en     km
en     km

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ នៅពេលអ្នកមានរដ្ឋាភិបាលមិនខ្វល់ពីប្រជាជន អ្នកមិនគួរឱ្យរដ្ឋាភិបាលនោះនៅបន្តទៀតទេ

Share

ភ្នំពេញ៖  លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានប្រាប់និស្សិតកម្ពុជាថា នៅពេលដែលមានរដ្ឋាភិបាលមួយដែលមិនខ្វល់ទៅនឹងប្រជាជន នោះមិនគួរអនុញ្ញាតឱ្យរដ្ឋាភិបាលនោះនៅបន្តទៀតទេ ។

អ្នកវិភាគថា ការលើកឡើងនេះដើម្បីដាស់តឿនដល់យុវជនឱ្យយកចិត្តទុកដាក់លើអ្នកដឹកនាំ ខណៈមានការលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អនុវត្តន៍បានពេញលេញនូវតួនាទី និងកិច្ចការរបស់ខ្លួននៅឡើយ ។ មន្រ្តីរាជរដ្ឋាភិបាលថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំដើម្បីប្រជាជាតិកម្ពុជា រហូតដល់សមិទ្ធផលជាច្រើនដូចសព្វថ្ងៃ ។  

រាយការណ៍ដោយ លោក សោម លាភ

កាលពីថ្ងៃទី ២ កញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានចូលរួមកិច្ចសន្ទានាជាមួយសាស្ត្រាចារ្យ និងនិស្សិតជាច្រើននាក់ ។

លោកមហាធាដែលបានទម្លាក់ អតីតមេដឹកនាំច្បាមអំណាចគឺលោក ណាជីបរ៉ាហ្សាក់ មានប្រសាស​ន៍ក្នុងកិច្ចសន្ទនានោះ ដោយប្រាប់ពលរដ្ឋកម្ពុជាដែលមានវត្តមាន ហើយ ភាគច្រើនសុទ្ធតែជានិស្សិតនោះថា ប្រសិនបើប្រទេសមួយមានរដ្ឋាភិបាល ដែលមិនខ្វល់ពីប្រជាជន នោះប្រជាជនមិនគួរអនុញ្ញាត​ឱ្យរដ្ឋាភិបាលនោះបន្តទៀតទេ ។

លោកបានបន្ថែមនាឱកាសនោះថា នៅពេលដែលអ្នកណាក្លាយទៅជារដ្ឋាភិបាលនៃប្រទេសមួយហើយ រដ្ឋាភិបាលនោះ ជាទូទៅអ្នកនោះត្រូវធ្វើការឱ្យប្រទេសនោះ ដែលគេហៅថា ជាការបម្រើសេវាសាធារណៈ ។

លោកបានលើកករណីរបស់ប្រទេសម៉ាឡេស៊ី ដែលទទួលបានឯករាជ្យពីប្រទេសអង់គ្លេសថា រាជរដ្ឋាភិបាលបានគិត និងយកចិត្តទុកដាក់ចំពោះប្រជាជនម៉ាឡេស៊ីយ៉ាងខ្លាំង ។

លោកថា រដ្ឋាភិបាលម៉ាឡេស៊ីខិតខំធ្វើកិច្ចការ និងរិះរកវិធីដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសមួយនេះខ្លាំង ពិសេសគឺផ្នែកសេដ្ឋកិច្ច រួមទាំងដោះស្រាយបញ្ហាប្រជាជនគ្មានការងារធ្វើ ។

លោក Mahathir បន្ថែមថា នៅពេលដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងធ្វើការដើម្បីប្រជាជន និងប្រទេសជាតិ នោះប្រជាជននឹងបន្តគាំទ្ររាជរដ្ឋាភិបាលនោះឱ្យដឹកនាំបន្ត ។ តែបើមិនដូចនោះទេ មានន័យថា រាជរដ្ឋាភិបាលបានរំលោភនូវតួនាទីរបស់ខ្លួន ប្រជាជននឹងបញ្ឈប់រដ្ឋាភិបាលនោះ ។

