ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ កាលពីថ្ងៃពុធទី១៨កញ្ញាបានលើកដៃសុំអោយសហរដ្ឋអាមេរិក ស្ដារទំនាក់ទំនងការទូតជាមួយរបបរបស់លោកឡើង បន្ទាប់ពីអាមេរិក សម្រេចទទួលស្គាល់មេបក្សប្រឆាំង គឺលោក ជួនកៃដូជា ប្រមុខរដ្ឋស្ដីទី របស់ប្រទេស ដែលហែកហួរដោយ វិបត្តិនយោបាយ និងសេដ្ឋកិច្ច កំពុងក្រឡាប់ដោយសារការដាក់ទណ្ឌកម្ម។
ប្រភពព័ត៌មាន AFP បានចុះផ្សាយថា លោកម៉ាឌូរ៉ូបានទទូចដូចនេះ បន្ទាប់ពីលោកបានបង្កើត ក្រុមប្រឹក្សាជាតិ ជាមួយគណបក្សមួយចំនួនដែលក្រុមបក្សប្រឆាំងរបស់លោកកៃដូចោទថា ជា ក្រុមនេះ ជាកូនអុករបស់លោកម៉ាឌូរ៉ូ។
អាមេរិក និងវេណេហ្សូអេឡា បានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នា បន្ទាប់ពី សហរដ្ឋអាមេរិក បានទទួលស្គាល់លោក វ័នកៃដូ ជាប្រធានាធិបតីស្ដីទីនិងស្របច្បាប់កាលពីថ្ងៃទី២៣មករា ឆ្នាំ២០១៩។
អនុប្រធានាធិបតី របស់លោកម៉ាឌូរ៉ូគឺលោក Delcy Rodriguez បាននិយាយ ថា លោកម៉ាឌូរ៉ូចង់ បើកការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយសំដៅអោយមានដំណោះស្រាយនយោបាយទៀតផង។
សហរដ្ឋអាមេរិក បានឈានមុខគេ ដែលគាំទ្រ លោក កៃដូ ជាប្រមុខរដ្ឋស្ដីទីប្រទេសវេណេហ្សូអេឡា ដោយចាត់ទុកលោកម៉ាឌូរ៉ូជាមេដឹកនាំមិនស្របច្បាប់និងមិនស្របនឹងឆន្ទៈរបស់ប្រជាជនដោយសារ មេដឹកនាំបក្សសង្គមនិយមវេណេហ្សូអេឡារូបនេះ ចូលកាន់តំណែងប្រធានាធិបតី ដោយសារកំចាត់បេក្ខជនបក្សប្រឆាំងមិនអោយចូលរួមប្រកួតជាមួយលោកនៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែឧសភា ឆ្នាំ២០១៨។
តាមប្រភព ដដែល របបលោកម៉ាឌូរ៉ូចង់បង្កើតឡើង នូវចំណងការទូតជាមួយសហរដ្ឋអាមេរិក គឺម្យ៉ាងគត់ ព្រោះសេដ្ឋកិច្ចនៃរបបនេះ កំពុងក្រឡាប់ ហើយម្យ៉ាងទៀតក្រុងការាកាសដឹងថា នៅចុងខែតុលាឆ្នាំ២០១៩នេះ ការដាក់ទណ្ឌដំណាក់កាលធ្ងន់ធ្ងរមួយលើកទៀតនឹងដាក់អោយចូលជាធរមាន។
ស្របពេល លោកម៉ាឌូរ៉ូចង់អោយអាមេរិកមានទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ របបរបស់លោកក៏បានដោះលែង អ្នកទោស នយោបាយនៃក្រុមលោកវ័ន្តកៃដូជិត៦០នាក់ ក្នុងនោះមានទាំងអនុប្រធានរដ្ឋសភារបស់លោកដូផងដែរ។ យ៉ាងណា ប្រេសិតលោកប្រធានាធិបតីត្រាំ ព្យាករណ៍ថារបបលោកម៉ាឌូរ៉ូអាចនឹងត្រូវរុញអោយក្រឡាប់នៅចុងឆ្នាំ២០១៩នេះ៕