en     km
en     km

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

Share

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចលាចលនៃបាតុកម្ម។ ចិនប៉េកាំងមិនមែនមិនយកភ្នែកមើលនោះទេ គ្រាន់តែមិនទាន់ហ៊ានបង្រ្កាបយ៉ាងណា ព្រោះកម្លាំងមហិមានៃការតស៊ូដើម្បីសេរីភាពរបស់ក្រុងហុងកុងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីប្រតិកម្មតបវិញរបស់ចិន។ បាតុករក្រុងហុងកុងដំបូងឡើយ បានស្លៀកពាក់ខ្មៅ ក្រោយមកបានរួមគ្នាប្រើប្រាស់ឆ័ត្រទោះតំណក់ ទឹកភ្លៀងមកជោគជាំក្ដី វាគឺជាសញ្ញាណនៃការតស៊ូមួយដែលបញ្ជាក់ថាហុងកុង កំពុងអង្រួនចិត្តរកការផ្លាស់ប្ដូរ ចុះថាតើ បើហុងកុងធ្លាក់ក្នុងបដិវត្តពណ៌តើនឹងម ាន អ្វីកើតឡើង។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល

“Liberate Hong Kong! Revolution of our times!” រំដោះហុង​កុងឱ្យមានសេរីភាព បដិវត្តន៍សម័យរបស់យើង! ឃ្លាទាំងនេះត្រូវបានបន្លឺឡើងតាមឧគ្ឃោសនស័ព្ទ នានាពាសពេញដែនដីហុងកុង។សេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័នថ្វីបើត្រូវបានដកចោលទៅហើយរបស់រដ្ឋបាលក្រុងហុងកុង តាមការគាំទ្ររបស់ចិន តែវាមិនមែនជាប្រភពបញ្ហាតែមួយនោះទេ ក្រោយបាតុកម្ម១៥សប្ដាហ៍មកនេះ ក្រុមបាតុករហុងកុងបានប្រើប្រាស់ពេលវេលា ទាំងនេះរកឃើញថាអ្វីដែលខ្លួនចង់បានជាសំខាន់គឺលទ្ធិប្រជាធិបតេយ្យកើតចេញពីការបោះឆ្នោតនិងសេរីភាពពិតប្រាកដ។ ក្រុបបាតុករបានដង្ហោយសុំការជួយពីបណ្ដាប្រទេសប្រជាធិបតេយ្យជឿនលឿនរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់។ពេលនេះក្រុមយុវជនគាំពារសិទ្ធិមនុស្សហុងកុងជាច្រើនអ្នកកំពុងធ្វើយុទ្ធនាការក្រៅប្រទេសចូលដល់សភានៃបណ្ដាប្រទេសទាំងនោះហើយ។ ក្រុងប៉េកាំងបានធ្វើការកម្លាដល់បរទេសទាំងនោះតាមរយៈការប្រើប្រាស់ច្បាប់ផ្ទៃក្នុង និង គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោលការណ៍គោរពអធិបតេយ្យ ភាពប្រទេសរបស់អង្គការសហប្រជាជាតិ និង បានប្រកាសតបស្ដែងចេញ ពីគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីររបស់ចិននិងហុងកុងនិងម៉ាកាវ។ តាមសារព័ត៌មាន ហុងកុង South China morning post ចិនដីគោកពេលនេះប្រហែលជាស្លន់ស្លោរ និង ងឿងឆ្ងល់បន្ដិចដែរ ព្រោះថាពលរដ្ឋឈានដល់ការប្រើប្រាស់ពាក្យថាបដិវត្តពណ៌ក្នុងបរិបទសង្គមមួយនេះទៅហើយ ដែលនេះបង្ហាញផងដែរថាជាការប៉ុនប៉ងដ៏គ្រោះថ្នាក់ មួយរបស់ហុងកុងទៅកាន់ចិន និង ចិនទៅហុងកុង។

