en     km
en     km

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

Share

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា​បាន​មក​ដល់​ប្រទេស​កម្ពុជាហើយ នៅព្រឹកថ្ងៃទី ១៩ កញ្ញានេះ បន្ទាប់ពីលោកទទួលបានការយល់ព្រមពីសមាជិកព្រឹទ្ធសភា តាមសំណើតែងតាំងរបស់​លោកប្រធានាធិបតី​ដូណាល់ត្រាំ។  

លោកបានសរសេរលើបណ្ដាញសង្គម  Twitter របស់លោកនៅព្រឹកនេះថា ជាការការល្អខ្លាំងណាស់ដែលលោក បានមកប្រទេសកម្ពុជាម្ដងទៀត ។

លោកបន្ថែមថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលដែលលោកបានមកដល់កម្ពុជា ។

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជារូបនេះបន្ថែមថា លោករងចាំឱកាសដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងកម្ពុជា និងអាមេរិក ។

លោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជំនួសឱ្យលោក William A. Heidt ដែលបានបញ្ចប់អាណត្តិនៅកម្ពុជា ។ លោកគឺជាអ្នកការទូតអាមេរិក ដែលមានបទពិសោធន៍ក្នុងតំបន់អាស៊ីយ៉ាងច្រើន ពាក់ព័ន្ធនឹងកិច្ចការងារពង្រឹងប្រជាធិបតេយ្យ ។

ឯកអគ្គរដ្ឋទូតថ្មីនេះ ប្ដេជ្ញាចិត្តថានឹងធ្វើឱ្យកម្ពុជារឹងមាំ មានប្រជាធិបតេយ្យ និង​ឯករាជ្យ ។ លោកក៏ធ្លាប់ប្ដេជ្ញាថា នឹងធ្វើការទៅលើកិច្ចការដោយគាំទ្រទៅលើការអនុម័ត និងអនុវត្តច្បាប់របស់អាមេរិក ដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកប្រជាធិបតេយ្យឱ្យប្រទេសនេះ ។

មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកកម្ពុជា កាលពីថ្មីៗនេះ ឆ្លើយតបថា បើដូចនេះមែន វត្តមានរបស់លោក W. Patrick Murphy មិនមានប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយគ្នានោះទេ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា មិនស្វាគមន៍ជំហររ​បស់លោក W. Patrick Murphy បែបនេះឡើយ ។

កន្លងមក លោក ផៃ ស៊ីផាន ធ្លាប់ថ្លែងថាពិបាកធ្វើការជាមួយមន្ត្រីតូចតាចរបស់ស្ថានទូតអាមេរិក ដែលមិនទាន់មានឯកអគ្គរដ្ឋទូតថ្មី ។

វត្តមានលោក W. Patrick Murphy ចំពេលដែលកម្ពុជាហាក់ដូចជាមានស្ថានភាពនយោបាយមិនល្អប្រសើរឡើយ ។ សង្គមស៊ីវិលមើលឃើញថា ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅមានកម្រិតទាបខ្លាំង ខណៈមានការឃាត់ខ្លួន ចោទប្រកាន់ទៅលើមន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ មុនពេលលោកសមរង្ស៊ី វិលចូលមកកម្ពុជា ។ ជាងនេះទៅទៀត ក៏ស្របពេលដែលទំនាក់ទំនងកាទូតកម្ពុជា និងអាមេរិក ត្រូវបានមតិអ្នកវិភាគថាមានការថយចុះ ខណៈកើនឡើងនូវទំនាក់ទំនងកាទូតរវាងកម្ពុជានិងចិនទៅវិញ ៕

Share

ព័ត៌មានទាក់ទង

Image