អ្នកវិភាគនយោបាយឯករាជ្យ គឺលោក ឯម សុវណ្ណារ៉ា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ៣ សីហានេះថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ធ្វើឡើងដើម្បីជាការដាស់តឿនដល់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនកម្ពុជាឱ្យយកចិត្តទុកដាក់លើការជ្រើសរើសមេដឹកនាំ ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបំពេញកិច្ចការងារពេញលេញគ្រប់ជ្រុងជ្រោយនៅឡើយនោះទេ ។

យ៉ាងណា ខាងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគឺប្រធានស្ដីទីអតីតគណបក្សនេះ គឺលោក សម រង្ស៊ី តែងតែអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយសម្ដេច ហ៊ុន សែន ជារាជរដ្ឋាភិបាលខុសច្បាប់ ។

លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់លើបណ្ដាញសង្គមថា លោកវិលចូលកម្ពុជា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលលោកថា មានការប្រគល់សងដី និងផ្ទះសម្បែងដែលពលរដ្ឋបាត់បង់ដោយសារអំពើអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចទៅជនរងគ្រោះទាំងអស់នោះវិញ ។ ជាងនេះ ក៏ដោយដោះស្រាយបំណុលពលរដ្ឋ និងរក្សាផលប្រយោជន៍ជូនពួកគាត់ ។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានចុះផ្សាយលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៣ កញ្ញានេះថា លោក Mahathir Mohamad បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវជោគជ័យក្នុងការបន្តរក្សាស្ថិរភាព​ សន្តិភាព និងកំណើនសេដ្ឋកិច្ច ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា អ្នកដែលលើកឡើងថា រាជរដ្ឋាភិបាល មិនបានអនុវត្តន៍តាមតួនាទីត្រឹមត្រូវនោះ គ្រាន់តែជាការលើកឡើងពីក្រុមមួយក្ដាប់តូចតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានមកពីការបោះឆ្នោតពីពលរដ្ឋ ។

លោកផៃ ស៊ីផានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជារកបាននូវសន្តិភាព សេរីភាព កំណើនសេដ្ឋកិច្ចជាដើម ។  

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ក្នុងឱកាសសាទរទិវាអក្ខរកម្មជាតិ ៨ សីហាថា រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ត្រូវបានពលរដ្ឋផ្ដល់ឱកាស និងផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តបេសកកម្មដឹកនាំកម្ពុជាបន្ត ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងស្វាហាប់ថា បម្រើពលរដ្ឋខ្លាំងជាងពេលណាៗទាំងអស់ រួមទាំងបន្តធ្វើឱ្យមានការអភិវឌ្ឍជាតិ ។

ជាងនេះទៅទៀត បន្ទាប់ពីលទ្ធផលបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាជាបក្សឈ្នះឆ្នោត មានសំឡេងក្នុងរដ្ឋសភា នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាធារណៈទាំងអស់គ្នា ត្រូវប្រឹងប្រែងបំពេញការងារឱ្យបានល្អបំផុត និងឱ្យអស់ពីសមត្ថភាព ។

ជាងនេះ មន្ត្រីជាន់ខ្ពស់ទាំងនោះ ក៏បានធ្វើសច្ចាប្រណិធានដែលសម្ដៅថា គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៅកម្ពុជា បម្រើផលប្រយោជន៍ប្រជាជន ប្រជាជាតិ និងមាតុភូមិកម្ពុជា ។

សូមជម្រាបថា លោកមហាធា គឺជានាយករដ្ឋមន្ត្រី មកពីក្រុមជម្រុះ​នៃអតីតសម្ព័ន្ធបក្សប្រឆាំង។ លោកបានដឹកនាំ បក្សនេះ ដោយបានជ័យជម្នះលើ បក្សកាន់អំណាច របស់អតីតនាយករដ្ឋមន្ត្រី ណាជីបរ៉ាហ្សាក់ ។ អ្វីដែលនាំអោយលោកមហាធានិងបក្សរបបស់លោកឈ្នះឆ្នោត គឺដោយ គោល​នយោបាយរបស់បក្សលោកសន្យាជួយអោយពលរដ្ឋទទួលយុត្តិធម៌ ឡើងវិញ និងបំបាត់​អំពើ​ពុក​រលួយ​​​របស់លោកណាជីប៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង