en     km
en     km

សម្ដេច ហ៊ុន សែនអះអាងថាខ្លួនជាមេដឹកនាំខ្លាំងជាងប្រទេសមួយចំនួនមានទាំងវៀតណាមខាងត្បូងនិងរបបលន់នល់

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងអះអាងថា សម្ដេច ជាមួយសម្ដេច ហេង សំរិន ជាមេដឹកនាំប្រទេសដែលខ្លាំងជាបណ្ដាប្រទេសមួយចំនួន រួមមាន សាធារណរដ្ឋលន់ នល់ វៀតណាមខាងត្បូង អាហ្ដានីស្ដាន ក្រោយការជួយជំនួយពីបរទេសហើយដួលទៅវិញ ។ អ្នកគាំទ្រអតីតបក្សប្រឆាំងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនមែនជាបុរសខ្លាំងនោះទេ ព្រោះគ្រាន់តែក្មេងស្រីអាយុតិចជាកូនរបស់ខ្លួនក៏ចាប់ដែរ ព្រោះខ្លាចគេធ្វើរដ្ឋប្រហាផ្ដួលរំលំ ។  អ្នកវិភាគថា ភាពខ្លាំងរបស់មេដឹកនាំប្រទេសប្រជាធិបតេយ្យជាទូទៅមិនមែនស្ថិតនៅលើពេលវេលាដ៏យូរនោះទេ តែស្ថិតនៅលើគុណភាពនៃការដឹកនាំ ខណៈអ្នកដែលដឹកនាំយូរភាគច្រើនគឺឆ្ពោះទៅរករបបផ្ដាច់ការ ។

រាយការណ៍ដោយ​ លោក សោម លាភ

នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន បានចោទសួរថា តើមានរបបណាខ្លះ ដែលនៅពេលបរទេសមកជួយហើយ ពេលគេត្រឡប់ទៅវិញ បែជារដ្ឋបាលនៅបន្តស្ថិតស្ថេរ ។

សម្ដេចផ្ដល់ជាចម្លើយថា មានតែកម្ពុជាតែប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះរបស់នាយរដ្ឋមន្ត្រីកម្ពុជាធ្វើឡើង ក្នុងពិធីប្រារពខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ តុលា ។

តែយ៉ាងណា សម្រាប់កម្ពុជាដែលសម្ដេច ហ៊ុន សែន បានអះអាងនោះ គឺមានតែនៅក្នុងរបបដែលសម្ដេចថា ដឹកនាំដោយរាជរដ្ឋាភិបាល ហ៊ុន សែន និងហេងសំរិនតែប៉ុណ្ណោះ ។

ជាក់ស្ដែងសម្ដេចថា រដ្ឋបាលរបស់លន់ នល់ វៀតណាមខាងត្បូង បានដួលរលំបន្ទាប់ពីអាមេរិកជួយហើយ ដកខ្លួនទៅវិញ ។ ជាងនេះ អាហ្កានីស្ថាន ក៏សម្ដេចថាបែបនេះដែរ ពោលគឺក្រោយពីសូវៀតជួយក៏ដួលរលំដែរ ។ សម្ដេចថា ការដឹកនាំរបស់សម្ដេចមកទល់ពេលនេះ គឺនៅតែរឹងមាំ។

ការអះអាងទៅលើអ្វីដែលថាកាន់អំណាចយ៉ាងតិច ១០ ឆ្នាំ ទៀត ពីមេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ម្ដងទៀត បើទោះបីជាកម្ពុជាមានច្បាប់កំពូលចែងថា ត្រូវតែជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

នាយករដ្ឋមន្ត្រីរូបនេះរំលឹកថា ​កងទ័ពវៀតណាមដកចេញពីកម្ពុជានៅឆ្នាំ ១៩៨៩ ដោយសម្ដេចថា ទិដ្ឋភាពអន្តរជាតិនៃបញ្ហានៅកម្ពុជាត្រូវបានដោះស្រាយបានយ៉ាងល្អ ខណៈនៅមានបញ្ហាផ្ទៃក្នុងដែលសេះសល់បន្តិចបន្តួច ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់អំពីនយោបាយឈ្នះៗជាថ្មី ពោលគឺនយោបាយដែលសម្ដេច ហៅថាឈ្នះៗនោះ បានធ្វើឱ្យក្រុមថ្នាក់ដឹកនាំរបបខ្មែរក្រហម មកចូលតុចរចាដោយមិនបង្ហូរឈាម នៅឆ្នាំ ១៩៩៨ ។

