en     km
en     km

នាយករដ្ឋមន្ត្រីប្រកាសបង្ក្រាបម្រាមដៃ៩គាំទ្រលោកសមរង្ស៊ី វិលចូលកម្ពុជាវិញ

Share


នាយករដ្ឋមន្ដ្រី ប្រកាសថា អ្នកទាំងឡាយណាដែលហ៊ាន ចូលរួមធ្វើយុទ្ធនាការ «ម្រាមដៃ៩» ជាមួយលោក សម រង្ស៉ី នៅក្រៅប្រទេស គឺជាការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិ ដែលប្រឈមនឹងទោសព្រហ្មទ័ណ្ឌដែលមិនអាចលើកលែងបានឡើយ។ នេះជាការប្រកាសតតាំងជម្លោះដោយចេញមុខជាសាធារណៈជាថ្មីទៀត នៅក្នុងកម្មវិធីចែកសញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យមួយ នៅមណ្ឌលពាណិជ្ជកម្ម​កោះពេជ្រកាលពីព្រឹកថ្ងៃពុធទី២តុលា។ យ៉ាងណា ពេលវេលាដែលលោកសមរង្ស៊ីវិលចូលកម្ពុជាវិញគឺកាន់តែខិតចូលមកដល់។
លោក នួន បូរិន រាយការណ៍៖


ទោះជាក្នុងស្ថានភាពណាក៏ ដោយ សម្រាប់ សម្ដេចហ៊ុនសែន គឺមិនអាចនៅស្ងប់ស្ងាត់បានយូរឡើយ។
កាលនៅស្ងប់ស្ងាត់យូរពេក តែងតែត្រូវបាន ក្រុមប្រឆាំង និយាយដើម ដែលពួកគេថា សម្ដេចប្រាកដជា​មានជម្ងឺ ទើបមិនអាចចេញមុខជាសាធារណៈហើយ ប្រតិកម្មនឹងលោកសមរង្ស៊ី។ជាក់ស្ដែង នៅ​ថ្ងៃ​ទី២តុលានេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន បានធ្វើការវាយប្រហារទៅលើលោកសមរង្ស៊ីនិងក្រុមយុទ្ធនាការ ម្រាមដៃ៩ ដែលសម្ដេចថាជា​ចល​នា​គាំទ្រ ការវិលចូលកម្ពុជាវិញរបស់លោកសមរង្ស៊ីគឺជាអំពើខុសច្បាប់ធ្ងន់​ធ្ងរបំផុត។
នៅលើបណ្ដាញសង្គម គេសង្កេតឃើញចលនា ម្រាមដៃ៩ បានមានសកម្មភាពផុសផល់ ជាខ្លាំង ។ ក្រុមនេះ មានទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ។ នេះជាចលនា នៃការគាំទ្រ ការវិលចូល​ប្រទេស​វិញ​របស់​លោកសមរង្ស៊ីដែលបានកំណត់យកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋាភិបាលចាត់ទុក សកម្មភាព​នេះ ជាអំពើមួយដើម្បីផ្ដល់រំលំរាជរដ្ឋាភិបាលព្រោះលោកសមរង្ស៊ី គឺមេចលនានេះ មានផែនការ ធ្វើរដ្ឋ​ប្រហារ។ ​