ក៏ប៉ុន្ដែមុននឹងបដិវត្តអាចប្រព្រឹត្តទៅបានកាន់តែវែងឆ្ងាយទៀតនោះ គឺមើលឃើញថាពលរដ្ឋហុងកុងហាក់មិនបង្ហាញថាវាជាស្ដង់ដារនៃបដិវត្តន៍នោះទេ។បដិវត្តន៍ពណ៌គឺជាចលនាទាមទាំរឱ្យមានការផ្លាស់ប្ដូរដែលវាកើតចេញពីជនស៊ីវិល។ អ្នកចូលរួមក្នុងបដិវត្តន៍ពណ៌ភាគច្រើន ធ្វើបដិវត្តន៍ទាមទារដោយអហិង្សា ឬហៅថា ចលនាតស៊ូស៊ីវិល។ មធ្យោបាយក្នុងការបះបោរទាំងនោះមានដូចជា ការធ្វើបាតុកម្ម កូដកម្ម និងអន្តរាគមន៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលគេមើលឃើញថា មានប្រព្រឹត្តអំពើពុករលួយ ឬផ្តាច់ការ និងដើម្បីតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ ពេលខ្លះចលនាទាំងនេះ ក៏មានប្រើប្រាស់សម្ពាធខ្លាំង ឈានដល់ការផ្លាស់ប្ដូររបបដឹកនាំផងដែរ។ បដិវត្តន៍ពណ៌នេះត្រូវបានគេមើលឃើញថាកើតឡើងដំបូងគេបង្អស់ពីប្រទេសអាស៊ីអាគ្នេយ៍ដែនកោះ ហ្វីលីពីន ក្នុងរបបដឹកនាំរបស់លោកម៉ាកូសនាឆ្នាំ១៩៨៦ គឺបានហៅថាជាបដិវត្តន៍ពណ៌លឿង ឬ បដិវត្តន៍អំណាចពលរដ្ឋ។ភាគច្រើនមុនទសវត្សទី២០ និង ២១ ចូលមកដល់បណ្ដាប្រទេសក្រោមសហភាព សូវៀត និង ទទួលឥទ្ធិពលសង្គមនិយមប្រទេសត្រូវបានគេមើលឃើញ ថាមានចលនាប្រជាជនប្រើប្រាស់រយៈពេលច្រើនខែឬឆ្នាំរើបម្រះឈានដល់ការផ្ដួលរលំរបបតួយ៉ាងបដិវត្តន៍ក្រណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេស ឆេកូស្លូវ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ បដិវត្តន៍ ប៊ូលឌូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេស យូហ្គោស្លាវី ចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់លោក Slobodan Milošević។

មហាសេដ្ឋីមួយចំនួននៃប្រទេសហុងកុង ត្បិតមិនបានចូលរួមក្នុងដំណើរការបាតុកម្មនោះទេក៏ប៉ុន្ដែពួកគេបានថ្លែងសារបញ្ជាក់ថា យុវជនគឺជាម្ចាស់អនាគតហុងកុង។ អនាគតហុងកុងស្ថិតក្នុងដៃរបស់ចិននៅរយៈពេល៣៨ឆ្នាំទៀត គឺឆ្នាំ២០៤៧ ហុងកុងនឹងលែងជារដ្ឋស្វយ័តទៀតហើយ ចក្រភពអង់គ្លេសដែលជាម្ចាស់ អាណានិគមបានអះអាងថារយៈពេលដែលហុងកុងកំពុងជារដ្ឋស្វយ័តនេះដែនដីនេះទទួលបានការអនុគ្រោះពាណិជ្ជកម្មនិងទាក់ទាញវិនិយោគខ្លាំងណាស់ ហើយជាចំណែកមួយឱ្យចិនខ្ពស់មុខខ្ពស់មាត់បាន។ ស្របគ្នានេះដែរ មានការមើលឃើញពីសំណាក់ក្រុមអ្នកអចលនទ្រព្យផ្ទុយទៅវិញថា ចលនាទាំងនេះទោះគេហៅថាជាសមុទ្រខ្មៅ ចលនាឆ័ត្រក្ដី តែវាមិនចំជាបដិវត្តពណ៌នៅឡើយនោះទេ តែបើសិនវាកើតឱ្យមានវិបត្តិសេដ្ឋកិច្ ចនៅក្រុងហុងកុងតាមរយៈការការឡើងថ្លៃអចលនទ្រព្យនោះអាចនឹងឈានដល់បែបនោះមែន។ ក្រុមអ្នកជំនួញថា គោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិន ត្រូវប្រុងប្រយ័ត្នទាំងបញ្ហាសិទ្ធិមនុស្ស និង ការអនុគ្រោះប្រព័ន្ធសេដ្ឋកិច្ចដល់ទីក្រុង មូលធននិយមហុងកុង បើមិនដូច្នេះទេសញ្ញាណបដិវត្តន៍អាចនឹងរីកសុះសាយយ៉ាង ពិតប្រាកដ។

