កាលពីថ្ងៃទី២៦ម្សិលមិញនេះ គណៈបញ្ជាការឯកភាពសមរភូមិព្រំដែន កម្ពុជា-ថៃ ដែលរួមមាននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានធ្វើញត្តិស្នើឱ្យប្រធានរដ្ឋសភា លោកហេង សំរិន ដកតំណែងលោក កឹម សុខាពីអនុប្រធានទី១នៃរដ្ឋសភា។ អ្នកវិភាគសង្គមលើកឡើងថា ការដាក់ញត្តិស្នើសុំ គឺជារំលោភច្បាប់ទាំងស្រុង ព្រោះក្នុងសង្គមប្រជាធិបតេយ្យ កងកម្លាំងប្រដាប់អាវុធត្រូវរក្សាជំហរឯករាជ្យ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សម្រាប់ប្រជាពលរដ្ឋទាំងមូលដោយគ្មានការរើសអើង។
ទាក់ទងនឹងការដាក់ញត្តិរបស់កងទ័ពនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានស្ថានការណ៍សង្គម លោកសូ ចន្ថាបានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៃWMC នៅថ្ងៃអង្គារ ទី២៧ ខែតុលានេះថា ការធ្វើញត្តិដកមន្ត្រីជាន់ខ្ពស់ណាមួយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែចំពោះនាយទាហាន ឬក៏កងយោធពលខេមភូមិន្ទ មិនអាចធ្វើដូច្នេះបានឡើយ។
លោកសាស្ត្រាចារ្យសូ ចន្ថា បន្តថា ដោយសារនៅក្នុងច្បាប់ស្តីលក្ខន្តិកយោធិន ចែងយ៉ាងច្បាស់អំពីអព្យាក្រឹតភាពរបស់កងទ័ពថា កងទ័ពមិនអាចជ្រៀតជ្រែកកិច្ចការរបស់អំណាចនិតិបញ្ញតិបានឡើយ។ លោកថា ៖ «ជាការពិតនៅក្នុងច្បាប់បានចែងយ៉ាងច្បាស់អំពីឯករាជ្យភាពរបស់កងទ័ព អញ្ចឹងការដូច្នេះគឺខុសយ៉ាងធ្ងន់ធ្ងរជាមួយនឹងច្បាប់ ដែលយើងគិតថាសភាគួរតែចោទសួរទៅលើរដ្ឋមន្ត្រីការពារជាតិអំពីឯករាជ្យភាពរបស់កងទ័ព»។
លោកសាស្ត្រាចារ្យ សូ ចន្ថា សរសេរបញ្ជាក់ទៀតថា តាមរយ:ញត្តិនេះ អាចសង្កេតឃើញថា ការបែងចែកអំណាចនៅកម្ពុជាមានតែ លើក្រដាសប៉ុណ្ណោះ ដែលការណ៍នេះនឹងនាំទៅដល់ភាពអាណាធិបតេយ្យ និងអស្ថិរភាពសង្គមយ៉ាងធ្ងន់ធ្ងរ។
ចំណែក លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស របស់អង្គការលីកាដូ បានប្រាប់យ៉ាងដូច្នេះថា កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកងកម្លាំងអព្យាក្រឹត និងមានតួនាទីថែរក្សាបូរណភាពដែនដី របស់ជាប្រទេសជាតិទាំងមូល ។
លោកអំ សំអាត បន្តថា ការស្នើឱ្យដកតំណែងលោកកឹម សុខាគឺជារឿងនយោបាយ គួរតែឱ្យអ្នកនយោបាយជាអ្នកដោះស្រាយ ។ «ចែកឱ្យដាច់គ្នា ការសម្តែងមតិរបស់ពលរដ្ឋ ទោះបីជាគាត់ជានាយទាហាន ទាហានក៏ដោយ ត្រូវគាត់សម្តែងនៅក្នុងនាមជាបុគ្គល ជាប្រជាពលរដ្ឋមួយរូប អាហ្នឹងជាការត្រឹមត្រូវ បើសិនសម្តែងក្នុងនាមជាកងទ័ព ហើយសូមឱ្យដកនូវបេក្ខភាពគណបក្សនយោបាយនេះ នយោបាយនោះ អាហ្នឹងធ្វើឱ្យអន្តរជាតិគេរិះគន់ថា យើងអត់មានអព្យាក្រឹតភាពទាក់ទងនឹងផ្នែកនយោបាយ»។