សម្ដេចនាយករដ្ឋមន្ដ្រី បានអះអាង ថា សកម្មភាពរបស់ សម រង្ស៉ី បានឈានចូលដល់ការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋ និងប្ដូររបបទៀតផង។
សម្ដេចព្រមានថា អ្នកក្នុងស្រុកទាំងអស់ កុំព្រហើនឲ្យសោះ បើសិនជាហ៊ានមែន ក៏ត្រូវតែហ៊ានទទួលខុស​ត្រូវចំពោះមុខច្បាប់ដូចគ្នាផងដែរ។
សម្ដេចក៏បានចំអកទៀតថា បើអ្នកទាំងអស់នោះពិតជាក្លាហាន ធ្វើយុទ្ធនាការម្រាមដៃ៩ពិតប្រាកដមែននោះ ត្រូវកាត់ម្រាមដៃខ្លួនឯងចោលមួយទៅ ព្រោះថាធម្មជាតិបង្កើតមនុស្សមក ឲ្យមានម្រាមដៃ១០ មិនមែនម្រាមដៃ៩នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដែផ្ដាំអ្នកណាក៏ដោយ ដែលធ្វើយុទ្ធនាការ (ម្រាម៩) នឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌ (ឧបឃាត) ចឹងកុំឲ្យសោះអាយុទ្ធនាការម្រាម៩ បើចង់ធ្វើយុទ្ធនាការម្រាម៩ កាត់ម្រាមដៃមួយក្រវាត់ចោលទៅ អាហ្នឹងបានវាក្លាហាន។ មនុស្សកើតឡើងម្រាម៩ ឯងធ្វើយុទ្ធនាការម្រាម៩។ អ្នកណាចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេស បំផ្លាញសន្ដិភាព នៅថ្ងៃទី០៩ វិច្ឆិកា អ្នកណុងនឹងត្រូវមានទោស ហើយរឿងនេះ ក្រសួងយុត្តិធម៌បានប្រកាសរួចហើយ ស្ថាប័ននានាបានត្រៀមបម្រុងហើយ»។
សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ និងកងកម្លាំងប្រដាប់អាវុធ កំពុងប្រតិកម្មជាបន្ដបន្ទាប់ ចំពោះទង្វើរបស់លោក សម រង្ស៉ី ដែលប្រមាថព្រះចេស្ដារព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ លើសពីនេះ សម្ដេចខក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀម​គាំទ្រ​រាជរដ្ឋាភិបាល ក្នុងការប្រឆាំងចំពោះទង្វើខុសច្បាប់ទាំងឡាយណា ដែលកើតមាននៅ​ពេលលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ។
សម្ដេច ហ៊ុន សែន ក៏ជំរុញឲ្យលោក សម រង្ស៉ី វិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដូចដែលខ្លួនប្រកាស ដើម្បីងាយស្រួលឲ្យស្ថាប័នមានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារតែម្ដង ព្រោះថាកងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈរួចរាល់ហើយ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបន្តអះអាងថា ដីការបស់តុលាការកម្ពុជាស្តីពីការតាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកនោះ ត្រូវបានបញ្ជូនទៅដល់ប្រទេសជាសមាជិកអាស៊ានរួចអស់ហើយ ដោយបានចំអកឲ្យអ្នករស់នៅក្រៅស្រុកថា កុំសង្ឃឹមខ្លាំងពេក។
សម្ដេច ហ៊ុន សែន បានពន្យល់បំភ្លឺថា រឿងដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ បញ្ជាក់ប្រាប់សារព័ត៌មានថា មិនទាន់ទទួលបានដីកាតុលាការពីកម្ពុជានៅឡើយនោះ គឺប្រហែលជាដោយសារបែបបទនីតិវិធីតែប៉ុណ្ណោះ ដែលនាំឲ្យមានភាពយឺតយ៉ាវមិនទាន់ទៅដល់ដៃរបស់លោក មហាធៀ ។​សម្ដេចអះអាងថាការពិតបានដល់ប្រទេសអាស៊ានទាំងនោះអស់ហើយ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាបានផ្ញើដីកាស្តីពីការតាមចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងបក្ខពួកនោះ ទៅដល់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់រួចរាល់ហើយ»។
