អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលើកឡើងថា យុទ្ធនាការប្រមូលរថយន្តគេចពន្ធនាំចូលរបស់អាជ្ញាធរគ្រាន់តែជាការសម្អាតសំរាមដែលខ្លួនធ្លាប់បានបោះចោលប៉ុណ្ណោះ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ បានចាប់ឃាត់រថយន្តទំនើបជាច្រើនគ្រឿងបន្តបន្ទាប់។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍យល់ថា មន្ត្រីគយ និងម្ចាស់រថយន្តអាចនឹងមានទោសដូចគ្នា ប្រសិនបើនៅថ្ងៃខាងមុខចំនួនរថយន្តគ្មានបង់ពន្ធដែលត្រូវគេរកឃើញនេះមានចំនួនកើនកាន់តែច្រើនឡើង ព្រោះពួកគេបានធ្វើឲ្យបាត់បង់ថវិការជាតិ ដោយព្រឹត្តិអំពើពុករលួយ។
លោក មាស នី បានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយលើកជាសំនួរសួរថា តើរដ្ធាភិបាលនឹងអាចចាត់វិធានការអ្វីខ្លះដែរឬទៅលើមន្ត្រីអ្នកពាក់ព័ន្ធនាពេលកន្លងមក? ឬក៏អំពើរនេះ វាជាការរៀបចំជាប្រព័ន្ធដូចនេះគេនឹងគ្រាន់តែនាំគ្នាកាយលប់កប់បំបាត់អោយស្ងាត់ទៅវិញ?
វិទ្យុស្ត្រី នៃWMC មិនអាចសុំការអត្ថាធិប្បាយ ជុំវិញបញ្ហានេះបានទេ ពីមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥នេះ។
ប៉ុន្តែបើតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធកំពុងនឹងតែចាត់វិធានការបង្ក្រាបយានយន្តគេចពន្ធតាមដងផ្លូវទូទាំង ប្រទេស ដើម្បីឲ្យម្ចាស់យាន្តយន្តទាំងអស់បង់ពន្ធចូលរដ្ឋ៕
ក្នុងរយះពេលប៉ុន្មានអាទិត្យកន្លងទៅនាយកដ្ឋានគយបានបើកយុទ្ធនាការកណ្តាប់ដៃដែកប្រមូលរថយន្តដែលគ្មានបង់ពន្ធនាំចូល។មតិសាធារណជនបានសសើរដល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការលប់បំបាត់ការនាំចូលរថយន្តដោយគ្មានបង់ពន្ធនេះដោយគេបានបន្ទរបន្ថែមថាវិធានការនេះគួរតែនាំគ្នាធ្វើតាំងពីច្រើនឆ្នាំមុនមកម្លេះ។
សំណួរដែលមតិមហាជនកំពុងជជែកគ្នាពេលនេះគឺថាតើនរណាជាអ្នកទទួលខុសត្រូវលើបញ្ហានេះព្រោះវាបានធ្វើអោយបាត់បង់ចំណូលរដ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។