en     km
en     km

លោក​ កឹ​ម​ សុខា​ ថា​ សមត្ថកិច្ច​មិន​អើពើ​ពី​សុវត្ថិភាព​របស់​លោក​ និង​ក្រុម​គ្រួសារ​

Share

protest-kim-sokha-01
ប្រ​ជា​ពល​រដ្ឋ​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា កាលពីព្រឹឹកម្សិលមិញ

​លោក​កឹ​ម​ សុខា​ សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ថា​៖​ «​កាលពី​ ថ្ងៃ​ទី​២៦​ តុលា​ ២០១៥​នេះ​ ជនពាល​មួយ​ក្រុម​បាន​មក​ព័ទ្ធ​គេហដ្ឋាន​របស់ខ្ញុំ​ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​មានការ​គប់​ដំ​ថ្ម​ចូល​ក្នុង​របង​ផ្ទះ​ខ្ញុំ​ បណ្តាល​ឲ្យ​ភរិយា​របស់ខ្ញុំ​ត្រូវ​ជាប់​ក្នុងផ្ទះ​ អស់​រយៈពេល​៦​ម៉ោង​ ដោយ​ពុំ​មានការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ ទោះជា​មានការ​ស្នើ​សុំ​ពី​សំណាក់​ យើងខ្ញុំ​ក៏​ដោយ​»​។​

អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បានសរសេរដូចនេះ បន្ទាប់​ពី​មាន​ក្រុម​បាតុករ​មួយ​ក្រុម​ធ្វើ​បាតុកម្មហិង្សា​ នៅ​ចំ​ពីមុខ​ផ្ទះ​ លោក​ កឹ​ម​ សុខា​ ម្ដុំ​ត្រឡោក​បែក​ ក្នុង​ខណ្ឌទួលគោក​ រួច​មក​ នៅ​វេលា​ម៉ោងជាង​១២​យប់​ ចូល​ថ្ងៃ​អង្គារ​ ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០១៥។ ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ថា​ លោក​មិន​អាច​អន្តរាគមន៍​ឆ្វេ​ច​ឆ្វាច​បាន​ទេ​។​

​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កឹ​ម​ សុខា​ ដដែល​បាន​សរសេរ​បន្ដ​ទៀត​ថា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ ក៏​ត្រូវ​បាន​វាយដំ​នៅ​ម្តុំ​រដ្ឋសភា​ផង​ដែរ​។​ ករណី​នេះ​លោក​ កឹ​ម​ សុខា​ យល់​ឃើញ​ថា​ នេះ​គឺជា​ ភាព​ខ្វះ​ការ​ទទួលខុសត្រូវ​របស់​សមត្ថកិច្ច​ និង​រាជរដ្ឋាភិបាល​ ដែល​មាន​តួនាទី​ការពារ​សុវត្ថិភាព​ សាធារណៈ​ដោយ​មិន​រើសអើង​និន្នាការ​។​

​លោក​កឹ​ម​ សុខា​ បាន​សំណូមពរ​ ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់​ និង​ស៊ើបអង្កេត​រក​ជន​នៅ​ពីក្រោយ​ខ្នង​ នឹង​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​នេះ​ មក​ផ្តន្ទាទោស​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ ប្រជាពលរដ្ឋ​កាន់តែ​អស់ជំនឿ​លើ​ប្រ​ព​ន្ធ័​យុត្តិធម៌​ និង​រាជរដ្ឋាភិបាល​។​

protest-kim-sokha-cover

​លោក​កឹ​ម​ សុខា​ បាន​សរសេរ​បន្ថែម​ថា​៖​ សូម​ចាំ​ទុក​ថា​ សុវត្ថិភាព​របស់​បុគ្គល​គ្រប់​រូប​ មិន​ថា​មក​ពី​គណបក្ស​ណា​ គឺជា​ទំនួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល​។​ ដូច្នេះ​ សូម​រាជរដ្ឋាភិបាល​ បង្ហាញ​នូវ​សមត្ថភាព​ និង​សុ​ឆន្ទៈ​ ក្នុង​ការ​បំពេញ​ តួនាទី​របស់​ខ្លួន​ដោយ​ឥត​លក្ខខណ្ឌ​។​

​ជុំវិញ​រឿង​នេះ​ លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ទោះជា​លោក​ កឹ​ម​ សុខា​ និយាយ​យ៉ាងម៉េច​ក៏​ដោយ​ចុះ​ លោក​មិន​ថា​អ្វី​នោះ​ទេ​ ប៉ុន្ដែ​ លោក​រីករាយ​ណាស់​ ដែល​ លោក​ កឹ​ម​ សុខា​ មិន​មាន​របួស​ស្នាម​នោះ​។​

​លោក​ ខៀវ​ សុភ័គ​ ថា​៖​ «​ទោះជា​គាត់​ថា​ម៉េច​ថា​ចុះ​ អាហ្នឹង​យើង​មិន​ថា​ទេ​ ក៏​ប៉ុន្ដែ​យើង​រីករាយ​ណាស់​ ដែល​ លោក​ កឹ​ម​ សុខា​ លោក​ អត់​មាន​របួស​ស្នាម​អ៊‍ីចឹង​ ព្រោះថា​ ការ​ធម្មតា​ ការ​អន្ដរាគមន៍​  វា​មិន​ ជា​ជាង​ ការ​ចរចា​ ឬ​ ក៏​ណែនាំ​ ជជែក​តាម​មាត់​ សម្ដី​ទេ​ ចង់​និយាយ​អ៊‍ីចឹង​។​ យើង​ទៅ​អន្ដរាគមន៍​ ឆ្វេ​ច​ឆ្វាច​អី​ អា​សំខាន់​–​ បាទ៎​ចង់​និយាយ​អ៊‍ីចឹង​ណា៎​ ។​ ហើយ​បើ​គាត់​ថា​ ម៉េច​ថា​ទៅ​ យើង​សប្បាយ​រីករាយ​ ដែល​លោក​កឹ​ម​សុខា​ អត់​ត្រូវ​របួស​ស្នាម​របួស​អី​…»​។​

​សូម​រម្លឹក​ដែរ​ថា​ កាលពី​ព្រឹក​ម្សិលមិញ​នៅ​ពីមុខ​រដ្ឋសភា​ មាន​ក្រុម​បាតុករ​មួយ​ក្រុម​បាន​តវ៉ា​ លើក​បដា​ និង​ស្រែក​ទា​ទារ​ឲ្យ​ដក​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋ​ សភា​ ។​ នៅ​ក្នុង​ការ​តវ៉ា​នោះ​ ហ្វូង​បាតុករ​ បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ និង​ធ្វើ​ឲ្យ​ខូច​រថយន្ត​មួយ​គ្រឿង​។​ ចំណែក​នៅ​ភូមិ​គ្រឹះ​លោក​កឹ​ម​ សុខា​ ក្នុង​ខណ្ឌទួលគោក​ឯណោះ​វិញ​ ហ្វូង​បាតុករ​បាន​គប់​ដុំ​ថ្ម​ និង​ដប​ទឹក​សុទ្ធ​ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image