en     km
en     km

សម្តេច ស ខេង ប្រាប់អាល្លឺម៉ង់ពីជំហររក្សា EBA ខណៈអ្នកវិភាគព្យាការណ៍ថាក្តីសង្ឃឹមមានតិច

Share

ក្រុងភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ថា កម្ពុជានូវតែរក្សាឆន្ទៈចង់បានពន្ធអនុគ្រោះ EBA រួមទាំងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុប។ ការបន្ទន់ឥរិយាបថខ្លួនបែបនេះ កើតឡើងក្នុងឳកាសសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់រយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា រហូតដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង កាលពីថ្ងៃម្សិលមិញ។

តាមទំព័រហ្វេសប៊ុក សម្តេច ស ខេង ក្រៅពីការលើកក្តីកង្វល់និងហានិភ័យនានាពេលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA សម្តេចក៏បានពិភាក្សាបញ្ហាការងារជាមួយតំណាងគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍នៃសហពន្ធអាល្លឺម៉ង់ លោកស្រី Gisela Hammerschidt ។

ជាការកត់សម្គាល់ នៅគ្រាដែលលទ្ធភាពដកប្រព័ន្ធអនុគ្រោះ EBA កាន់តែខិតជិតមកដល់នូវខែវិច្ឆិកាខាងមុខ អ្នកពាក់ព័ន្ធដែលទទួលផលពីពន្ធអនុគ្រោះនេះ បានបង្ហាញក្តីបារម្ភជាបន្ទាប់បើ EBAបាត់មែននោះ។

សេចក្ដីថ្លែងការណ៍របស់សភា​ពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា កាលពីថ្ងៃម្សិលមិញបានបន្តព្រមានពីភាពអវិជ្ជមានពីការបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះពន្ធ ​ជាអ្វីដែលខ្លួនចាត់ទុកថា EBA ជាដង្ហើមសេដ្ឋកិច្ចធំមួយផ្នែករបស់កម្ពុជាដែលអាចចិញ្ចឹមពលរដ្ឋខ្មែរបានរាប់លាននាក់។

ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេច ស ខេង ទៅអាឡឺម៉ង ដែលបានបង្ហាញជំហររឿង EBA នេះ លោក ឯម សុវណ្ណារ៉ា ​អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្រ្តី នារសៀលថ្ងៃនេះថា ការបង្ហាញឆន្ទៈបែបនេះ ​គ្រាន់តែជាសារ និង ឥរិយាបទក្នុងការសម្របសម្រួលបែបការទូតរបស់កម្ពុជាតែប៉ុណ្ណោះ។  យ៉ាងណាដើម្បីអាចរក្សាប្រព័ន្ធពន្ធអនុគ្រោះបាន អ្នកវិភាគរូបនេះយល់ថា កម្ពុជាត្រូវប្តូរឥរិយាបថ កែប្រែបរិយាកាសនយោបាយតាមការចង់បានរបស់សហភាពអឺរ៉ុប។

លោក ឯម សុវណ្ណារ៉ា បន្តថា៖ «ខ្ញុំយល់ថា​ កិច្ចពិភាក្សារបស់សម្តេចគឺគ្រាន់តែជាសាររបៀបការទូតក្នុងការចរចាររក្សាជំហរតែប៉ុណ្ណោះ តែការសម្រេចចិត្តហ្នឹង គេបានប្រជុំគ្នាជាមួយសមាជិកក្នុងសហភាពអឺរ៉ុបរួចហើយ ហើយក្តីសង្ឃឹមគឹមានតិចណាស់។»

សហភាពអឺរ៉ុបបានដាក់លក្ខខ័ណ្ឌមួយចំនួនមកកម្ពុជា ជាថ្នូរការទទួលបាន EBA ដោយតម្រូវឱ្យកម្ពុជា ដោះលែងមេបក្សប្រឆាំងគឺលោក កឹម សុខា បង្កើតលទ្ធភាពឱ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ រៀបចំការបោះឆ្នោតឡើងវិញ បង្កបរិយាកាសល្អដល់សកម្មជនបក្សប្រឆាំង សង្គមស៊ិវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលលក្ខខ័ណ្ឌទាំងនេះ ជាការស្រង់កម្ពុជាដាក់លើគន្លងប្រជាធិបតេយ្យឡើងវិញ៕

យ៉ាងណា​សេចក្តី​ថ្លែង​ការណ៍​​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​រំលឹក​ថា​ «ការ​បង្ខិតបង្ខំ​ខ្លាំង​ពេក​ ប្រហែល​មិនអាច​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់បាន​នោះទេ។ យើង​បាន​ឃើញ​ហើយ​ថា​កម្ពុជា​អាចនឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​មហាអំណាច​ដែល​ជា​គូប្រជែង​របស់​អឺរ៉ុប​បើសិន​ជា​កម្ពុជា​ទទួល​សម្ពាធខ្លាំង​ពេក»។

លោកខេន លូ អគ្គលេខាធិការ​និងជា​អ្នក​នាំពាក្យ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរកម្ពុជា ​ហៅ​កាត់​ថា​ GMAC ក៏បានចេញសេចក្ដីថ្លែងការណ៏បង្ហាញពីព្រួយបារម្ភចំពោះការឈានទៅរបាត់ EBA ​នេះដែរ។

ជាមួយគ្នា ​GMAC ក៏​បាន​អំពាវនាវ​ឲ្យសហភាព​អឺរ៉ុប ​ពិចារ​ណា​ជា​ថ្មី​ម្តង​ទៀត ចំពោះ​ការ​ព្យួរ​ EBA ​មកលើ​កម្ពុជា។ GMAC ក៏​បាន​ព្យាករណ៍ថាថា​ការ​ព្យួរ​EBA នេះនឹង​ធ្វើ​ឲ្យ​កម្មករ​រោង​ចក្រ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​ត្រូវរង​ផល​ប៉ះពាល់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង