en     km
en     km

ព្រះមហាក្សត្រ៖ រដ្ឋសភា និងរាជរដ្ឋាភិបាល កសាងគោលនយោបាយ និងច្បាប់រដ្ឋបានត្រឹមត្រូវ ធ្វើឱ្យកម្ពុជារីកចម្រើន

Share


ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារដែលមានអត្តន័យថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា បានបង្កើតគោលនយោបាយ និងច្បាប់រដ្ឋបានយ៉ាងត្រឹមត្រូវ ធ្វើឱ្យកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ។ មានការលើកឡើងថា ច្បាប់កម្ពុជាមួយចំនួនមានភាពល្អប្រសើរ ខណៈមួយចំនួនទៀតបង្កើតដើម្បីបំពេញបំណងនយោបាយ និងប្រយោជន៍បក្សកាន់អំណាច ហើយការអនុវត្តទៀតសោត មិនទាន់បានល្អប្រសើរនៅឡើយនោះទេ ពិសេសជាមួយអ្នកនយោបាយអតីតបក្សប្រឆាំង ។
រាយការណ៍ដោយលោក សោម លាភ


ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនរដ្ឋសភា នៅក្នុងឱកាសបើកបវេសនកាលសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។
បើតាមការចុះផ្សាយលើគេហទំព័ររដ្ឋសភា ចុះផ្សាយនៅថ្ងៃទី ៤ តុលាថា នៅក្នុងព្រះរាជសារ ព្រះមហាក្សត្របានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភា និងមន្ត្រីរដ្ឋសភាទំាងអស់ ដែលបានបំពេញការងារ ។
រដ្ឋសភាបង្ហាញថា ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ បញ្ជាក់ថា មន្ត្រីរដ្ឋសភាទាំងអស់ បានខិតខំធ្វើការអស់ពីកម្លំាងកាយចិត្ត មិនគិតការនឿយហត់ ខិតខំ យកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់ ។
ព្រះរាជសារបានលើកឡើងថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ក្នុង សកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ជាងនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានត្រឹមត្រូវ ធ្វើឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពល ធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ។
ក្នុងព្រះរាជសារនោះទៀតសោត ក៏បញ្ជាក់ដែលថា នៅក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ កម្ពុជាបានសម្រេចនូវជោគជ័យយ៉ាងត្រចះត្រចង់ ។ យ៉ាងណា មូលដ្ឋានគ្រឹះនៃជោគជ័យទំាងនោះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ។
មុនពេលព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជសារបែបនេះ លោក សម​ រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងតាមរយៈបណ្ដាញសង្គម និងជាមួយសារព័ត៌មានមួយចំនួន ដែលថាព្រះមហាក្សត្រកម្ពុជាជាអាយ៉ង និងជាចំណាត់ក្មាំងរបស់រាជរដ្ឋាភិបាល ។ ជាងនេះទៅទៀត លោកថា ព្រះមហាក្សត្របច្ចុប្បន្នខុសពីព្រះបរមរតនកោដិ ដែលលោកថាមិនអាចរំពឹងបាននោះទេ ។
ក្រោយមក មានលិខិតថ្កោលទោសពីព្រះបរមរាជវាំង និងតាមបណ្ដាក្រសួងស្ថាប័ន និងអង្គភាពស្ទើគ្រប់ទាំងអស់ ព្រមទាំងមានការចោទប្រកាន់ពីបទល្មើសប្រមាថព្រះមហាក្សត្រថែមទៀតផង ។
ជាការកត់សម្គាល់ មានការលើកឡើងថា ច្បាប់នៅកម្ពុជាបង្កើតមកមួយចំនួនមានភាពល្អប្រសើរហើយ ហើយមួយចំនួនទៀត បង្កើតឡើងដើម្បីបំពេញមហិច្ចតារបស់បក្សកាន់អំណាច ដូចជាច្បាប់ស្ដីពីគណបក្សនយោបាយ ហើយការអនុវត្តទៀតសោតនោះ គឺទាន់ត្រឹមត្រូវនោះទេ ដោយមន្ត្រីអនុវត្តច្បាប់ និងអ្នកបកស្រាយច្បាប់ពង្រីកវិសាលភាពដើម្បីដាក់បន្ទុកដល់អ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា ពិសេសចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ។ ជាក់ស្ដែង ក៏មានការថ្កោលទោសពីមជ្ឈដ្ឋានមួយចំនួន ចំពោះការអនុវត្តច្បាប់ក្នុងការចាប់ និងចោទប្រកាន់ មន្ត្រីអតីតគណបក្សប្រឆាំង ការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលជាដើម ។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សកម្មភាពរបស់ក្រុម​លោក សម រង្ស៊ី ថាជាបទល្មើសឧបឃាតដែលជាបទល្មើសព្រហ្មទណ្ឌ ។ ជាងនេះ អ្នកដែលគាំទ្រនូវគម្រោងដែលក្រុមលោក សម រង្ស៊ី វិលចូលកម្ពុជា ក៏ជាបទល្មើសផងដែរ ។
