en     km
en     km

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

Share

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់ពីអត្ថិភាព​​ នេះជាអ្វីដែលចិនកំពុង ធ្វើឱ្យតៃវ៉ាន់ក្លាយជាបែបនោះ។ចិនតែងតែអះអាងថាតៃវ៉ាន់ជាខេត្តកោះមួយរបស់ខ្លួនទោះជាប្រទេសនេះធ្វើខ្លួនឯករាជ្យជិត៧០ឆ្នាំមកហើយ។ថែមទៀតនោះចិន មានគម្រោងធ្វើឱ្យបាននូវការដាក់ យកខេត្តនេះចូលជាប្រទេសមួយប្រព័ន្ធពីរ ដូចគោលនយោបាយដែលខ្លួនបានយក មកអនុវត្តនៅហុងកុងនិងម៉ាកាវ ឱ្យសមតាមបំណងនៃការចង់បានសេរីភាពក្នុងមាគ៌ា ប្រជាធិបតេយ្យហើយបន្ដជ្រើសរើសតំណាងរបស់ខ្លួនមកនិយាយនឹងបក្សកុម្មុយនីស្ដ។ តែអ្វីទាំងអស់នេះ មិនអាចបញ្ចុះបញ្ចូលឱ្យមេដឹកនាំស្រ្ដីខ្លាំងរបស់តៃវ៉ាន់ ស្របតាមនោះទេ លោកស្រី សាយអឹងវ៉េ ប្រកាន់ជំហរថាគ្មានផ្លូវនាំតៃវ៉ាន់ទៅកាន់ គោលនយោបាយប្រទេសមួយប្រព័ន្ធពីរនោះទេ។ បើទោះបីជាពេលនេះ សម្ដីទាំងនោះរបស់លោកស្រីអាចជាការឃោសនាមុនការប្រកួតសម្រាប់ការបោះឆ្នោតសកលប្រទេសនេះឆ្នាំ២០២០ខែមករាក្ដី តែវាមានឥទ្ធិពលដល់ជ័យជម្នះបក្ស នឹងការដឹកនាំពង្វៀងចេញពីចិន។ បើកាលណាលោកស្រីកាន់តែចង់ពង្វៀងខ្លួនចេញពីចិន ចិនត្រូវពង្វៀងសម្ព័ន្ធមិត្ត​លោកស្រីឱ្យឆ្ងាយពីខ្លួន នោះភាពស្របច្បាប់នៃការដឹកនាំរដ្ឋ និង រដ្ឋខ្លួន គឺបានត្រឹមតែជាចំណុះចិនដដែល។

តៃវ៉ាន់ប្រឈមនឹងការវាយប្រហារផ្លូវការទូតរបស់ចិន តែពង្រឹងយោធា

ក្នុងពេលមួយប៉ប្រិចភ្នែកនៃខែកញ្ញា នយោបាយការទូតរបស់តៃវ៉ាន់ចុះឥទ្ធិពលជាខ្លាំង ប្រទេសចំនួន១៧ដែលទទួលស្គាល់ខ្លួនថាជារដ្ឋ ត្រូវបានរបូតអស់ពីរទៅហើយ។នេះបើតាមគេហទំព័រ world population review។ ប្រទេសទាំងពីរនោះសុទ្ធសឹងតែមកពីអាស៊ីប៉ាស៊ីហ្វិចរួមមាន កោះសូឡូម៉ុន និង​គីរីបាទី ខណៈដែលប្រទេសប្រមាណ១៥សេសសល់រួមមាន ណារ៉ូ ទូវ៉ាលូ ផាវលូ ម៉ាសាល ជាដើម សុទ្ធតែត្រូវបានព្យាករណ៍ថាគ្មានជំហររឹងមាំសម្រាប់មិត្តភាព ការទូតនឹងតៃវ៉ាន់ប៉ុន្មាននោះទេ។