មាត្រា៩នៃច្បាប់ស្តីពីលក្ខន្តកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរៈភូមិន្ទ បានចែងថា យោធិនមានសិទ្ធិ និងសេរីភាព ដូចប្រជាពលរដ្ឋដទៃទៀត ក៏ប៉ុន្តែការប្រើសិទ្ធិ និងសេរីខ្លះ ត្រូវមានកម្រិតស្របតាមលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់នេះ។ យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
មាត្រា១០នៃច្បាប់នេះដែរ បានបង្ហាញថា យោធិនម្នាក់ៗអាចមានគំនិត ឬជំនឿ ដែលមានលក្ខណៈជាទស្សនៈវិជ្ជា ឬនយោបាយផ្ទាល់ខ្លួនបាន ប៉ុន្តែពុំអាចសម្ដែងជាសាធារណៈបានឡើយ វិធាននេះមិនហាមឃាត់ ដល់ការប្រតិបត្តិដោយ សេរីនូវជំនឿសាសនា នៅក្នុងបរិវេណយោធា និងនៅលើនាវានៃកងទ័ពជើងទឹកបានឡើយ ។ យោធិនដែលចង់បកស្រាយជាសាធារណៈជាអាទិ៍ ការសរសេរ ការធ្វើសន្និសីទ ឬសេចក្តីថ្លែងការណ៍បញ្ហានយោបាយ ការសម្ងាត់យោធា ឬការចោទប្រកាន់ជនបរទេស ឬអង្គការអន្តរជាតិណាមួយត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិ។
សូមរំឭកថា កាលពីដើមខែឧសភា ឆ្នាំ២០១៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងលោក កឹម សុខា អនុប្រធានទី១រដ្ឋសភា តាមរយៈការបោះឆ្នោតក្នុងសភា។
ជាការកត់សម្គាល់ផងដែរ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ គឺមួយថ្ងៃមុនពេលមានបាតុកម្មទាមទារឲ្យដកតំណែងលោកកឹម សុខា ជាអនុប្រធានទី១នៃរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅប្រទេសបារាំង ក្នុងន័យចោទប្រកាន់ថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំង គឺជាការរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ។ លោកថា៖ «បើលេងកុំខឹង បើខឹងកុំលេង បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានសភាទៀត»។
សូមជម្រាបថា កាលពីថ្ងៃទី២៦ តុលា ម្សិលមិញនេះ នាយទាហាន និងកងទ័ពដែលកំពុងបំពេញភារកិច្ច នៅសមរភូមិព្រំដែនកម្ពុជា ថៃ បានដាក់ញត្តិស្នើសុំឱ្យដក លោកកឹម សុខាចេញពីតំណែងជាអនុប្រធានទី១រដ្ឋសភា។ ពួកគេអះអាងថា លោក កឹម សុខា អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងធ្វើការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ញុះញង់អុជអាលលាបពណ៌ បង្កកំហឹងរើសអើង ពូជសាសន៍ និងឈានទៅបង្កសង្គ្រាមផ្ទៃក្នុង ដែលមិនសមជាទង្វើរបស់ថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ។ ញត្តិបន្តថា ដើម្បី សុខសន្តិភាពរបស់ប្រទេសជាតិ និងការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ ពួកគេស្នើឱ្យដកតំណែងលោកកឹម សុខាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