បែបនោះបើសិនណាមានការដេញដោលរហុតដល់ថាបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌តើនឹងមានអ្វីកើតឡើង។ការធ្វើបាតុកម្មនៅហុងកុងមានការសាទរជាខ្លាំងពីសំណាក់ពលរដ្ឋក្រុងតៃប៉ិ ពលរដ្ឋក្រុងតៃប៉ិមានការលើកទឹកចិត្តឱ្យហុងកុងដើរចេញពីគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ព្រោះសូម្បីតែខ្លួនក៏មិនចាត់ទុកថាគោលនយោបាយនោះបានជួយ ពង្រឹងលទ្ធិប្រជាធិបតេយ្យបានកម្រិតណា ដែលនៅឡើយតែប្រកាសឯករាជ្យភាព នោះទេ។ ហុងកុងជាដែនដីចុងភាគខាងត្បូងនៃប្រទេសចិនដែលជិតនឹងក្រុងតៃប៉ិជាខ្លាំង។តែជោគវាសនារបស់ក្រុងហុងកុងក៏ស្ថិតនៅក្រដាសកូពីមួយច្បាប់នៃកិច្ចព្រមព្រៀងរបស់ចិនកុម្មុយនីស្ដ និង អង់គ្លេសផងដែរ ព្រោះការផ្ទេរហុងកុងទៅឱ្យចិនគ្រប់ គ្រងមិនបានបង្ហាញពីការពេញចិត្តពេញលេញរបស់ពលរដ្ឋហុងកុងនៅឡើយ តែក៏មិនដូចនឹង ទៀនអានមិននោះទេ ចិនមិនអាចធ្វើការបង្រ្កាបហុងកុងក្រោមរូបភាព សាហាវឃោរឃៅសម្លាប់មនុស្សម៉ឺននាក់ដូច្នោះដែរ បើសិនណាចិនប្រតិកម្ម នោះចិននឹងប្រតិកម្មបែបបង្ក្រាបនេះលើហុងកុងភ្លាមៗដូចរយៈពេលតែ២ថ្ងៃនៃបាតុកម្មទៀនអានមិន ហើយមិនបណ្ដោយឱ្យស្ថានការណ៍អូសបន្លាយជាង៣ ខែមកនេះបានឡើយ ឬ ថាពេលនេះចិនក៏រង់ចាំចាប់កំហុសហុងកុងសិន ខណៈពេលនេះហុងកុងកំពុងរកឃើញកំហុសធ្ងន់ធ្ងររបស់ចិនលើការរំលោភបំពានសិទ្ធិមនុស្ស ឬថាម្យ៉ាងទៀតថា ចិនក៏រអានឹងសម្ពាធអន្ដរជាតិដែរ ព្រោះបញ្ហាសិទ្ធិមនុស្ស ក៏ជាការតថ្លៃក្នុងពាណិជ្ជកម្មចិននិងសហគមន៍អន្ដរជាតិផងដែរ ទោះអន្ដរជាតិមិន បាននិយាយចំហអំពីសហប្រតិបត្តិខ្លួននឹងចិនក្នុងទំនាក់ទំនងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរក្ដី។ បើហុងកុងដែលជាដែនដីធំល្មមមួយរបស់ចិនធ្លាក់ក្នុងបដិវត្តន៍ពណ៌ នោះវានឹងជាគំរូនៃ សន្ទុះបដិវត្តន៍ដទៃទៀតដល់ដែនដីមួយចំនួនដែលកំពុងមានបញ្ហាសិទ្ធិមនុស្សក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិន ដូចជាខេត្តទីបេ ខេត្តជីងជាំងជាដើម។ ហេតុនេះរដ្ឋាភិបាលចិនបើសិនណាជាចង់លេបត្របាក់យកហុងកុងមកវិញទាំងមូល ក៏ត្រូវមើលឱ្យសព្វជ្រុងជ្រោយពីស្ថានការណ៍ក្នុងប្រទេស និង បង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនរុញសម្ពាធអន្ដរជាតិចេញដែរ៕

Share

ព័ត៌មានទាក់ទង

Image