បើតាមទ្រឹស្ដីរដ្ឋ ធាតុផ្សំនៃរដ្ឋ គឺ ទឹកដី ប្រជាជន រដ្ឋាភិបាល និង ទ្រឹស្ដីទំនើបចុងក្រោយ គឺចាំបាច់ណាស់ អធិបតេយ្យភាព ហើយវាជាបញ្ហាមួយចំបងសម្រាប់តៃវ៉ាន់។ អធិបតេយ្យភាពត្រូវតែទទួលស្គាល់ ដោយប្រទេសជាប់ព្រំដែនទាំងអស់ ដើម្បីបង្ការជម្លោះព្រំដែន និង ភាពជាសមាជិករបស់អង្គការសហប្រជាជាតិ ព្រោះត្រូវតម្កល់ផែនទីរបស់ខ្លួននៅទីនោះ និង ស្វាគមន៍ចូលមហាគ្រួសាររបស់ពិភពលោក។

មកដល់ពេលនេះ តៃវ៉ាន់មានធាតុផ្សំចំនួនបីហើយ ប្រជាពលរដ្ឋមានប្រមាណ២៣ លាននាក់ដណ្ដប់លើផ្ទៃដី 36,193 គីឡូម៉ែត្រការេ និង រដ្ឋាភិបាលដឹកនាំដោយ លោកស្រីសាយអឹងវ៉េស្របតាមរបបសាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ ជ្រើសរើសមាគ៌ាប្រជាធិបតេយ្យជាគោលការណ៍ តែកង្វះអធិបតេយ្យភាព បានធ្វើឱ្យចិនប្រាថ្នាយកតៃវ៉ាន់មកវិញ។ តែទោះយ៉ាងណា តៃវ៉ាន់រាប់ថាជាខ្លាទាំងបួនរបស់អាស៊ី ដែលមានចិន ជប៉ុន កូរ៉េខាងត្បូងជាមួយខ្លួន ។ និង បើតាមទ្រឹស្ដីភាពខ្លាំងរបស់រដ្ឋ​ ធាតុចូលចាំបាច់ចំនួនបីរួមមាន សេដ្ឋកិច្ច យោធា និង ការទូត អាចកសាងសក្ដានុពលរដ្ឋមួយបាន តែពេលនេះការបាត់បង់សម្ព័ន្ធមិត្តចំនួនពីររបស់តៃវ៉ាន់កជាចំណែកខុសរបស់អាមេរិកផងដែរ។អាមេរិកគឺជាប្រទេសមហាអំណាចទាំងបីក្នុងពិភពលោកដែលមិនចំហនយោបាយនឹងតៃវ៉ាន់ក៏ពិតមែន តែជាប្រទេសមួយដែលនៅពីក្រោយជំហរតៃវ៉ាន់ជានិច្ច កោះចំនួនពីរដែលផ្ដាច់ទំនាក់ការទូតនឹងតៃវ៉ាន់គឺមកពីអាមេរិកមិនបានមើលប្រយោជន៍របស់ពួកគេក្នុងកែវភ្នែកតាមរយៈការរំសាយកិច្ចប្រជុំទ្វេភាគីរវាងលោកអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និង នាយករដ្ឋមន្រ្ដីកោះសូឡូម៉ុន និង គីរីបាទី។ មជ្ឈដ្ឋានបារម្ភខ្លាចឥទ្ធិពល ដូមីណូនឹងជះឡើងនៅពេលដែលរដ្ឋមួយធ្វើឡើងបន្ដ កន្ទុយនឹងរដ្ឋមួយទៀតតាមរយៈឥរិយាបថដដែលនេះទៅកាន់តៃវ៉ាន់ ហើយដោយប្រទេសនីមួយៗចាំបាច់ត្រូវស្វែងរកប្រយោជន៍ជាឧត្តមភាពរបស់ជាតិ ប្រទេសទាំងនោះបានប្រកាសដើរចេញពីតៃវ៉ាន់ហើយទៅចាប់ដៃយ៉ាងណែននឹងចិន។រូបភាពបែបនេះបានធ្វើឱ្យអាមេរិកតាមរយៈអ្នកវិភាគរបស់the national intertests ថាមិនគួរបណ្ដោយឱ្យយុទ្ធសាស្រ្ដអាស៊ីប៉ាស៊ីហ្វិកដើរថយក្រោយនោះទេ ខណៈដែលចិនបានស្វាគមន៍កោះអាស៊ីប៉ាស៊ីហ្វិចខាងត្បូងឱ្យគាំទ្រលើកិច្ចអភិវឌ្ឍតាមរយៈសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ចរន្ដភ្ជាប់នៃសកលភាវូបនីយកម្ម ដែលអាចជួយខ្លួនងើបពីភាពក្រីក្រដោយ ហិរញ្ញប្បទាន។

