en     km
en     km

មន្ត្រីយុត្តិធម៌ថាពលរដ្ឋសារភាពលែងគាំទ្រលោកសម រង្ស៊ីគឺជាការជួយសង្គមតែលោកសមរង្ស៊ីថាត្រូវក្រោកឈរដើម្បីជួយជាតិ

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានសរសេរលើទំព័រហ្វេសបុកថា ពលរដ្ឋដែលកំពុងលង់ខ្លួនគាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មានតែជម្រើសមួយគត់ដើម្បីជួយខ្លួនឯង និងសង្គម គឺចូលសារភាព ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលលោក សម រង្ស៊ី បន្តអំពាវនាវឱ្យពលរដ្ឋកម្ពុជាចេញមកទទួលលោក និងមន្ត្រីមួយចំនួនទៀត ដែលនឹងមកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ហើយលោកថា ដើម្បីរំដោះប្រទេសកម្ពុជាពីមេដឹកនាំផ្ដាច់ការ ។

រាយការណ៍លម្អិតដោយលោក សោម លាភ

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៤ តុលាថា ការសារភាព ជាជម្រើសតែមួយគត់ដើម្បីជួយខ្លួនឯង និងជួយសង្គម សម្រាប់អ្នកដែលកំពុងលង់គាំទ្រគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ដែលលោកហៅថា ជាឧបាយកឧក្រិដ្ឋរបស់លោក សម រង្ស៊ី ។

លោកគឹម សន្តិភាពហៅគម្រោងវិលចូលកម្ពុជាវិញពីលោក សម រង្ស៊ី និងបក្សពួក គឺជាការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម ។

យ៉ាងណាលោកថា អ្នកគាំទ្រ គឺជាប់ជំពាក់នឹងបញ្ហាផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ពោលគឺបទឧក្រិដ្ឋ ។

លោកបានសរសេរក្នុងន័យដើមថា «យោងតាមច្បាប់កម្ពុជា សម្រាប់បទឧក្រិដ្ឋ រួមគំនិតក្បត់ បើបងប្អូនចូលសារភាពកំហុសមុនការចោទប្រកាន់ នោះបងប្អូននឹងរួចខ្លួន ហើយប្រសិនបើបងប្អូនទើបបានដឹងកំហុស ចេញសារភាពក្រោយការចោទប្រកាន់ នោះតុលាការអាចពិចារណាលើស្ថានអនុគ្រោះចំពោះការឃុំខ្លួន!»

ក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា ៤៥៣ បានចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្ដែងមួយឬច្រើន ។

បទល្មើសប្រភេទនេះ គឺជាបទល្មើសឧក្រិដ្ឋ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ១០ ឆ្នាំ តែបើជាមន្ត្រីរាជការសាធារណៈវិញ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ឆ្នាំ ។

មាត្រា ៤៥៤ បានចែងថា បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ ត្រូវរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត ។

លោកអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលគាំទ្រគម្រោងមាតុភូមិនិវត្តន៍នោះ គួរតែចូលខ្លួនសារភាពដើម្បីជួយដល់ខ្លួនឯង និងចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

ដោយឡែក ចំពោះលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ហៅថាជាមេដឹកនាំរដ្ឋប្រហារ នៅតែបន្តអំពាវនាវឱ្យប្រជាពរដ្ឋនៅកម្ពុជា ចេញទៅទទួលលោក និងមន្ត្រីផ្សេងទៀតនៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ៩ វិច្ឆិកា ដើម្បីសង្គ្រោះកម្ពុជា ដែលលោកថាសង្គ្រោះចេញពីកណ្ដាប់ដៃមេដឹកនាំផ្ដាច់ការ ។

លោកថា ដំណើរមាតុភូមិនិវត្តន៍នោះ គឺនៅដដែល មិនមានអ្វីប្រែប្រួលទេ ។

លោកសម រង្ស៊ី ជឿជាក់ថា ប្រជាពលរដ្ឋនៅកម្ពុជាមិនមានការតក់ស្លុតចំពោះការចាប់ និងចោទប្រកាន់ទៅលើមន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិឡើយ ។  លោកថា ការចាប់ និងចោទប្រកាន់បែបនេះ ដោយសារតែថ្នាក់ដឹកនាំកម្ពុជាសព្វថ្ងៃភ័យខ្លាចចំពោះមាតុភូមិនិវត្តន៍របស់លោក និងមន្ត្រីផ្សេងទៀត ដែលលោកថានេះជាទង្វើព្រៃផ្សៃជាទីបំផុត បង្ហាញថានាយករដ្ឋមន្ត្រីកម្ពុជាមិនក្លាហានសោះឡើយ ។

លោកថា លោក និងបក្សពួក មិនមែនជាអ្នកធ្វើរដ្ឋប្រហារនោះទេ តែអ្នកដែលធ្វើរដ្ឋប្រហានោះគឺនាយករដ្ឋមន្ត្រីកម្ពុជាសព្វថ្ងៃទៅវិញទេ ។

លោកបញ្ជាក់ជាថ្មីម្ដងទៀតថា លោកមិនបានប្រមាថព្រះមហាក្សត្រនោះទេ ហើយក៏គ្មានបំណងផ្ដួលរំលំរបបរាជានិយមឡើយ មានតែនាយករដ្ឋមន្ត្រីកម្ពុជាតែប៉ុណ្ណោះដែលធ្វើបែបនោះ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ថ្លែងការពីថ្ងៃទី ៧ តុលា ដោយចំអកឱ្យលោក សម រង្ស៊ីចូលឱ្យបានឆាប់ បើចង់សាកជាមួយសម្ដេច ។

លោកបណ្ឌិតមាស នីអ្នកវិភាគនយោបាយឯករាជ្យ បានប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា កម្ពុជាកំពុងវិវត្តន៍ទៅរករបបផ្ដាច់ការ បើមិនមានការដើរថយក្រោយវិញទេនោះ ។

បើតាមការអង្កេត មានមតិមួយចំនួនលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជា បើមិនមានការស្ដារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ ដែលគេមើលឃើញថាមានការធ្លាក់ចុះក្រោយការបោះឆ្នោតសភានីតិកាលទី ៦នោះទេ នឹងធ្វើឱ្យមានបញ្ហាប្រឈមច្រើន ពិសេសគឺបញ្ហាសេដ្ឋកិច្ច ព្រោះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងព្យួរការអនុគ្រោះពន្ធ បើកម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋទេនោះ ៕

Share

ព័ត៌មានទាក់ទង

Image