en     km
en     km

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

Share

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ

ក្រុងភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១០ ខែ តុលា ឆ្នាំ ២០១៩ នេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយមកត្រឹម ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ ពោលធនាគារនេះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាអាចនឹងទ្រោមចុះខ្លាំង។

ធនាគារពិភពលោកបានព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចមកពីកត្តានៃការទាញទម្លាក់ដោយការដកហូតសិទ្ធិអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអ៊ឺរ៉ុប និង កត្តាមួយចំនួនដែលប៉ះទង្គិចពីសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក។

របាយការណ៍នេះក៏បានព្យាករណ៍ថា ល្បឿនកំណើនសេដ្ឋកិច្ចនឹងរអិលធ្លាក់ចុះពី ៧.៥ភាគរយ នៅឆ្នាំ ២០១៨ មកត្រឹមតែ ៧ភាគរយវិញសម្រាប់ឆ្នាំ ២០១៩នេះ។ របាយការណ៍នេះបញ្ជាក់ថា ការថមថយនេះគឺគឺមកពីរដ្ឋាភិបាលកម្ពុជាពឹងផ្អែកទាំងស្រុងខ្លាំងពេកលើការវិនិយោគផ្ទាល់ពីប្រទេសចិន និង ទេសចរណ៍ជនជាតិចិន។

ទោះជាយ៉ាងណាក្តី របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ថា វិស័យនាំចេញមានការថមថយបន្តិចមែន តែវិស័យសំណង់នៅតែបន្តលូតលាស់។ ផលិតផលក្នុងស្រុកសរុបកើនឡើងពី ៩.៤ ក្នុងឆ្នាំ ២០១៨ ដល់ ៩.៨ ក្នុងឆ្នាំ ២០១៩នេះ។

របាយការណ៍នេះបានបញ្ជាក់ក្នុងន័យដើមថា «ការដក​ចេញ​នូវ​ប្រព័ន្ធ​ EBA​ ប្រសិនបើ​កើត​ឡើង​មែន​ និងការ​ធ្លាក់​ចុះ​គំហុក​របស់​សេដ្ឋកិច្ច​ចិន​ (ដែល​មក​ពី​ការ​អូស​បន្លាយ​នៃភាព​តាន​តឹង​ ​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​) អាច​ធ្វើ​ឲ្យ​លទ្ធ​ភាព ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ទ្រោម​ចុះ​ខ្លាំង​ នៅ​ពេល​ដែល​សេដ្ឋ​កិច្ច​នេះ​កំពុង​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ ទៅលើ​ការ​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​សហភាព​អឺរ៉ុប​ និង​ទៅលើ​ការ​ហូរ​ចូល​របស់​ទុន​វិនិយោគ​ផ្ទាល់ និង​ភ្ញៀវ​ទេសចរ​ពីប្រទេស​ចិន​»។

លំហូរនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបគឺស្រូបយក ៤០ ភាគរយនៃផលិតផលនាំចេញពីកម្ពុជា។

លោក​ផៃ ​ស៊ីផាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាលបានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានក្រៅប្រទេសមួយថា ជាការឆាប់រហ័សពេកហើយ ដែលធនាគារពិភពលោកបានចេញអនុសាសន៍សម្រាប់រដ្ឋាភិបាលកម្ពុជា។

លោក ផៃ ស៊ីផាន បន្តថា កម្ពុជាកំពុងធ្វើការយ៉ាងមាមាញឺកក្នុងការចរចារជាមួយសហភាពអឺរ៉ុបដើម្បីកុំឲ្យដកប្រព័ន្ធពន្ធអនុគ្រោះ។

លោកបានលើកឡើងថា៖ បាទ! វាពិតជាលឿនពេកហើយសម្រាប់ធនាគារពិភពលោក ហើយរដ្ឋាភិបាលលោកកំពុងតែធ្វើការចរចារជាមួយសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបក៏កំពុងតែមើលពីសមាសភាព ហើយយើងពិបាកនឹងឆ្លើយ ហើយនឹងពិបាកនិយាយថាម៉េច ក៏ប៉ុន្តែរដ្ឋាភិបាលគេមានថវិការជាតិសម្រាប់រឿងនេះហើយ។

លោកបន្តថា រដ្ឋាភិបាលមានថវិការមួយចំនួនសម្រាប់ដោះស្រាយរឿងនេះ ប្រសិនបើ EBA ត្រូវបានដកចេញមែនចាប់ពីដើម ឆ្នាំ ២០២០នេះ។

អ្នកស្រី​ Claire Hollweg សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់​ក្រុម​អ្នកកាសែត​ថា ​ដើម្បី​ឲ្យ​កម្ពុជា អាច​ទប់ទល់​នឹង​ស្ថានភាព​លំបាក​ក្នុង​ករណី​មានការ​បាត់​បង់​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុបនោះ​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​ ​គួរតែ​ពិចារណា​លើ​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ ដែល​ជាផ្នែក​មួយ​អាចធ្វើ​ឲ្យបរិយាកាស​ធ្វើ​ជំនួញ​មាន​ភាព​ប្រសើរ​ឡើង​ និង​ដើម្បី​ទ្រទ្រង់​របស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

ប៉ុន្តែថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មានប្រាក់បម្រុងអន្តរជាតិជាង ១៥ពាន់លានដុល្លារអាមេរិក ក្នុងនោះមានមាសប្រមាណ ៣០​ តោនផងដែរ ប្រសិនបើមានការសម្រេចថាដក ឬមិនដកពន្ធអនុគ្រោះពីកម្ពុជាដោយសហភាពអឺរ៉ុប និងអាមេរិក ។

គួររម្លឹកថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកម្ពុជាដោយព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA គឺកម្ពុជា ត្រូវខាតបង់ប្រាក់ពន្ធនេះ ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏កំពុងធ្វើពង្រាយច្បាប់ ដកប្រព័ន្ធអនុគ្រោះពន្ធGSPពីកម្ពុជាផងដែរ គឺមានប្រមាណ​៤០០​លាន​ដុល្លារ។

ទំនិញ ដែលកម្ពុជានាំចូលទីផ្សាររបស់ប្រទេសធំពីរនេះ ហើយទទួលការលើកលែងពន្ធ គឺ សម្លៀកបំពាក់  កង់ ស្ករស ជាដើម។ កម្លាំងពលកម្ម បម្រើសេវានេះ មានជិតមួយ​លាន​នាក់​ភាគច្រើនជាស្ត្រី៕

Share

ព័ត៌មានទាក់ទង

Image