ភ្នំពេញ៖ ប្រជាពលរដ្ឋសហគមន៍ខ្វាវ ក្នុងខណ្ឌដង្កោរ ប្រមាណជាង ៧០ ភាគរយក្នុងចំណោមគ្រួសារទាំងអស់ជាង ១០០គ្រួសារ ដែលជារងគ្រោះដោយសារទឹកជនលិចលំនៅដ្ឋាន នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ នេះ បានស្នើសុំឱ្យអាជ្ញាធរជួយបូមទឹកចេញពីភូមិ ដែលកំពុងជន់លិចផ្ទះរបស់ពួកគេ ។ ករណីនេះអាជ្ញាធរមូលដ្ឋាន អះអាងថា ខ្លួនបានជួយអន្តរាគមន៍សម្រួលក្នុងរឿងនេះរួចហើយ។ ប៉ុន្តែប្រជាពលរដ្ឋថា ការដោះស្រាយរបស់អាជ្ញាធរ ស្ថិតនៅក្នុងស្ថានភាពដដែល មិនមានដំណោះស្រាយ។
ប្រជាពលរដ្ឋ ៤ នាក់ តំណាងឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជនលិចលំនៅដ្ឋាន ប្រមាណជាង ៧០គ្រួសារ ស្ថិតនៅក្នុងភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលជួប លោក ចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ នេះ ដើម្បីស្នើសុំឱ្យអាជ្ញាធរខណ្ឌបង្កើនការជួយបូមទឹកចេញពីភូមិ។
បន្ទាប់ពីបានចូលជួប អាជ្ញាធរខណ្ឌដង្កោរួចមក តំណាងពលរដ្ឋអះអាងថា អាជ្ញាធរខណ្ឌ មិនបានជួយដោះស្រាយបញ្ហាតាមការស្នើសុំរបស់ពលរដ្ឋនោះទេ។
ពលរដ្ឋរងគ្រោះម្នាក់លោក គង់ ចន្ថា បានលើកឡើងថា រូបលោក និងប្រជាសហគមន៍បានមកចូលរួមតវ៉ានៅខាងសាលាខណ្ឌដង្កោ ដើម្បីឱ្យអាជ្ញាធរជួយបន្ថែមម៉ាស៊ីនបូមទឹកពីរគ្រឿង និងប្រេងមួយកានកន្លះ ឬ ៤៥ លីត្រក្នុងមួយថ្ងៃ ដើម្បីបូមរំដោះទឹកចេញពីសហគមន៍ខ្វាវ ប៉ុន្តែក្នុងពេលកន្លងទៅអាជ្ញាធរខណ្ឌដង្កោ បានឱ្យប្រេងសម្រាប់បូមទឹកតែ ១០ ទៅ ២០ លីត្រតែប៉ុណ្ណោះ ។ ពលរដ្ឋរូបនេះ បាននិយាយថា ការសន្យារបស់លោក ចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោ គឺមិនបានគោរពទៅតាមពាក្យសន្យាឡើយ ហើយទុកឱ្យបញ្ហាទឹកលិច នៅតែកើតឡើងដដែល ធ្វើឱ្យពលរដ្ឋពិបាកក្នុងការរស់នៅយ៉ាងខ្លាំង។
ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋខាងលើ លោក ឃួន វណ្ណៈ ជាតំណាងពលរដ្ឋដែរ ហើយដែលបានចូលជួបលោក ចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោនៅថ្ងៃនេះ បាននិយាយថា ការចូលជួបជាមួយលោកអភិបាលរងខណ្ឌដង្កោឱ្យជួយអន្តរាគន៍បន្ថែម ក្នុងការបូមទឹកចេញពីសហគមន៍ខ្វាវនៅថ្ងៃនេះ ហាក់មិនមានផ្លែផ្កាជាលទ្ធផលដល់ប្រជាពលរដ្ឋនោះឡើយ។
លោក ឃួន វណ្ណៈ បន្តថា លោកអភិបាលរងខណ្ឌដង្កោ នៅតែបន្តរក្សាសន្យាថា ជួយដោះស្រាយបញ្ហារំដោះទឹកចេញដដែលៗច្រើនលើកច្រើនសារ ប៉ុន្តែការពិត លោកមិនបានគោរពខ្ជាប់ខ្ជួនចំពោះពាក្យសន្យារបស់ខ្លួនឡើយ ហើយការបូមទឹកចេញតែងតែយឺតយ៉ាវជានិច្ច។
តំណាងពលរដ្ឋរូបនេះ បានអះអាងថា លើកនេះប្រសិនបើអាជ្ញាធរខណ្ឌដង្កោ មិនព្រមគោរពទៅតាមពាក្យសន្យារបស់ខ្លួនដល់ប្រជាពលរដ្ឋទេនោះ ប្រជាពលរដ្ឋនឹងនាំគ្នាឡើងទៅតវ៉ាម្តងទៀត រហូតដល់រឿងនេះអាចដោះស្រាយបាន។
ទាក់ទងនឹងបញ្ហានេះ លោក ចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោ មានប្រសាសន៍យ៉ាងខ្លីប្រាប់វិទ្យុស្ត្រី នៃWMC នៅថ្ងៃនេះថា អាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាបូមទឹកជន់លិចភូមិនេះ ឱ្យប្រជាពលរដ្ឋក្នុងពេលកន្លងទៅ និងនៅក្នុងពេលបច្ចុប្បន្នបានប្រសើរហើយ ហើយពេលនេះអាជ្ញាធរខណ្ឌកំពុងប្រជុំរៀបចំផែនការ ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋជាបន្ត។
សូមជម្រាបផងដែរថា បញ្ហាទឹកលិចសហគមន៍ខ្វាវ ស្ថិតនៅក្នុងភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានកើតឡើងរហូតមកដល់ពេលនេះ មានរយៈពេល ៣ឆ្នាំមកហើយ។ បញ្ហាទឹកលិចសហគមន៍ បានបង្កឱ្យអ្នកភូមិជួបការលំបាកនៅក្នុងការរស់យ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះ មានស្ត្រីម្នាក់បានបាត់បង់ជីវិត ដោយសារឆក់ខ្សែភ្លើង ខណៈជំនន់ទឹកឡើងខ្លាំង។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខ្វាវបានចាត់ទុកទឹកជន់លិចសហគមន៍នេះ ថាកើតឡើងដោយសារការមិនអើពើរបស់អាជ្ញាធរ និងបានដាក់ការសង្ស័យថា មានអ្នកមានអំណាចនៅពីក្រោយខ្នងករណីបង្ហូរទឹកឱ្យជន់លិចសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋចេញពីទីនោះ ងាយស្រួលដល់ពួកគេពុះដីលក់៕