en     km
en     km

លោក សម រង្ស៊ីប្រាប់សភា IPUថា លោកមានបំណងមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និសិទនៃសហភាពអន្តរសភា IPU ថា លោក និងបក្សពួក មានបំណងមកកម្ពុជាតាមប្រទេសថៃ ដោយឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ។ មានការចុះផ្សាយពីសមត្ថកិច្ចថៃថា នឹងមិនផ្ដល់ទិដ្ឋាការដល់ក្រុមលោក សម រង្ស៊ីឡើយ បើក្រុមនេះចូលហើយបង្កចលាចលដល់ប្រទេសនេះ ។ អ្នកវិភាគថា ថៃអាចនឹងមិនចាប់ក្រុមលោក សម រង្ស៊ី ឡើយ ។ នាយករដ្ឋមន្ត្រីកម្ពុជាថា បានរៀបចំកម្ចាត់ក្រុមលោក សម រង្ស៊ី គ្រប់កន្លែងហើយរួមទាំងតាមព្រំដែន ហើយទាហានព្រំដែនទាំងពីរ នឹងមិនអនុញ្ញាតឱ្យក្រុមលោក សម រង្ស៊ី ឆ្លងកាត់មកកម្ពុជាឡើយ ។

រាយការណ៍ដោយ លោក សោម លាភ

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះវីដេអូ ភ្ជាប់ជាមួយចំណងជើងថា «បទអន្តរាគមន៍លោក សម រង្ស៊ី ក្នុងកិច្ចប្រជុំ ជាមួយតំណាងរាស្ត្រសេរីនិយមដូចគ្នា មកពីច្រើនប្រទេស ក្នុងពេលសន្និសិទ នៃសហភាពអន្តរសភា (IPU)» ។

ការណ៍នេះគឺធ្វើឡើងនៅទីក្រុង បែលក្រាដ ប្រទេស ស៊ែប៊ី កាលពីថ្ងៃ ១៤ ខែតុលា ឆ្នាំ ២០១៩ ។

ក្នុងវីដេអូជិតប្រាំនាទី ថ្លែងដោយលោក សម រង្ស៊ី ជាភាសាអង់គ្លេស លោកបានរៀបរាប់អំពីប្រវត្តិដែលលោក បង្កើតគណបក្សប្រឆាំងជាលើកដំបូងដែលមានតែរូបលោកម្នាក់ បន្ទាប់ពីរបបកុំម្មុយនីស្តបានបញ្ចប់ ។ លោករំលឹកបន្ថែមទៀតថា នៅក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតសភានីតិកាលទី ៥ ​ គណបក្សសង្គ្រោះជាតិដែលមានរូបលោក និងលោក កឹម សុខាជាសហស្ថាបនិក ទទួលបានអាសន្នៈក្នុងរដ្ឋសភារហូតដល់ទៅ ៥៥ ។

លោកសម រង្ស៊ី បន្ថែមថា គណបក្សកាន់អំណាច បានរំលាយអតីតគណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សនេះមានការគាំទ្រច្រើន ជាហេតុធ្វើឱ្យការបោះឆ្នោតសភានីតិកាលទី ៦ គណបក្សប្រឆាំងធំជាងគេមិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបាន ។

គួររំលឹកថា ការបោះឆ្នោតកន្លងទៅ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ មានគណបក្សចូលរួមចំនួន ២០ តែគណបក្សដែលឈ្នះឆ្នោត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលទទួលបានអាសន្នៈ១០០% ក្នុងរដ្ឋសភា ពោលគឺ ១២៥ លើ១២៥ នៃអាសន្នៈសភា ។

លោកថា ការណ៍កម្ពុជាដូចទៅនឹងប្រព័ន្ធដឹកនាំប្រទេសកុំម្មុយនីស្ត ដែលជាការដឹកនាំឯកបក្ស ។

លោក សម រង្ស៊ីថា ខណៈពេលដែលលោកត្រូវបានតុលាការកាត់ទោស និងមន្ត្រីផ្សេងទៀត ត្រូវបានចោទប្រកាន់ និងឃុំខ្លួន ជម្រើសតែមួយគត់សម្រាប់លោក គឺវិលចូលកម្ពុជាវិញ ខណៈលោកថាការវិលចូលកម្ពុជាមានហានីភ័យខ្ពស់ ។

ប្រធានស្ដីទីអតីគណបក្សសង្គ្រោះជាតិរូបនេះបន្តទៀតថា រូបលោកផ្ទាល់ មន្ត្រី មានបំណងចូលកម្ពុជាតាមរយៈប្រទេសថៃ ជាមួយនឹងអ្នកគាំទ្រប្រមាណ ២លាននាក់ ។