ដើម្បីការពារភាពឯកោការទូតតៃវ៉ាន់ត្រូវបានផ្ដល់សម្រេចប្រើប្រាស់យន្ដការជំនួយអន្ដរជាតិដើម្បីរក្សាភាពជាដៃគូនឹងបញ្ចុះបញ្ចូលប្រទេសមួយចំនួនឱ្យបំបែកខ្លួនចេញពីឥទ្ធិពលចិន។បែបនេះគេហៅថា ជានយោបាយការទូតដុល្លារ។

ក៏ប៉ុន្ដែមន្រ្ដីចិនជឿជាក់ថាបើកាលណាដៃគូការទូតតៃវ៉ាន់ដើរចេញនោះវានឹងកើតឡើងនូវសកម្មភាពដែលចិនអាចប្រឆាំងនឹងរដ្ឋបាលខុសច្បាប់របស់តៃវ៉ាន់កាន់តែខ្លាំងបាន ពោលបានសេចក្ដីថាចិនមិនចង់ត្រឹមតែធ្វើឱ្យតៃវ៉ាន់ឯកោនោះទេ តែចិនប្រាថ្នាឱ្យសាយអឹងវ៉េចាញ់ឆ្នោតទៀតផងតាមរយៈការឱ្យពលរដ្ឋមើលឃើញពីកង្វះភាពជាអ្នកដឹកនាំរបស់ស្រ្ដីរូបនេះត្រង់ថាមិនអាចបំបែកទំនាក់ទំនងចិននិងប្រទេសដទៃតែធ្វើឱ្យបរាជ័យដល់ខ្លួនឯង។គឺស្របពេលជាមួយគ្នានេះ បក្សប្រឆាំងគូមីនតាង បានអំពាវនាវឱ្យរដ្ឋមន្រ្ដីការទូតចុះចេញពីតំណែងជាការទទួលខុសត្រូវលើការបាត់បង់ជាផ្លូវការនៃបរាជ័យការទូត។

តែបែបនេះ តៃវ៉ាន់មិនចុះញ៉មនោះទេ តៃវ៉ាន់ទើបបានបញ្ជាទិញពីមហាអំណាច អាមេរិកនូវសព្វាវុធ ២ពាន់២រយលានដុល្លារក្នុងការបញ្ជាទិញនូវរថក្រោះ M1A2T Abrams  ចំនួន១០៨គ្រឿង កាំភ្លើង Stinger២៥០ ដើម រួមនឹង រថក្រោះផ្ទុកមីស៊ីល១៥០០គ្រឿងក្នុងបុព្វហេតុកិច្ចការពារសន្ដិសុខជាតិ និង​ស្ថេរភាពតំបន់គឺប្រកាសដូចជាប្រកាសថាទោះជាឯកា ក៏មិនទន់ខ្សោយដែរ។

