en     km
en     km

សង្គម​ស៊ី​វិល​គាំទ្រ​សេចក្តីថ្លែងការណ៍​ស្ថានទូត​អា​មេ​រិ​ក​ ករណី​ហិង្សា​វាយ​តំណាងរាស្ត្រ​

Share

រូបភាពពីទំព័រហ្វេសប៊ុកលោក យ៉ែម ប៉ុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ
រូបភាពពីទំព័រហ្វេសប៊ុកលោក យ៉ែម ប៉ុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ

ភ្នំពេញ​៖​ អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ បាន​គាំទ្រ​ទៅ​សេចក្តីថ្លែងការណ៍​មួយ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ថ្កោលទោស​ជន​បង្ក​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ចំនួន​ ២​ រូប​ និង​ជំរុញ​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់​ លើ​ករណី​ហិង្សា​នោះ​។​

​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​ អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​អង្គារ​ ទី​២៧​ ខែតុលា​ ឆ្នា​២០១៥​ នេះ​ថា​ តំណាងរាស្ត្រ​ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​ ដែល​កំពុង​បំពេញការងារ​របស់​ខ្លួន​ជា​តំណាងរាស្ត្រ​ នៅ​ពេល​ប្រជុំ​នោះ​ ត្រូវ​មាន​កិច្ច​ការពារ​សុវត្ថិភាព​ត្រឹមត្រូវ​។​

​លោក​ថា​ប្រសិនបើ​តំណាងរាស្ត្រ​គ្រប់​រូប​ ត្រូវ​បាន​គេ​ប្រើប្រាស់​អំពើ​ហិង្សា​តាម​ទំនើងចិត្ត​ដូច្នេះ​ នេះ​វា​មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​ ហើយ​ម្យ៉ាងទៀត​ ការ​បំពេញការងារ​នោះ​ ក៏​មិន​បាន​ពេញលេញ​ដែរ​ ដោយ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​ពួក​គេ​។​

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់ អង្គការលីកាដូ
លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់ អង្គការលីកាដូ

​លោក​ អំ​ សំអាត​ បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ស្វែងរក​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។​ លោក​និយាយ​ថា​៖​ «​យើង​គាំទ្រ​ទៅ​លើ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​ ២​ រូប​ កាលពី​ម្សិលមិញ​។​ រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​រក​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ហើយ​ការ​ស៊ើបអង្កេត​នេះ​ត្រូវ​តែ​ធ្វើ​ទ្បើ​ង​ដោយ​លឿន​ ហើយ​មាន​ឯករាជ្យ​ ហើយ​ធ្វើ​ដោយ​ម៉ត់ចត់​ ហើយ​មាន​តម្លាភាព​ត្រឹមត្រូវ​»​។​

​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​អង្គារ​ ទី​ ២៧​ ខែតុលា​នេះ​ដែរ​ថា​ ក្រសួងមហាផ្ទៃ​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ដែល​បង្ក​ទ្បើ​ង​ដោយ​ក្រុម​បាតុករ​ ទៅ​លើ​តំណាងរាស្ត្រ​ គណបក្ស​ង្គ្រោះ​ជាតិ​ទាំង​ ២​ រូប​។​ លោក​បន្ត​ថា​ លោក​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត​ ស្វែងរក​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

លោក​ ខៀវ​ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​
លោក​ ខៀវ​ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

​លោក​ ខៀវ​ សុភ័គ​ បាន​ចាត់​ទុក​ក្រុម​បាតុករ​ទាំងនោះ​ ថា​ជា​ជន​អនាធិបតេយ្យ​។​ លោក​ថា​៖«​យើង​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ ហើយ​យើង​ក៏​បាន​រៀបចំ​ធ្វើការ​ស៊ើបអង្កេត​ ដើម្បី​ស្វែងរក​ជនសង្ស័យ​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​ បាទ​ បញ្ហា​ទី​០១​ ហើយ​បញ្ហា​ទី​០២​ ម្សិលមិញ​ចង់​ជម្រាប​ជូន​ថា​ ជា​បាតុកម្ម​មួយ​ដែល​មិន​បាន​គ្រោងទុក​ទេ​ ហើយ​ក៏​គ្មាន​យក​ញ្ញត្តិ​ពី​អាជ្ញាធរ​ដែរ​ ប៉ុន្តែ​ដោយ​ការ​ចូលរួម​ជាមួយ​សមត្ថកិច្ច​របស់​យើង​ ក៏​យើង​បាន​ខិតខំ​
​រំសាយ​បាតុករ​ហ្នឹង​តាំងពី​ម៉ោង​ ១០​ កន្លះ​ម្ល៉េះ​ ហើយ​ដូច្នេះ​ អ្វី​ដែល​កើត​ទ្បើ​ង​ គឺ​បាន​កើត​ដល់​ម៉ោង​ ១២​ កន្លះ​ ក្រោយ​ពេល​រំសាយ​ហើយ​ ដូច្នេះ​យើង​ចាត់​ទុក​ជនល្មើស​ជា​ជន​អនាធិបតេយ្យ​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ម្សិលមិញ​នេះ​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដោយ​បាន​ថ្កោលទោស​ សកម្មភាព​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ២​ រូប​ នៅ​ខាង​មុខ​របង​រដ្ឋសភា​ និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​  ឱ្យ​បាន​ពេញលេញ​ និង​ប្រកបដោយ​តម្លាភាព​ ទៅ​លើ​ការ​វាយដំ​ពី​ក្រុម​បាតុករ​ទាំងនោះ​។​

​គួរ​រំឭក​ដែរ​ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ឱ្យ​រង​​របួសធ្ងន់​ និង​សន្លប់​ នោះ​រួម​មាន​ លោក​ គង់​ សភា​ និង​ លោក​ ញ៉​យ​ ចំរើន​ ហើយ​ពេល​បច្ចុប្បន្ន​នេះ​លោក​ទាំង​ ២​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ក្រៅប្រទេស​៕

Share

ព័ត៌មានទាក់ទង

Image