ភ្នំពេញ៖ អគ្គរាជទូតតំណាងសន្តិភាពពិភពលោក លោក Prem Rawat បានដល់កម្ពុជាជាលើកដំបូង និងធ្វើជាវាគ្មិននៅក្នុងវេទិកាសាធារណៈ ស្តីពីការអប់រំផ្លូវចិត្ត ឬហៅជា ភាសាអង់គ្លេសថា “Educating the Heart” ក្នុងគោលបំណងចែករំលែកបទពិសោធក្នុងការ អប់រំផ្លូវចិត្តដល់និងយុវជនជាសិស្សនិស្សិតកម្ពុជា។
កាលពីរសៀលថ្ងៃច័ន្ទទី ២៦ ខែតុលា ឆ្នាំ ២០១៥ ម្សិលមិញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន លោក Prem Rawat អគ្គរាជទូតតំណាងសន្តិភាពពិភពលោក បានចូលរួម ធ្វើវាគ្មិននៅក្នុងវេទិកាសាធារណៈ ស្តីពីការអប់រំផ្លូវចិត្ត ដើម្បីចែករំលែកពីវិធីសាស្ត្រ និងបទពិសោធ ក្នុងបំណងជំរុញឱ្យសិស្សនិស្សិតមានការអប់រំផ្លូវចិត្តល្អ បង្កើតសន្តិភាព ផ្លូវចិត្ត។
នៅចំពោះមុខយុវជនកម្ពុជា ដែលជាសិស្សនិស្សិតប្រមាណជាង ៥០០ នាក់ លោក Prem Rawat បាននិយាយថា មូលហេតុដែលលោកលើកយកប្រធានបទ «ការអប់រំផ្លូវចិត្ត» មកចែករំលែកដល់សិស្សនិស្សិតកម្ពុជានៅថ្ងៃម្សិលម៉ិញនេះ ពីព្រោះការអប់រំផ្លូវចិត្ត ត្រូវការជាចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សគ្រប់ទីកន្លែង ជុំវិញពិភពលោក ជាពិសេសស្ថានភាពបច្ចុប្បន្នការអប់រំផ្លូវចិត្ត ជាបញ្ហាត្រូវយកចិត្តទុកដាក់។
លោក Prem Rawat បានបន្តថា សន្តិភាពផ្លូវចិត្ត គឺជាចំណុចចាប់ផ្តើមនៃសន្តិភាពរបស់ពិភពលោក ដូច្នេះដើម្បីឱ្យពិភពលោកមានសន្តិភាព ជាដំបូងទាមទារឱ្យមនុស្សមានសន្តិភាពផ្លូវចិត្តជាមុនសិន ។
អគ្គរាជទូតតំណាងសន្តិភាពពិភពលោក បានបង្ហាញសារខ្លីមួយដល់យុវជនកម្ពុជាក្នុងការធ្វើបទបង្ហាញរបស់លោកគឺ៖ «បុគ្គលគ្រប់រូបកើតមកមិនអាចកំណត់ពេលវេលាកើត និងស្លាប់បានទេ ប៉ុន្តែខណៈដែលយើងកំពុងរស់នៅ បុគ្គលអាចធ្វើរឿងរ៉ាងល្អៗបានយ៉ាងច្រើនសម្រាប់ជីវិត ដែលកើតពីសន្តិភាពផ្លូវចិត្ត»។
យុវតី ប៉ុន ម៉ូនីកា ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ ដែលបានចូលរួមក្នុងកម្មវិធី អប់រំផ្លូវចិត្តនេះ បាននិយាយ ការធ្វើបទបង្ហាញពីការអប់រំផ្លូវចិត្តរបស់លោក Prem Rawat បានជួយឱ្យរូបគេចេះស្វែងរកវិធីសាស្ត្រកសាងសន្តិភាពនៅក្នុងចិត្ត ដើម្បីរកដំណោះស្រាយបញ្ហាផ្លូវចិត្តឱ្យប្រសើរបាន។
លោក Prem Rawat បានទទួលលិខិតអញ្ជើញរាប់ពាន់ពីបណ្តាប្រទេស និងស្ថាប័នជាច្រើននៅលើពិភពលោក ដែលអញ្ជើញលោកទៅនិយាយនិងចែករំលែកបទពិសោធស្តីពីសន្តិភា។ ជាក់ស្តែងលោកធ្លាប់បានអញ្ជើញចូលរួមនិយាយនៅក្នុងសភានៃសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ សភានៃចក្រភពអង់គ្លេស ព្រឹទ្ធសភានៃអ៊ីតាលី អូស្ត្រាលី អាហ្សង់ទីន និងណូវេសេឡង់ជាដើម។
គួរបញ្ជាក់ផងដែរថា Prem Rawat បានលើកឡើងកាលពីដើមឆ្នាំ ២០១៤ ក្នុងសភាចក្រភពអង់គ្លេស ដឹកនាំដោយអតីតមេធាវីប្រចាំចក្រភពអង់គ្លេសគឺ លោក Baroness Scotland ថា សន្តិភាព គឺជាជោគជ័យដ៏អស្ចារ្យបំផុតសម្រាប់គោលគំនិតមនុស្សធម៌។
ដោយឡែកនៅក្នុងឆ្នាំ ២០១៤ នោះផងដែរ លោក Prem បានចែករំលែកសារសន្តិភាពទៅកាន់មនុស្សជាងមួយលាននាក់ ក្នុងចំណោមវេទិកាធារណៈទាំង ៤៥ ដែលលោកបានបង្កើតនៅជុំវិញពិភពលោក។ បុរសវ័យ ៥៧ ឆ្នាំដែលមានសញ្ជាតិឥណ្ឌា និងអាមេរិក រូបនេះ បានចាប់ផ្តើមនិយាយលើវេទិកាសាធារណៈ តាំងពីលោកអាយុបាន៤ឆ្នាំមកម្ល៉េះ៕