ត្រង់ចំណុចនេះ លោក មហាធាបានប្រាប់ អ្នកសារព័ត៌មាននៅក្រុងញូវយ៉កខណៈចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤។ លោកបានបញ្ជាក់ថាមកដល់ពេលនេះ លោកមិនបានឃើញដីកាសុំចាប់ខ្លួន មេបក្សប្រឆាំងនោះទេ។
ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លោកបណ្ឌិតមាសនី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ យល់ថា ទោះជាដីកាសុំឃាតខ្លួន លោកសមរង្ស៊ីទៅដល់ប្រទេសក្នុងតំបន់អាស៊ានក្ដី ក៏មិនប្រាកដថា ប្រទេសនោះ គេធ្វើតាមសំណើរបស់រាជរដ្ឋាភិបាល ដែលលោកថា គេគិតវែងឆ្ងាយណាស់ ព្រោះ លោកសមរង្ស៊ី ជាមេគណបក្សធំជាងគេ ហើយ ថ្ងៃទៅមុខទៀតនេះ បក្សអាចក្លាយជាបក្សកាន់អំណាច។ លោកពន្យល់ថា ប្រទេសទាំងនោះគេគិតអំពីផលប្រយោជន៍គេដែរជាមួយកម្ពុជា នៅពេលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី។
អ្នកវិភាគរូបនេះ ពន្យល់ទៀតថា ចំណែករាជរដ្ឋាភិបាលថៃវិញ ទំនងក៏មិនអាចធ្វើតាមសំណើរបស់កម្ពុជាដែរ ដែល លោកថា មន្ត្រី គណបក្សរបស់លោកស្រីយីងឡាក់ក៏ធ្លាប់មកឆ្លងកាត់កម្ពុជាជាដែរមុនទៅប្រទេសទី៣ ។
តែលោកថា គេអាចស្នើសុំអោយលោកសមរង្ស៊ីវិលទៅប្រទេសបារាំងវិញអាចថាបាន។
ចំណែក ការគំរាមបង្រ្កាប ក្រុមគាំទ្រលោកសមរង្ស៊ី ដែលជាយុទ្ធនាការម្រាមដៃ៩ សម្រាប់លោកប​ណ្ដិតមាស់នី យល់ថា រាជរដ្ឋាភិបាល ពិតជាបារម្ភ ពីចលនាប្រឆាំងនឹងខ្លួន ព្រោះមិនចង់ឃើញរដ្ឋាភិបាល ត្រូវបានផ្ដួលរំលំដូចប្រទេសឥណ្ឌូណេស៊ី ទំលាក់លោកសូហាតូ នៅឆ្នាំ ១៩៩៨នោះទេ។ លោកបន្តការអូសទាញក្រុមប្រឆាំង មិនបានសម្រេចទើប រាជរដ្ឋាភិបាល មានវិធានការទាំងផ្ដូវច្បាប់ផង និងគំរាមផង។
សម្រាប់ លោកបណ្ឌិត មាស់នី ចង់ឃើញអ្នកនយោបាយ ត្រូវគ្នាឡើងវិញតាមរយៈការចរចារ។
តាមរយការណ៍ របស់អតីតគណបក្សប្រឆាំង សមជនគាំទ្រលោកស្រីជាង៣០នាក់ត្រូវបានចាប់ខ្លួន ខណៈជាង១៧៥ ត្រូវបានតុលាការនិងសមត្ថកិច្ចកោះហៅមកសាកសួរ។

ទោះជាយ៉ាងណា សម្រាប់សម្ដេចហ៊ុនសែន គឺថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មិនមែនជាថ្ងៃរដ្ឋប្រហារ ឡើយ តែជាថ្ងៃទទួលទានអំបុកខ្មែរទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏សប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលសម្ដេចថា ទោះជាកំពស់ទឹកទន្លេនៅខាងមុខព្រះបរមរាជវាំងនៅ​សល់​តែ ត្រឹមមួយម៉ែត្រក៏ដោយក៏ពិធីបុណ្យអុំទូកតាមប្រពៃណីត្រូវតែប្រារព្ធឡើង គឺ​មិន​ខ្លាចការ​វិលមកវិញរបស់លោកសមរង្ស៊ីនោះទេ៕

Share

ព័ត៌មានទាក់ទង

Image