ជាការកត់សម្គាល់ ឃើញមានការអះអាងពីមតិចម្រុះថា ការចូលមកកម្ពុជាពីសំណាក់កងទ័ពវៀតណាម ក្នុងការបង្រ្កាបរបបខ្មែរក្រហម ជាការផ្ដល់លទ្ធភាពឱ្យជនជាតិវៀតណាម ចូលមករហូតមកដល់សព្វថ្ងៃនេះ ខណៈនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគ្មានជនជាតិវៀតណាមនៅកម្ពុជាឡើយ ។

ជាងនេះទៅទៀត លោកលី សៀន លុង នាយរដ្ឋមន្ត្រីសិង្ហបុរី ដែលជានាយករដ្ឋមន្ត្រីប្រទេសមានសេដ្ឋកិច្ចខ្លាំង និងប្រជាធិបតេយ្យពេញលេញ បានមានប្រសាសន៍ថា កងទ័ពវៀតណាមចូលកម្ពុជា គឺចូលមកឈ្លានពាន និងគ្រប់គ្រង ។ សម្ដីនេះធ្វើឱ្យមានផ្ទុះប្រតិកម្មពីបណ្ដាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រួមមានពីនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។

មុនពេលនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសអំពីថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្លួន ជារាជរដ្ឋាភិបាលខ្លាំង ក្រុមលោក សម រង្ស៊ី បានប្រកាសថានឹងចូលមកវិញ ដើម្បីឱ្យមានប្រជាធិបតេយ្យ និងថែរក្សាប្រយោជន៍ពលរដ្ឋ ។

ដើម្បីថែរក្សាអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាថាជាសន្តិភាពដោយរកបានដោយលំបាកនោះ នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថានឹងកម្ចាត់ឱ្យខានតែបាននូវរាល់សកម្មភាពរបស់លោក សម រង្ស៊ី និងបក្សពួក និងអ្នកគាំទ្រជាដើម ។

សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សរសេរលើទំព័រហ្វេសបុកនៅថ្ងៃទី ១០ តុលាដោយទំនងជាសម្ដៅទៅក្រុមរបស់លោក សម រង្ស៊ីថា ហាក់ដូចជាមិនដែលរីករាយនឹង សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានទាល់តែសោះ ។

សម្ដេចទៀបាញ់បន្ថែមទៀតក្នុងន័យដើមថា ពួកគេបាននិ ងតែងតែព្យាយាមរំខានដល់ភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ដោយសារពួកគេមិនដែលបានចូលរួមចំណែកដើម្បីសង្គ្រោះជាតិ និងកសាងជាតិ ទើបពួកគេមិនយល់អំពីតម្លៃនៃសន្តិភាព និងការរីកចម្រើនដែលយើងទទួលបានយ៉ាងលំបាក

សម្ដេច ហ៊ុន សែន ត្រូវបានមនុស្សមួយចំនួនហៅថា ជាបុរសខ្លាំងរបស់កម្ពុជា កាន់ដំណែងជានាយករដ្ឋមន្ត្រីជិត៤០ ឆ្នាំ ។

បើទោះបីជាមានការចាត់ទុកពីមជ្ឈដ្ឋានមួយចំនួនបែបនេះក្ដី ក្រុមមន្ត្រីអតីតគណបក្សសង្រ្គោះជាតិមិនចាត់ទុកបែបនេះឡើយ ពិសេសគឺនៅពេលមានអាជ្ញាធរចាប់ខ្លួនអ្នកគាំទ្រ ដែលបង្ហាញជំហរទទួលលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ។

លោកបណ្ឌិត សូ ណារ៉ូ អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សម្ដេច ហ៊ុន សែន ជាបុរសខ្លាំងគ្មានគូប្រៀប បែជាមកចាប់ក្មេងស្រីអាយុតិចជាងកូនរបស់ខ្លួនទៅទៀត ដោយសារចោទពីបទប៉ុនប៉ងផ្ដួលរំលំខ្លួន ។ លោកបន្ថែមថា ការចាប់កញ្ញាយូ ចាន់ធានី អតីតអ្នកអានព័ត៌មានឱ្យលោក សម រង្ស៊ី ព្រោះដោយសារតែមានការភ័យខ្លាចថាអ្នកអានព័ត៌មានរូបនេះផ្ដួលរំលំនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលជាបុរសខ្លាំងចេញពីអំណាច ។

