សន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលបានធ្វើឡើងកាលពីថ្ងៃទី៥កញ្ញា បានបង្ហាញ នូវ សមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់នៅ កម្ពុជា។ ក្នុងនោះ មានការចាប់អារម្មខ្លាំងពីផ្លូវជាច្រើននៅខេត្តព្រះសីហនុដែល ត្រូវស្ដារឡើងវិញ ក្រោយពីជន់លិច ដោយជំនន់ទឹកភ្លៀង។ នៅក្នុងសនិ្នសីទនេះ ក៏បាន បង្ហាញផងដែរ អំពីតួលេខនៃករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា រដ្ឋាភិបាលបានត្រៀមប្រាក់បំរុង១០០លានដុល្លាអាមេរិកដើម្បីស្ដារផ្លូវ ២២ខ្សែនិងផ្លូវវាង មួយចំនួននៅខេត្តព្រះសីហនុ។នេះបើតាមការថ្លែងឱ្យដឹងរបស់លោកនៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាលពីថ្ងៃទី៥កញ្ញា។
នៅក្នុងសន្និសីទនេះ លោក រដ្ឋមន្រ្តីបាន ថ្លែងថា «បានស្នើសុំ ប្រាក់ជំនួយអត់សំណងរបស់ចិនមកធ្វើប្រព័ន្ធទឹកកខ្វះ ឫអាងទឹកកខ្វះនៅខេត្តព្រះសីហនុ» ហើយក៏មានប្រព័ន្ធរំដោះទឹកភ្លៀង ផងដែរ។
លោកបន្ថែមទៀតថា ផ្លូវជាតិលេខ៣ នៅជិតវាលរេញមានការខូចខាតច្រើនណាស់ ដោយសារតែមានភ្លៀងធ្លាក់ច្រើនហើយមិនទាន់បានជួសជុលនៅឡើយ។ លោកមានប្រសាសន៍ថា«ម្សិលមិញខ្ញុំបានយកថ្មមិចយកដាក់ពីលើសិន ដើម្បីសម្រួល ចរាចរណ៍ឲ្យបងប្អូនយើងធ្វើចរាចរណ៍ស្រួលតិច»។
រដ្ឋមន្រ្ដីក្រសួងសាធារណការប្ដេជ្ញាថានឹងធ្វើឲ្យក្រុងព្រះសីហានុក្លាយជាក្រុងមួយស្អាតល្អ ទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន។
នៅ ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក៏មានការផ្សព្វផ្សាយ និងបង្ហាញអំពី ករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ ការគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោគបានមានប្រសាសន៍ថា បើទោះជារាជ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដែគូពាក់ព័ន្ធបានខិតខំចូលរួមទប់ស្កាត់ និងដោះស្រាយ បញ្ហាប្រឈមនានានៃគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ តែចំនួនករណីគ្រោះថ្នាក់ និងអ្នកស្លាប់ នៅក្នុងឆ្នាំ២០១៩នេះ នៅតែមានការកើនឡើង។
យោងតាមរបាយការណ៍របស់សុវត្តិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា គឺក្នុងអំឡុងពេល៦ខែ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៣៣នាក់ កើនលើសពីឆ្នាំចាស់ចំនួន ១០៣នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន៧៦% ជាអ្នកប្រើម៉ូតូក្រោម ១២៥ សេសេ ក្នុងនោះមានអ្នកអត់ពាក់មួកសុវត្តិភាព ៧៩%។
លោក មៀម គឹមសែន នគរបាលចរាចរណ៍ខេត្តកែបបានរៀបរាប់វិទ្យុស្រ្តីនៃមណ្ឌលព័ត៍មាន ស្រី្ត ថាបញ្ហាការ បើកបរលឿនក៏ជាការបង្ករគ្រោះថ្នាក់ដែរ។ លោកបន្តថា នៅតាមទីប្រជុំជនគឺមានការកំណត់ល្បឿន គឺមធ្យម ៤០ទៅ៦០ ចំណែកនៅតាមដងផ្លូវ ដាច់ស្រយាលកំណត់ល្បឿន ពី៦០ពី៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមកាត់បន្ថយពីគ្រោះថ្នាក់ ចរាចរណ៍ គឺត្រូវគោរពច្បាប់ទាំងអស់គ្នា ហើយមុនពេលដែលធ្វើដំណើរដោយ ទោចចក្រយានកុំភ្លេចពាក់មួកសុវត្តិភាពទាំងអស់គ្នា៕
កញ្ញា ញឹក សំអូន