កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយសែនកោងកាង ជាយុទ្ធនាការមួយផ្តោតលើសកម្មភាពដាំកូនកោងកាងក្នុងតំបន់ឆ្នេរសមុទ្រនៅខេត្តកំពតកាលពីពេលថ្មីៗនេះ។ ក្នុងយុទ្ធនាការដែលមានការចូលរួមពីយុវជន សិស្សនិស្សិត បុគ្គលិកមន្រ្តីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននេះ បានព្រឹត្តិទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ លាយឡំនឹងសំឡេងហូរកញ្ជ្រៀវរបស់អ្នកចូលរួម។ ក្នុងយុទ្ធនាការនេះ ថ្នាក់អាជ្ញាធរមូលដ្ឋានបានដឹងនាំក្រុមអ្នកចូលរួមឱ្យបានស្វែងយល់ពីជីវភាពរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ ដែលកំពុងអភិរក្សព្រៃកោងកាងតាមរយៈការទាញអត្ថប្រយោជន៍ពីភ្ញៀងទេសចរណ៍។
ដើម្បីជ្រាបកាន់តែច្បាស់ពីយុទ្ធនាការមួយសែនកោងកាងនេះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ញឹក សំអូន ដូចតទៅ!
នេះជាសម្រែកហូរកញ្ជ្រៀវរបស់ក្រុមយុវជនមានទាំងសិស្សនិស្សិត បុគ្គលិកមន្រ្តីអង្គការ និងអាជ្ញាធរស្រុកទឹកឈូក ខេត្តកំពត ប្រមាណ ៨០ នាក់ ដែលកំពុងដាំកូនកោងកាងប្រមាណ ១០០ដើម ក្នុងយុទ្ធនាការមួយសែនកោងកាង។ អ្នកចូលរួមដាំកូនកោងកាងត្រូវចុះក្នុងទឹកសមុទ្រលិចត្រឹមចង្កឹះដើម្បីដាំកូនកោងកាង។
កញ្ញា ងាន សុខគុណ ជាយុវតីមួយរូបបានចូលរួមក្នុងយុទ្ធនាការដាំកូនកោងកាងមួយសែនកោងកាងនេះនិយាយថា កញ្ញាចូលចិត្តចូលរួមសកម្មភាពការងារជួយសង្គម ការថែរក្សាបរិស្ថានដូចការដាំដើមកោងកាងនេះណាស់។ យុវតីដែលមានរាងស្តើងសម្បុរសរូបនេះបន្ថែមថា កញ្ញាស្រលាញ់ព្រៃឈើ ពិសេសដើមកោងកាង ព្រោះរុក្ខជាតិប្រភេទនេះអាចជួយដល់មនុស្ស សត្វ និងជីវចម្រុះផ្សេងៗឱ្យមាននិរន្តភាពបានយូរអង្វែង។ «ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានមកចូលរួមនៅក្នុងកម្មវិធីនឹងពីព្រោះអីការដាំព្រៃកោងកាងនឹងវាមានសារប្រយោជន៍ច្រើនមែនទែនសម្រាប់ទាំងមនុស្សទាំងរុក្ខជាតិជុំវិញនឹង ជាពិសេសទាំងជីវចម្រុះដែលនៅក្នុងទឹកនឹងព្រោះអីព្រៃកោងកាងនឹងវាជាមជ្ឍដ្ឋានមួយដែល ស្រូបយកកាបូនឌីអុកស៊ីតដែលវាស្រូបយកហើយវាបញ្ចេញឧស្ម័នល្អឧស្ម័នអុកស៊ីសែនសម្រាប់យើងដកដង្ហើម ហើយខ្ញុំមកនឹងគឺថាចង់ដាំទៀតម៉ងខ្ញុំព្យាយាមដាំណាស់ខ្ញុំដាំបានបីដើម គឺថាខ្ញុំ ខ្លាំងមើលនែកឡើងឈឺមេជើង»។
នៅក្នុងយុទ្ធនាការមួយសែនកោងកាងនេះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ដោយលោក ស សូរិន ជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបង្ហាញថា ការចូលរួមរបស់ក្រុមយុវជន សិស្សនិស្សិត និងអង្គការ Actionaid ក្នុងការចូលរួមដាំកូនកោងកាងនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានតំបន់ឆ្នេរសមុទ្រ។«អ្វីដែលយើងធ្វើនេះគឺស្របតាមគោនយោបាយរបស់រដ្ឋាភិបាលហើយក៏ដូចជាស្របតាមផែនការរយៈពេលវែងរបស់រដ្ឋបាលជលផលមានផែនការរយៈពេលដប់ឆ្នាំគឺយុទ្ធនាកាយើងមានហេតុការសម្រាប់ការពារធនធានជលផលនៅតំបន់ឆ្នេរក៏ដូចជាតំបន់ទឹកសាបយើងមានផែនការដប់ឆ្នាំហើយក្នុងនឹងពាក់ព័ន្ធនឹងសកម្មភាពការពារនឹងដាំកោងកាងក៏ជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់រដ្ឋបាលជលផលរយៈពេលដប់ឆ្នាំផងដែរ »។
សហគមន៍នេសាទត្រពាំងសង្កែស្ថិតនៅ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ សហគមន៍មួយនេះព័ទ្ធជុំវិញដោយព្រៃកោងកាងខៀវស្រងាត់ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៦ ហិកតា។ ក្នុងសហគមន៍មួយនេះ មានផ្ទះស្នាក់ជាង ៣០ សម្រាប់រង់ចាំទទួលភ្ញៀងទេសចរណ៍មកស្នាក់នៅលំហែកាយបែបធម្មជាតិនៃព្រៃកោងកាង។
ប្រជាសហគមន៍នេសាទត្រពាំងសង្កែមួយរូប ដែលជាអ្នកលក់គ្រឿងបរិភោគចំណីចំណុកក្នុងសហគមន៍មួយនេះបានលើកឡើងថា ខ្លួនទទួលបានចំណូលពីការលក់ដូររបស់របរជូនភ្ញៀងទេសចរណ៍ និងដឹកភ្ញៀងទស្សនាព្រៃកោងកាង។ អ្នកស្រីបន្តថា សហគមន៍នេសាទត្រពាំងសង្កែមួយនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជានេសាទ តាមរយៈការផ្តល់សេវាកម្មជូនភ្ញៀវ។«កន្លែងយើងទៅដាំគេហៅថា ស្នាក់ការសហគមន៍នៅខាងមាត់សមុទ្រនោះ ទូកយើងបើកទៅដល់ដប់ប្រាំនាទីទៅមកសាម សិបនាទីហើយខែមុនៗភ្ញៀវច្រើនដែរខែប្រាំខែប្រាំមួយ» ។
ដោយឡែកលោក សារ៉ឹប សឹម ជាគណៈកម្មការសហគមន៍នេសាទត្រពាំងសង្កែបានលើកឡើង ពីអត្ថប្រយោជន៍របស់ព្រៃកោងកាងថា ព្រៃនេះបានផ្តល់ការងារសម្រាប់ប្រជាសហគមន៍ដែលពួកគេទទួលចំណូលពីការដឹកភ្ញៀវទេសចរណ៍ទស្សនៈព្រៃកោងកាង និងដាំដើមកោងកាង។ មួយវិញទៀត ព្រៃកោងកាងក៏ជាជម្រកជីវចម្រុះដែលប្រជាសហគមន៍អាចធ្វើការនេសាទដើម្បីយកមកលក់ជូនភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅសហគមន៍នេសាទត្រពាំងសង្កែ។
«ទស្សនៈរបស់ខ្ញុំផ្ទាល់គឺជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការជួយរកចំណូលនៅក្នុងសហគមន៍ ហើយយើងមានព្រៃកោងកាងវាមានជីវចម្រុះ គ្រប់ប្រភេទ ចឹងសហគមន៍របស់យើងវាអាស្រ័យទៅលើដូចជាក្ដាម បង្គា មឹក អ្វីដែលយើង ធ្វើការនេសទនៅក្នុងព្រៃកោងកាង ឫក្បែរៗនឹង ហើយអត្ថប្រយោជន៍របស់វាទៀតកាបូន បើជាតិកាបូន ក្នុងមួយហិតាយើងអាចកាត់ជាតិកាបូនបានជាង១០០០តោន»។
បើទោះជាព្រៃកោងកាងបានផ្តល់ផលប្រយោជន៍យ៉ាងមហាសាលសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រជានេសាទយ៉ាងណាក្តី តែកន្លងមកនេះមានជនខិលខូចមួយចំនួននៅតែមានសកម្មភាពលួចកាប់ដើម្បីកោងកាង ហើយជនមានអំណាចមួយចំនួនបានចាក់ដីរំលោភយកព្រៃកោងកាងជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏មាន។ នេះបើតាមការលើកឡើងរបស់លោក អភិបាលខណ្ឌជលផល សហគមន៍នេសាទត្រពាំងរពៅ ដែលបានលើកឡើងចំពោះមុខយុវជន និងអ្នកសារព័ត៌មានក្នុងយុទ្ធនាការមួយសែនកោងកាងនោះ។ លោកឱ្យដឹងថា ការដាំដើមកោងកាងគឺដើម្បីបំពេញចន្លោះដែលបានដោយសារការកាប់បំផ្លាញរបស់ជនខិលខូច។ «មូលហេតុបាត់បង់វានិយាយរួមដោយសារអ្នកមានអំណាចមួយចំនួនកាប់ហើយប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិឃុំគាត់អត់សូវយល់ពីសារប្រយោជន៍នៃព្រៃកោងកាងទេចឹងគាត់លួចកាប់អីចឹងទៅហើយជនអ្នកមានអំណាចមានលុយមួយចំនួនគឺវាទន្រ្ទាន ដើម្បីវាយកដី វាអត់គិត ថាព្រៃកោងកាងមានសារសំខាន់ព្រោះបច្ចុប្បន្ននេះនៅតំបន់ឆ្នេរដីវាឡើងថ្លៃ»។ហើ
សូមជម្រាបថា តាមរបាយការណ៍គណៈកម្មាការទន្លេមេគង្គសម្រាប់ព្រៃកោងកាង នៅឆ្នាំ១៩៩២ ខេត្តកំពតនឹងកែបមានគម្របព្រៃកោងកាងចំនួន៧៩០០ហិកតា ក៏ប៉ុន្តែ ត្រឹមឆ្នាំ២០១៤ នេះរបាយការណ៍ខណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថាព្រៃកោងកាង បាត់បង់អស់៦២% មកនៅត្រឹម១៩៦៦ហិកតានៅកំពតនិង១០០៥ហិកតានៅខេត្តកែប។ ហើយសហគមន៍ ដែលមានផ្ទៃដីដាំកោងកាងច្រើនជាងគេគឺសហគមន៍ត្រពាំងរពៅ។
យុទ្ធនាការមួយសែនកោងកាងគឺធ្វើឡើងនៅក្នុងគោលបំណង ផ្សព្វផ្សាយឲ្យសាធារណៈ ជនបានដឹងអំពីតួនាទីនិងគុណប្រយោជន៍របស់ដើមកោងកាង ព្រមទាំងកៀរគរការចូលរួម វិភាគទាន ពីសាធារណៈជន ក្នុងន័យគាំទ្រសហគមន៍ នេសាទទាំង៨កន្លែងខាងលើក្នុងការ បណ្ដុះកូនឈើកោងកាងចំនួន១សែនដើមនៅខេត្តកំពត។ ជាពិសេសយុវជន យុវនារីផ្ទាល់តែម្តង គួរតែចូលរួមដាំកូនឈើកោងកាងឲ្យបានច្រើន ព្រមទាំងថែរក្សាព្រៃនេះ ឲ្យបានគង់វង្សនឹងយូរអង្វែងជានិរន្តតទៅ៕