រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៃប្រទេសវេណេហ្សូអេឡាចាប់ពីពេលនេះតទៅប្រឈមនឹងការអស់សិទ្ធិអង្គុយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺដោយសារតែរបបលោកម៉ាឌូរ៉ូប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួននិងបំបិទសម្លេងក្រុមគណបក្សប្រឆាំងហើយថែមទាំងសម្លាប់ក្រុមគណបក្សប្រឆាំងទៀតផង។ប្រទេសវេណេហ្សូអេឡាធ្លាក់ក្នុងវិបត្តិទាំងនយោបាយនិងសេដ្ឋកិច្ចគឺបួនឆ្នាំមកហើយប្រទេសផលិតប្រេងដ៏ធំទី៤របស់ពិភពលោកនេះបានរុញច្រានឱ្យពលរដ្ឋរបស់ខ្លួនជាង៤លានបីសែននាក់ចាកចេញពីប្រទេស។នេះបើយោងតាមការចុះផ្សាយលើគេហទំព័រនៃអង្គការសិទ្ធិមនុស្សអន្ដរជាតិ HUMAN RIGHTS WATCH នៅថ្ងៃអាទិត្យទី៦តុលានេះ។នាយកអង្គការនេះ ប្រចាំនៅទ្វីបអាមេរិកលោក Jose Miguel បានបញ្ជាក់ទៀតថា ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិគួរតែបញ្ចូនសារដ៏ច្បាស់ក្រឡែតនេះទៅប្រធានាធិបតី Nicolas Maduro ហើយនិយាយប្រាប់ថា ដោយសារតែគោលនយោបាយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះនាំឱ្យប្រទេសរបស់លោកបាត់បង់អាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។នៅថ្ងៃទី១៦តុលា២០១៩ មហាសន្និបាតអង្គការសហប្រជាជាតិនឹងជ្រើសរើសសមាជិក១៤ប្រទេសថ្មីនៅក្នុងចំណោមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែល៤៧ប្រទេសគឺសំរាប់អង្គ្ុយនៅឯអាសនៈនោះរយៈពេលបីឆ្នាំទៅមុខទៀតដោយចាប់ផ្ដើមពីខែមករាឆ្នាំ២០២០។កាលពីថ្ងៃទី៣តុលាប្រទេស២នៃទ្វីបអាមេរិកខាងត្បូងគឺប្រទេសប្រេសីលនិងវេណេហ្សូអេឡាត្រូវគេរំពឹងថានឹងបន្ដកាន់កាប់អាសនៈនេះបានទៀតប៉ុន្ដែសម្រាប់វេណេហ្សូអេឡាគឺអស់សិទ្ធិទៅហើយនៅពេលនេះដោយសារតែប្រទេសកូស្ដារីកាប្រកាសថាខ្លួននិងប្រកួតប្រជែងយកអាសនៈមួយនៅក្រុមប្រឹក្សានេះដែលនាំឱ្យសមាជិកអង្គការសហប្រជាជាតិ១៩៣ប្រទេសបានដកហូតអាសនរបស់របបលោកម៉ាឌូរ៉ូនៅឯក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សនោះ។អង្គការ Human Rights watch បានបញ្ជាក់ទៀតថា ការដែលវេណេហ្សូអេឡាបាត់បង់សិទ្ធិដូចនេះគឺដោយសារតែរបបលោកម៉ាឌូរ៉ូត្រូវបានមើលឃើញថាកាន់តែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅៗ។កាលពីខែកក្កដាលោកស្រីមីឆែលបាឆាលែត ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញរបាយការណ៍អំពីសិទ្ធិមនុស្សនៅប្រទេសវេណេហ្សូអេឡាដោយរបាយការណ៍របស់លោកស្រីបានរកឃើញថារបបលោកម៉ាឌូរ៉ូបានប្រព្រឹត្តថ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពក្រុមគណបក្សប្រឆាំងគឺក្នុងនោះមានតទាំងការចាប់ខ្លួនទាំងកម្រោលការធ្វើទារុណកម្មការសម្លាប់មនុស្សក្រៅប្រព័ន្ធនិងធ្វើឱ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រជាជនរកប្រាក់ទទួលទានសឹងតេមិនបាន ហើយវិស័យសុខាភិបាលវិញ អន់ថយបំផុត។ ដោយសាររឿងនេះ គឺកាលពីថ្ងៃទី២៧កញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយបង្កើតបេសកកម្មស្វែងរកការពិតឯករាជ្យមួយក្រុមដើម្បីស៊ើបអង្កេតការសម្លាប់ក្រៅប្រព័ន្ធ ការចាប់ពង្រត់ ការចាប់ខ្លួនដោយទំនើងចិត្ត ការធ្វើទារុណកម្ម និង អំពើអមនុស្សធម៌ជាច្រើនទៀតដែលបានប្រព្រឹត្តនៅក្នុងប្រទេសវេណេហ្សូអេឡាចាប់តាំងពីឆ្នាំ២០១៤។ ដំណោះស្រាយនេះ ផ្ដួចផ្ដើមដោយប្រទេស អាហ្សង់ទីន ប្រេស៊ីល កាណាដា ឈីលី កូឡំប៊ី គុយទេបាឡា គូហ្សាណា ហង់ដូរ៉ាស ប៉ារាំ៉ហ្កាយ និង ប្រទេស ប៉េរ៉ូដែលជាក្រុមសមាជិកនៃសម្ព័ន្ធលីម៉ា ហើយជាក្រុមអន្ដរជាតិឈានមុខគេជាមួយនឹងសហរដ្ឋអាមេរិក ដាក់សម្ពាធលើរបបលោកម៉ាឌូរ៉ូ ដើម្បីកាត់បន្ថយការបំពារបំពានរបស់សិទ្ធិមនុស្សក្រុមប្រឆាំង។
សូមជម្រាបថា លោកម៉ាឌូរ៉ូត្រូវបានប្រទេសនៃសមាជិកលីម៉ា ប្ដឹងលោកទៅកាន់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិICC រួចទៅហើយពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការបំបាត់សំឡេងគណបក្សប្រឆាំងនិងការសម្លាប់មនុស្សក្រៅប្រព័ន្ធ ។ អ្នកដែលប្ដឹងលោកទៅ ICC នោះក៏មានប្រធានាធិបតីបារាំង ម៉ានូអ៊ែល ម៉ាក្រុងនិង នាយករដ្ឋមន្រ្ដី Justic trudeuផងដែរ។នៅក្នុងប្រទេសវេណេហ្សូអេឡាមេដឹកនាំបក្សប្រឆាំងជួនហ្គៃដូកំពុងតែដឹកនាំការតស៊ូដើម្បីបញ្ចប់អំណាចរបបលោកម៉ាឌូរ៉ូ៕