ប​ន្ទាប់ពីការចេញសេចក្ដីប្រកាសព័ត៌មានបែបនេះរបស់ក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាតុលាការខេត្តក្រុង និងសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ក្រុមលោក សម រង្ស៊ី និងអ្នកប្រកាសគាំទ្រគម្រោងនៃការវិលត្រឡប់មកកម្ពុជារបស់ក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ។
នៅថ្ងៃទី​០៣​តុលា​ តុលាការកម្ពុជា បានចេញ​ដីកាឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​អតីតគណ​បក្សប្រឆាំង​៨រូប​ទៀត ដែលតុលាការសម្រេចចោទប្រកាន់កន្លងមកពីបទឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ការចោទថា ក្រុមលោក សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារ គឺផ្អែកលើការដែលលោក សម រង្ស៊ី ថានឹងនាំមនុស្សជាច្រើនវិលចូលកម្ពុជា ដើម្បីចាប់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ខណៈពេលដែលតុលាការជាន់ទាប បានសម្រេចចោទប្រកាន់ប្រជាពលរដ្ឋដែលបង្ហាញជំហរស្វាគមន៍ និងចេញទៅទទួលលោក សម​ រង្ស៊ី កាន់តែច្រើនឡើងៗ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៣ តុលាថា បើនាយករដ្ឋ​មន្ត្រីកម្ពុជា ចង់គម្រាមកំហែងមែននោះគឺត្រូវតែរៀបចំមន្ទីរឃុំឃាំងសម្រាប់ដាក់ពលរដ្ឋខ្មែរ យ៉ាងតិចមួយលាននាក់ ដែលលោកថានឹងចេញទៅទទួលស្វាគមន៍លោក នៅលើទឹកដីប្រទេសកម្ពុជា ក្នុងថ្ងៃ ០៩ វិច្ឆិកា ២០១៩ ។
លោកបន្តក្នុងន័យដើមថា «បើលោក ហ៊ុន សែន រៀបចំមន្ទីរឃុំឃាំងបែបនេះមិនបានទេ គាត់ត្រូវតែត្រៀមខ្លួនចូលគុកតែម្នាក់ឯងចុះ ពីព្រោះគាត់ជាជនក្បត់ជាតិតែម្នាក់គត់» ។
សម្ដេច ហ៊ុន សែន ប្រកាសថា ត្រូវកម្ចាត់ក្រុមលោក សម រង្ស៊ីឱ្យខានតែបាន ដើម្បីការពារអ្វីដែលសម្ដេចហៅថាសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។
ចំពោះការដែលមានការលើកឡើងថាសកម្មភាពរបស់ក្រុមលោក សម រង្សី ដែលអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរឡើងដើម្បីទម្លាក់នាយករដ្ឋមន្ត្រីកម្ពុជាជាការធ្វើរដ្ឋប្រហារនោះ លោកក៏បានធ្វើការបកស្រាយខុសពីនេះដែរ ។
លោកថា លោកមកកម្ពុជាគឺធ្វើសកម្មភាពដើម្បីឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ ធ្វើឱ្យមានការផ្លាស់ប្ដូរដោយសន្តិវិធី ។ លោកថានេះមិនមែនជាសកម្មភាពរដ្ឋប្រហារទេ តែជាការការប្រើប្រាស់អំណាចរបស់ប្រជាពលរដ្ឋ ។
លោកថា មាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ គឺដើម្បីបំផុស “អំណាចប្រជាពលរដ្ឋ” នៅកម្ពុជាដែលមិនមែនជាបដិវត្តន៍ពណ៌ ហើយក៏មិនមែនជារដ្ឋប្រហារនោះទេ ។ លោកពន្យល់ថាក្នុងន័យដើមថា អំណាចប្រជាពលរដ្ឋ គឺជាការប្រមូលផ្តុំប្រជាពលរដ្ឋរាប់លាននាក់ ដែលរដ្ឋអំណាចមិនអនុញ្ញាតិឲ្យចូលរួមការបោះឆ្នោតត្រឹមត្រូវ ហើយដែលសម្រេចចេញមុខតវ៉ាដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ ដោយអហិង្សា និងស្របច្បាប់ ពីព្រោះជាការប្រើសិទ្ធិស្របច្បាប់របស់ពលរដ្ឋម្នាក់ៗ ក្នុងការសម្តែងមតិ និង ការប្រមូលផ្តុំគ្នាដោយសន្តិវិធី ។
យ៉ាងណាសហគមន៍អន្តរជាតិ ពិសេសគឺសហរដ្ឋអាមេរិក ទាមទារឱ្យកម្ពុជា ដោះលែង និងទម្លាក់ចោលនូវរាល់បទចោទប្រកាន់ទាំងឡាយណាប្រឆាំងលោក កឹម​សុខា និងមន្ត្រី និងសកម្មជនផ្សេងៗទៀត ៕

Share

ព័ត៌មានទាក់ទង

Image