តៃវ៉ាន់ក្នុងជម្លោះសមុទ្រចិនខាងត្បូង

ចង់ឬមិនចង់ តៃវ៉ាន់ពិតជាមានអារម្មណ៍ថាមានការគម្រាមកំហែង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចពីសំណាក់ចិនហើយ ព្រោះសាររបស់រដ្ឋមន្រ្ដីការបរទេស តៃវ៉ាន់បានធ្វើឡើងដោយចោទចំបោះការអនុវត្តអំពើចក្រពត្តិនយមផ្ដាច់ការរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចដោយពន្លិចពីផែនការដែលចិនចាប់អារម្មណ៍បើកស្ថានីយៗរ៉ាដានៅប្រទេស គីរីបាទី និង កសាងមូលដ្ឋានទ័ពយោធាចិននៅខេត្តខាង លិចចនៃកោះសូលូមុន។ស្រង់មកផ្សាយដោយABC News លោករដ្ឋមន្រ្ដីJoseph Wuបាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះដោយជម្រុញឱ្យប្រទេសជាច្រើនរួមនឹងសហរដ្ឋអាមេរិកដាក់សម្ពាធចិនក្នុងចលនាកាត់បន្ថយវត្តមានតៃវ៉ា់ន់នៅអាស៊ីប៉ាស៊ីហ្វិចកលោកថា ខ្ញុំមិនចង់ឃើញប៉ាស៊ីហ្វិចធ្លាក្នងសមុទ្រចិនខាងត្បូង ដល់តែថ្ងៃមួយយើងថាគ្រប់យ៉ាងយឺតពេលនោះទេ ព្រោះចិនក៏មានគំរោងកសាងកោះសិប្បនិម្មិតនិងកន្លែងស្រាវជ្រាវធនធានធម្មនជាតិលើប្រទេសអស់នោះនិងតំបន់មានជម្លោះសមុទ្រដែរ។ដូច្នេះហើយក្នុងវេទិកាជួបជុំអ្នកការទូតក្រុងតៃប៉ិនឹងនូវែលហ្សាឡង់ អូស្រ្ដាលី កាណាដា អាមេិរកនោះ អ្នកការទូតអាមេរិកនៅអូស្រ្ដាលី ​លោកស្រី Sandra oudkirk  ថានឹងជួយតៃវ៉ាន់ព្រោះតៃវ៉ាន់គឺជាកម្លាំងសង្កត់ដ៏ល្អក្នុងប៉ាស៊ីហ្វិចនិងពិភពលោក បែបនេះហើយដែលយើងត្រូវតែគាំទ្រពេញទំហឹងក្នុងទំនាក់ទំនងតៃវ៉ាននឹងប្រជាជាតិអាស៊ីប៉ាស៊ីហ្វិច។

តើតៃវ៉ាន់នឹងឯកោដូចយុទ្ធសាស្រ្ដចិនទេ?

​​តៃវ៉ាន់មិនអាចប្រឈមម្នាក់ឯងបានទេ ព្រោះការដែលធ្វើឱ្យចិនបែកបាក់គ្នាទំនង ជាការចង់មើលឃើញពីអន្តរជាតិមួយចំនួន។បើទោះក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់កាលពីថ្ងៃទី២៣ កញ្ញា បានព្រមានពីក្រុមសម្ព័ន្ធមិត្តសេសសល់នឹងប្ដូរសម្ព័ន្ធភាពទៅចិនក្ដីតែមានការជឿជាក់ថា មិនមានប្រសិទ្ធភាពណាស់ណាទេសម្រាប់រដ្ឋាភិបាលលោកស៊ី ហើយក៏មិនជម្រុញឱ្យផ្ទៃក្នុងតៃវ៉ាន់ដែលមាននិន្នាការចិនកុម្មុយនីស្ដអាចយកឈ្នះលោកស្រីសាយបានដែរ ព្រោះសាយនិងប្រជាពលរដ្ឋដើរលើផ្លូវរួមគ្នាទៅហើយគឺ គ្មានផ្លូវពួកគេមានឥទ្ធិពលដល់សំឡេងអ្នកបោះឆ្នោតតៃវ៉ាន់ទឪតទេតែចិននៅតែបន្ដរុកករួននយោបាយផ្ទៃក្នុងតៃវ៉ាន់។ យ៉ាងម៉េចក៏ដោយ កោះតៃវ៉ាន់នឹងបន្តរក្សាការទាក់ទងអន្តរជាតិទោះមានឬគ្មានការទទួលស្គាល់ការទូតជាផ្លូវការ។ ប៉ុន្តែប្រការនេះតម្រូវឱ្យតៃវ៉ាន់ត្រូវមានសកម្មភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋដែលមិនបានទទួលស្គាល់ខ្លួននៅឡើយជាពិសេសមហាអំណាចក្នុងពិភពលោក និង តំបន់ ដូចជាសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជាដើម តែទោះជាយ៉ាងណា ភាពឯការបស់តៃវ៉ាន់មិនមែនជាបញ្ហារបស់តៃវ៉ាន់តែម្នាក់ឯងនោះទេ៕

អត្ថបទ៖ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image