ភ្នំពេញ៖ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសបុកដោយរំលឹកពីការចងចាំរបស់លោក នូវសំឡេងប្រពន្ធ និងម្ដាយរបស់លោក ស្រែកបង្ហាញការឈឺចាប់នៅពេលដែលអាជ្ញាធរចុះចាប់លោកកាលពីកណ្ដាលអធ្រាត្រឆ្នាំ ២០១៧ និងចាប់ឱពុកលោកកាលពីកណ្ដាលអធ្រាត្រដោយក្រុមខ្មែរក្រហម ឆ្នាំ ១៩៧៥ ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាត់ចោលការលើកឡើងបែបនេះ ។ តែអ្នកវិភាគយល់ស្របបែបនេះ ។
សូមស្ដាប់លោក សោម លាភ រាយការណ៍អំពីព័ត៌មាននេះ
សារដ៏កម្ររបស់លោក កឹម សុខា ត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ២ សីហា ជាខួបពីរឆ្នាំ ដែលលោកត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រ ។
លោកបង្ហាញសារឈឺចាប់ក្នុងន័យដើមថា «យប់នេះ កាលពី២ឆ្នាំមុន កងកម្លាំងប្រដាប់អាវុធបានសម្រុកចូលចាប់ខ្លួនខ្ញុំ ក្នុងគេហដ្ឋានរបស់ខ្ញុំទាំងកណ្តាលអាធ្រាត្រ ដោយបំបែករូបខ្ញុំចេញពីភរិយា ទាំងដែលគាត់មិនដឹងថាគេចាប់ខ្ញុំយកទៅទីណា ហើយធ្វើអ្វីទៅលើរូបខ្ញុំ» ។
លោកថា សម្រែកលាយឡំនឹងទឹកភ្នែករបស់ភរិយារបស់លោក កាលពីយប់ដែលអាជ្ញាធរចូលចាប់ខ្លួនលោក គឺជាការឈឺចាប់បំផុត ហើយអ្នកដែលធ្លាប់ជួបប្រទះរឿងបែបនេះ ទៀតដឹងច្បាស់ ។
លោកកឹម សុខា ក៏បានរំលឹកថា លោកចាំច្បាស់នូវសម្រែករបស់អ្នកម្តាយ និងក្រុមគ្រួសាររបស់លោក នៅពេលដែលឪពុករបស់លោក ត្រូវបានក្រុមប្រដាប់អាវុធខ្មែរក្រហមចាប់យកទៅទាំងកណ្តាលអាធ្រាត្រកាលពីឆ្នាំ១៩៧៥ ។
អ្នកនយោបាយដែលកំពុងតែរស់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បញ្ជាក់ថា លោកដឹងច្បាស់ថា ជីវិតជាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងក្នុងតួនាទីជាមេដឹកនាំបក្សប្រឆាំងនេះ នឹងអាចនាំមកនូវគ្រោះថ្នាក់ និងការឈឺចាប់រាប់មិនអស់ ។
លោកថា ការដែលលោកស្ម័គ្រចិត្តធ្វើពលីកម្មជូនកម្ពុជា មិនមែនលោកមិនខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ និងមិនមែនព្រោះលោកជាមនុស្សល្ងង់នោះទេ តែដោយសារតែលោកដឹងថា«តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ»។
លោក កឹម សុខាបន្ថែមថា អ្នកដឹកនាំដែលមានគុណធម៌ មិនមែនរុញច្រានឲ្យអ្នកគាំទ្រខ្លួនធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើឡើយ ។
ប្រធានអតីតគណបក្សសង្គ្រោះជាតិ រូបនេះបន្ថែមថា ក្នុងនាមលោកជាឪពុក លោកតែងតែចង់ឲ្យកូនរបស់ខ្លួនរស់នៅដោយសុវត្ថិភាព ដូច្នេះហើយទើបលោកតែងតែជ្រើសរើសយកនិងណែនាំឲ្យកូនខ្មែរ ធ្វើការតស៊ូរដោយអហិង្សា ទោះបីការតស៊ូរនោះ ត្រូវធ្វើឲ្យលោករងគ្រោះក៏ដោយ ។ លោក កឹម សុខាថាសុខចឹត្តទទួលគ្រោះថ្នាក់ ក្នុងនាមជាអ្នកដឹកនាំម្នាក់ដោយមិនទុកឲ្យអ្នកគាំទ្រទៅពាំងជំនួសរៀងរហូតនោះទេ ។
ជាថ្ងៃគម្របខួប២ ឆ្នាំ នៃការចាប់ខ្លួន លោក កឹម សុខា អំពាវនាវឱ្យខ្មែរគ្រប់និន្នាកា បញ្ឈប់នូវនយោបាយ យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ព្រោះថាខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ ។
ដោយការសុំឆ្លើយតបនឹង ការពន្យល់របស់លោកកឹមសុខា អ្នកនាំពាក្យ គណបក្សកាន់អំណាច លោកសុខឥសាន បានពន្យល់ប្រាប់វិទ្យុស្ត្រីវិញថាដែលលោកចោទថាតើអោយសមត្ថកិច្ចចាប់ខ្លួន អតីតមេដឹកនាំប្រឆាំងរូបនេះ ដល់ពេលណា លោកថាករណីលោកកឹមសុខាគឺជាទោសក្បត់ជាតិហើយ បើមិនចូលចាប់ខ្លួនទេ លោកកឹមសុខានឹងរត់គេចខ្លួន។
នៅពេល សួរថាតើនៅពេលណា លោកកឹមសុខាត្រូវបានដោះលែងមានសេរីភាពវិញ។លោកសុខសាន ហាក់មិនចង់ឆ្លើយ តែលោកថា គឺជាសិទ្ធិអំណាចរបស់តុលាការ។
លោក បណ្ឌិត មាស នី អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីកាលពីសប្ដាហ៍មុន ដោយលោកនៅតែអះអាងដូចមុនថា ករណីលោក កឹម សុខា គឺជារឿងនយោបាយយ៉ាងជាក់ច្បាស់ ដែលការសម្រេចគឺទៅលើអ្នកនយោបាយ មិនមែនតុលាការ ។
លោកថា ការដោះលែងលោក កឹម សុខា អាចធ្វើឡើងពេលណាក៏បានអាស្រ័យទៅលើអ្នកនយោបាយ តែលោកថា ខណៈពេលនេះមិនទាន់មានសញ្ញាណថា លោក កឹម សុខា អាចនឹងត្រូវបានដោះលែងនោះទេ ។
លោកថា បើមិនដោះលែងលោក កឹម សុខា ហើយមានការដោះលែងលោក សម រង្ស៊ី បន្ថែមទៀត នោះស្ថានភាពកម្ពុជាអាចនឹងកើតមានភាពជ្រួលច្របល់ ។
យ៉ាងណា លោកកឹមសុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានលោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ចាត់ទុកជាដៃគូនយោបាយ មិនអាចចោលគ្នា ដើម្បីប្រជាជធិបតេយ្យ និង អនាគតកម្ពុជា។ លោកសមរង្ស៊ី ប្រកាសវិលចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាដែលអ្នកវិភាគ មានជំនឿថា លោកកឹមសុខាអាចនឹងត្រូវ បានតុលាការដោះលែងនៅក្រៅការឃុំខ្លួន ពេញលេញមុនលោកសមរង្ស៊ីមកដល់។
គួររំលឹកថា លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោមបទចោទប្រកាន់ថាក្បត់ជាតិ ដោយសារតែការថ្លែងសាររបស់លោកជាសាធារណៈ នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១៣ ៕