នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ មានបាតុកម្មមួយទាមទារដកតំណែងលោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងមានការវាយប្រហារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួស។ ចំណែកឯនៅប្រទេសបារាំងឯណោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញថា លោកសម រង្ស៊ី អាចនឹងមានទោសជាប់ពន្ធនាគារ ករណីហ្វេសប៊ុករបស់លោកបានបង្ហោះព័ត៌មានលោក ហុង សុខហួរ ដែលត្រូវបានតុលាការចោទថា បានប្រើឯកសារក្លែងក្លាយ ។ ករណីទាំងពីរនេះ អ្នកវិភាគយល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងកម្ដៅខ្លាំងឡើង ដែលអាចធ្វើឲ្យមានការពន្យារពេលបោះឆ្នោតនាពេលខាងមុខ ហើយក៏បញ្ជាក់ថា កម្ពុជាកំពុងដើរចេញពីគន្លងប្រជាធិតេយ្យផងដែរ។
អ្នកច្បាប់ និងអ្នកតាមដានសង្គមយល់ថា ស្ថានការណ៍នយោបាយចុងក្រោយនេះ បានបង្ហាញតម្រុយឲ្យឃើញនូវការប្រឈមគ្នាកាន់តែខ្លាំងឡើង រវាងគណបក្សនយោបាយធំៗទាំងពីរ ធ្វើឲ្យកម្ពុជានឹងចាកចេញពីគន្លងផ្លូវនៃការអនុវត្តប្រជាធិបតេយ្យ។សូមជម្រាបថា នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងជាប់ពន្ធនាគារ ករណីដែលលោកបានឲ្យទំព័រហ្វេសប៊ុករបស់លោក បង្ហោះឯកសាររបស់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលរងការចោទប្រកាន់ពីការប្រើប្រាស់ឯកសារក្លែងក្លាយ។
ជាមួយគ្នា នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ មានបាតុកម្មទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងលោកកឹម សុខា ដោយទាមទារឲ្យមានការដកតំណែងលោកកឹម សុខា ពីតួនាទីជាអនុប្រធានទី១ រដ្ឋសភា ដោយបាតុករចោទថា ជាអ្នកបង្កបញ្ហា ញុះញង់ឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកមាស នី មានប្រសាសន៍ជាមួយវិទ្យុស្ត្រីអេហ្វអឹម ១០២ នៃ WMC នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥ ថា តាមរយៈបាតុកម្មប្រឆាំងនឹងលោកកឹម សុខា និងតាមរយៈប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីចាប់ខ្លួនលោកសម រង្ស៊ី ជាដើម វារំលេចឲ្យឃើញនូវការប្រឈមដាក់គ្នារវាងគណបក្សនយោបាយទាំងពីរ ហើយចុងក្រោយរដ្ឋាភិបាលអាចនឹងមានហេតុផលគ្រប់គ្រាន់ ដើម្បីពន្យារការបោះឆ្នោត។
លោកមាស នី មានប្រសាសន៍ថា៖ «ការហែបាតុកម្មប្រឆាំងលោកកឹម សុខា ឬការរំខានផ្សេងៗទៅលើ ដំណើរការឃោសនា ឬការចុះជួបប្រជាពលរដ្ឋរបស់គណបក្សប្រឆាំងអីនេះ ហើយនិងរួមទាំងការគំរាមរបស់លោកហ៊ុន សែន ផង ខ្ញុំគិតថា វាហាក់ដូចជាឃើញតម្រុយមួយ ដែលឈានទៅរកការប្រឈមគ្នាកាន់តែធ្ងន់ឡើងៗ ហើយបើសិនជាអ្នកដឹកនាំទាំងសងខាងមិនបានប្រុងប្រយ័ត្នទេ ខ្ញុំគិតថានឹងមានឧបទ្ទវហេតុផ្សេងៗជាអំពើហិង្សាកើតឡើងនៅមុនពេលបោះឆ្នោត ហើយនៅពេលនោះ គឺរដ្ឋាភិបាលអាចមានមូលហេតុគ្រប់គ្រាន់ក្នុងការពន្យារពេលបោះឆ្នោត»។
ចំណែកប្រធានផ្នែកស៊ើបអង្កេត និងសិទ្ធិមនុស្សនៃសមាគមអាដហុក លោកនី ចរិយា មានប្រសាសន៍ថា ករណីចាប់ខ្លួនលោកហុង សុខហួរ គឺជារឿងនយោបាយ ហើយការគំរាមចាប់ខ្លួនលោកសម រង្ស៊ី ពាក់ព័ន្ធនឹងករណីលោក ហុង សុខហួរ ក៏ជារឿងនយោបាយដែរ ។ លោកថា ការណ៍នេះនឹងធ្វើឲ្យកម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យ ហើយយកល្អអ្នកនយោបាយគួរតែគោរពតាមវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរបានបង្កើតឡើង។
លោកនី ចរិយា មានប្រសាសន៍ថា៖ «បើនិយាយអំពីស្ថានភាពនយោបាយវិញ អ្នកនយោបាយគួរតែប្រកាន់យក ដែលយើងបង្កើតឡើងថា វប្បធម៌សន្ទនានោះ ល្អជាងយើងប្រើប្រាស់យន្តការមួយ ធ្វើឲ្យប៉ះពាល់ទៅដល់ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន ហើយអ្វីដែលចាប់លោកហុង សុខហួរ ជារឿងនយោបាយ ហើយបើពាក់ព័ន្ធទៅដល់លោកសម រង្ស៊ីទៀត អាហ្នឹងខ្ញុំគិតថា វាសុទ្ធតែជារឿងនយោបាយ ។ អ៊ីចឹងវាធ្វើឲ្យប្រទេសយើងបានចាកចេញផុតពីគន្លងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យហើយ»។
សូមជម្រាបថា នៅក្នុងបាតុកម្មនាថ្ងៃនេះ បានធ្វើឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២នាក់រងរបួស គឺលោកញយ ចំរើន និងលោកគង់ សភា ហើយមានការកម្ទេចរថយន្ត ដែលជាទ្រព្យសម្បត្តិរថអស់មួយគ្រឿង ចំណែកឯភូមិគ្រឹះលោកកឹម សុខា ឯណោះវិញ ហ្វូងបាតុករបានគប់ដុំថ្មចូលផងដែរ៕