីតាំងរាជាណាចក្រថៃជាកន្លែងប្រមូលផ្ដុំដើម្បីធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជារប់សលោកសមរង្ស៊ីដែលជាគូប្រជែងតែមួយគត់របស់នាយករដ្ឋមន្រ្ដីកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image