លោក សម រង្ស៊ី ប្រាប់ទៅសហភាពអន្តរសភាថា អតីតគណបក្សសង្រ្គោះជាតិ ចង់ឱ្យកម្ពុជាមានការបោះឆ្នោតឡើងវិញ ដោយត្រូវឱ្យមានការចូលរួមពីគណបក្សរបស់លោក រួមទាំងមានការដោះលែង និងលើកលែងការចោទប្រកាន់ដល់សកម្មជន និងមន្ត្រីទាំងអស់របស់អតីតគណបក្សប្រឆាំង ។

លោកថាអន្តរជាតិមួយចំនួន មានកាតព្វកិច្ចធ្វើយ៉ាងណា បង្ខំឱ្យរបបដឹកនាំកម្ពុជាសព្វថ្ងៃរកឱ្យបានវិញ នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស   តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីថ្ងៃទី ២៣ តុលា ១៩៩១ ។

ពាក់ព័ន្ធទៅនឹងដំណើរមាតុភូមិនិវត្តរបស់បក្សពួកលោក សម រង្ស៊ី លោកស្រីមួ សុខហួ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា មក​ដល់​ពេល​នេះ គឺ​ក្រុម​អ្នក​គាំ​ទ្រ ​លោក សម រង្ស៊ី ​នៅក្រៅ​ប្រទេស​ចំនួន​ពីរ​យន្ត​ហោះ​ហើយ ​បាន​ចេញ​ពី​ប្រទេស​នានា​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​ ។

នាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តចេញសារហឹងក្សាដោយថាចាប់​ និងកម្ចាត់ក្រុមលោក សម រង្ស៊ីឱ្យខានតែបាន ។

នាយករដ្ឋមន្ត្រីកម្ពុជានៅតែបង្ហាញចម្ងល់ថា មិនដឹងថា ក្រុមលោក សម រង្ស៊ី និងអ្នកគាំទ្រពីក្រៅប្រទេស ចូលមកកម្ពុជាតាមផ្លូវណានោះទេ ដែលសម្ដេចថា បើមកពីកូរ៉េ លុះត្រាតែមានយន្តហោះដឹក ៥០០ គ្រឿង ទើបបាន ជាងនេះសម្ដេចថាកងទ័ពកម្ពុជាថៃ​ នឹងមិនអនុញ្ញាតឱ្យក្រុមលោក សម រង្ស៊ី ឆ្លងកាត់មកកម្ពុជាឡើយ ។

កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា នឹងបញ្ជូនដីកាទៅប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនមកកម្ពុជា ។

តែយ៉ាងណា នាយរដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក មហាធាមហាម៉ាត ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា មិនទាន់ទទួលបានដីការនេះនៅឡើយនោះទេ ខណៈមន្ត្រីកម្ពុជាថាបញ្ជូនទៅគ្រប់ប្រទេសហើយ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយឯករាជ្យ ធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ថៃអាចចឹងពិចារណាមិនចាប់លោក សម រង្ស៊ី បញ្ជូនមកម្ពុជាក៏ថាបាន ដោយសារគិតពីទំនាក់ទំនងទៅថ្ងៃអនាគតប្រសិនបើកម្ពុជាមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ។

បើតាមការចុះផ្សាយលើអង្គភាពសារព័ត៌មាន Fresh News ចុះផ្សាយនៅថ្ងៃទី ១៦ តុលាថា សមត្ថកិច្ចថៃថា ថៃនឹងពិចារណាមិនឱ្យទិដ្ឋាការដល់ក្រុមរបស់លោក សម រង្ស៊ីឡើយ ប្រសិនបើការចូលនោះ បង្កជាចលចល ឬបញ្ហាសន្តិសុខដល់ប្រទេសថៃ ។  

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ថ្លែងកាលពីថ្ងៃទី ១៣ ខែ​តុលាថា  គម្រោង​មាតុភូមិនិវត្តន៍មក​កម្ពុជា​វិញ​របស់​ លោក សម រង្ស៊ី មិន​មែន​ជា​ដំណើរ​នាំ​យក​សុខសន្តិភាពនោះ​ទេ តែមាតុភូមិនិវត្តន៍នេះ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​រវាង​ខ្មែរ​និង​

លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកមកកម្ពុជាដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យដើម្បីរក្សាការអនុគ្រោះពន្ធ ធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ហើយមិនមែនជាសកម្មភាពរដ្ឋប្រហារឡើង ៕

Share

ព័ត៌មានទាក់ទង

Image