គេសង្កេតឃើញថា ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី តែងតែថ្លែងតាមរយៈវីដេអូលើទំព័រហ្វេសបុកផ្ទាល់ខ្លួន រួមទាំងប្រាប់តាមបណ្ដាញផ្សាយព័ត៌មានមួយចំនួនថា ពលរដ្ឋកម្ពុជាមួយចំនួនកំពុងតែរស់នៅក្រោមភាពវេទនាជាខ្លាំង ។ ការលំបាកទាំងនោះគឺតាមរយៈការទទួលរងនូវការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាច ជំពាក់បំណុលធនាគារវ័ន្តករដែលលោកថាមកពីនយោបាយសម្ដេច ហ៊ុន សែន និងកម្មករកម្មការនីទទួលបានប្រាក់ឈ្នួលតិច ខណៈកម្ពុជាប្រឈមការរបូតបាត់ការអនុគ្រោះពន្ធទៅអឺរ៉ុប និងអាមេរិក ។

លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានា ថ្ងៃទី ១០ តុលាថា ជាទូទៅ អ្នកដឹកនាំដែលដឹកនាំប្រទេសបានយូរ គឺសុទ្ធសឹងតែជារបបផ្ដាច់ការ។

លោកបណ្ឌិតថា ការកាន់អំណាចយូររបស់មេដឹកនាំណាម្នាក់អាចនឹងមិនល្អ ឬមិនខាន់ទេ  អ្វីដែលសំខាន់គឺក្រោមការដឹកនាំរបស់មេដឹកនាំនោះប្រកបដោយការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

អ្នកវិភាគរូបនេះថា ការបោះឆ្នោតកន្លងទៅ សុទ្ធតែមានការចម្រោងចម្រាស់ ហើយមិនទាន់មានការផ្ទេរអំណាចទៅអ្នកផ្សេង ជាហេតុធ្វើឱ្យពលរដ្ឋមានការរស់នៅដោយមិនមានការចុះសម្រុងគ្នាសោះឡើយ ។

លោកក៏រំលឹកថា ការការបោះឆ្នោតកន្លងទៅ កាលពីឆ្នាំ ២០១៨ គឺមិនមានភាពសេរី និងយុត្តិធម៌នោះទេ ព្រោះមុនការបោះឆ្នោតមានការគម្រាមកំហែងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាដើម ។​លោក បណ្ឌិតមាស នីមិនបានលើកឈ្មោះមេដឹកនាំកម្ពុជាមកធ្វើការពន្យល់ទេ តែលោកថា មេដឹកនាំណាកាន់អំណាចយូរឆ្នាំគឺភាគច្រើនគឺជាមេដឹកនាំផ្ដាច់ការ។

តាមការកត់ត្រា ដោយគេហទំព័រWikipedia អំពីមេដឹកនាំកាន់អំណាចបានយូរឆ្នាំជាងគេ នៅលើ​ពីភពលោក គឺមាន២៦រូប ក្នុងនោះសម្ដេចហ៊ុនសែនក៏មានឈ្មោះជាមេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​ដែរ គឺលំដាប់ទី៦។ សម្ដេចហ៊ុនសែនបានឡើងកាន់អំណាច នៅឆ្នាំ១៩៨៥ គឺជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី គឺឋានៈជានាយករដ្ឋមន្ត្រី ។ ចំណែកឯសម្ដេចហេងសំរិន នៅសម័យរដ្ឋកម្ពុជានិង​សាធារណរដ្ឋប្រជាមានិតកម្ពុជាគេហៅថាជាប្រធាន​ក្រុម​ប្រឹក្សារដ្ឋគឺ​ឋានៈជាប្រមុខរដ្ឋ។ យ៉ាងណា សម្រាប់សម្ដេចហ៊ុនសែន កាន់តំណែងជានាយករដ្ឋមន្ត្រី គឺ៣៤ឆ្នាំមកហើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង