ភ្នំពេញ៖ លោកស្រី មីឈែល បាឈេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស បានបន្តចេញសេចក្ដីថ្លែងការណ៍ នៅមុននេះ ដោយបន្តទទូចសុំអោយរាជរដ្ឋាភិបាល កម្ពុជាត្រឡប់មករការគោរពសិទិ្ធមនុស្ស និងសិទ្ធិសេរីភាព ពលរដ្ឋ ដោយបារម្ភអំពីចំណាត់ការរបស់អាជ្ញាធរកម្ពុជាទៅលើអតីតមន្ត្រី និងអ្នកគាំទ្រអតីតបក្សប្រឆាំង ដែលបាននិងកំពុងតែអនុវត្ត ។ ស្របពេលនេះ អង្គការសិទ្ធិមនុស្ស អាមេរិក និង មន្ត្រីសិទ្ធិមនុស្សក្នុងស្រុក ក៏បង្ហាញក្ដីព្រួយបារម្ភ និងការមើលឃើញបែបនេះដែរ ។ យ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការអះអាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក នេះឈរលើរបាយការណ៍ចាស់ដោយ មិនបង្ហាញពីតថភាពសង្គមកម្ពុជាបច្ចុប្បន្នឡើយ ។
រាយការណ៍លម្អិតដោយលោក សោម លាភ៖
សារលិខិតរបស់លោកស្រី ត្រូវបានបបង្ហោះជាសាធារណៈ មានសេចក្ដី ដូចនេះថា ៖«នៅប្រទេសកម្ពុជា ទោះបីជាមានការទទួលស្គាល់ពីកិច្ចសហការដែលបន្តមានរបស់អាជ្ញាធរជាមួយការិយាល័យរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមានកង្វល់អំពីការបន្តមានការដាក់សម្ពាធទៅលើសមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងដ៏ធំមួយ ដែលបានរំលាយកាលពីចុងឆ្នាំ ២០១៧ ។
ចាប់តាំងពីដើមឆ្នាំនេះមក នគរបាល ឬតុលាការ បានធ្វើការសាកសួរមនុស្សជាង ១៣០ នាក់ និងយ៉ាងហោចណាស់ក៏មានសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ២២ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ឬត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌ ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ទៅនឹងការសម្តែងមតិនយោបាយរបស់ខ្លួន »។
លោកស្រី មីឈែល បាឈេឡេត បន្ថែមថា សិទ្ធិទទួលបានការអភិវឌ្ឍ ចាំបាច់ត្រូវមានការចូលរួមពីជនគ្រប់រូបនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត រាប់ទាំង អ្នកទាំងឡាយដែលមានទស្សនៈរិះគន់ផងដែរ ។ យ៉ាងណា លោកស្រីជម្រុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទាំងឡាយដើម្បីធានាឲ្យមានកិច្ចសន្ទនាពិតប្រាកដ និងឲ្យមានការគោរពសេរីភាពជាមូលដ្ឋាន ។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ១០ កញ្ញានេះថា ការអះអាងរបស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាការធ្វើឡើយដោយផ្អែកទៅលើព័ត៌មានចាស់ ដែលមានលក្ខណៈលម្អៀងផ្នែកនយោបាយ ហើយមិនបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជានោះទេ ។
អ្នកនាំពាក្យរូបនេះថា កម្ពុជាបានបង្កើតឱ្យមានវឌ្ឍនភាពថ្មីមួយនៃការគោរពសិទ្ធិមនុស្ស តាមរយៈការដាក់លោក កឹម សុខា ពីការជាប់ពន្ធនាគារមកនៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បើកឱ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជិតដប់នាក់ អាចធ្វើនយោបាយឡើងវិញ ហើយអ្នកដទៃមួយចំនួនទៀត ក៏បញ្ចប់នីតិវីធីដែល ខណៈអ្នកមួយចំនួនទៀត កំពុងសាកសួរ ។
លោកថា រាល់ការបាន និងកំពុងចាត់វិធានការទៅលើអ្នកគាំទ្ររបស់អតីតគណបក្សសង្រ្គោះជាតិ ជាសមត្ថកិច្ចរបស់តុលាការ ក្នុងការស្វែងរកបទល្មើសព្រហ្មទណ្ឌ ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) មានប្រសាសន៍ថា លើកឡើងរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺជាការបង្ហាញនូវទិដ្ឋភាពបច្ចុប្បន្ននៅកម្ពុជាផ្ទាល់ ព្រោះការមើលឃើញអំពីសិទ្ធិមនុស្សរបស់អង្គការអន្តរជាតិមួយនេះ មិនខុសពីការមើលឃើញរបស់អង្គការសិទ្ធិមនុស្សជាតិ នៅកម្ពុជានោះទេ ។
ដោយឡែក គណៈកម្មាធិការសិទ្ធិមនុស្ស Tom Lantos របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ថានឹងបើកសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិពលកម្មនៅប្រទេសកម្ពុជានៅថ្ងៃពុធស្អែកនេះ ។
សេចក្ដីថ្លែងការរបស់គណៈកម្មាធិការនេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ មករដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេច ហ៊ុន សែន បានរឹតត្បិតលើសកម្មភាពនយោបាយរបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងកម្មវិធីពង្រឹងលទ្ធិប្រជាធិបតេយ្យដែលផ្តល់ថវិកាដោយបរទេសទាំងឡាយ ។
សេចក្ដីថ្លែងការនោះទៀតសោតបញ្ជាក់បន្ថែមថា ការបើកសាវនការនេះស្របពេលដែលស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះជាខ្លាំង ។
ចំពោះសាវនការរបស់គណៈកម្មាធិការសិទ្ធិមនុស្ស របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក កត្តា អ៊ន ថាជាការបំពានច្បាប់អន្តរជាតិ ព្រោះកម្ពុជាជារដ្ឋឯករាជ្យមិនមែនជារដ្ឋរបស់សហព័ន្ធអាមេរិកនោះទេ ។
លោក អំ សំអាត ទទួចឱ្យកម្ពុជាអនុវត្តតាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នឱ្យ ។
គួររំលឹកថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត ធ្លាប់បានអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ទៅលើអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងធ្វើឱ្យមានតម្លាភាពក្នុងប្រព័ន្ធតុលាការកម្ពុជាផងដែរ ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសរសេរថាលើចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ២០១៨ ជាពិសេស នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
មជ្ឈមណ្ឌលនេះ បញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលមានឥទ្ធិពលខ្លាំងទៅលើដំណើរការតាក់តែងច្បាប់ ដែលនាំទៅរកការអនុម័តច្បាប់មួយចំនួន ដែលជាការរឹតត្បិតបន្ថែមទៀតទៅលើសេរីភាពខាងការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ ។
របាយការណ៍ដដែលបន្ថែមទៀតថា នៅឆ្នាំនោះ ក៏ឃើញមានការបង្ក្រាបទៅលើមតិជំទាស់ តាមរូបភាពមួយចំនួន ។ ការយាយីទៅលើអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តកើតឡើងជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិតាមពហុគំនិតផ្សេងៗ ដែលជាការរារាំងប្រជាពលរដ្ឋកម្ពុជាពីការទទួលបានព័ត៌មាន ។
កន្លងទៅ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយសម្តែងការសោកស្តាយ ទៅនឹងការប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។
ពាក់ព័ន្ធនឹងការអះអាងពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ជាការចោទប្រកាន់ម្តងហើយម្តងទៀត គឺគ្មានមូលដ្ឋាន និងផ្អែកលើព័ត៌មានតែមួយជ្រុងមកលើយន្តការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ៕