នៅពាក់កណ្ដាលខែតុលាឆ្នាំ២០១៥នេះ ក្រសួងបរិស្ថានបានប្រកាសថានឹងកាត់បន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន៦ នៅក្នុងខេត្តចំនួន៣ មកនៅត្រឹម៥០ ឆ្នាំ ដើម្បីគ្រប់គ្រងគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព។
ករណីនេះមន្ត្រីនៃអង្គការសង្គមស៊ីវិលយល់ថា វាគ្រាន់តែជាយុទ្ធសាស្ត្រដកថយមួយជំហាន របស់រដ្ឋាភិបាលតែប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទេ។ ពួកគេយល់ថា ការកាត់បន្ថយដីសម្បទានសេដ្ឋកិច្ច ហើយបង្កើនការផ្ដល់ការផ្ដល់ដីសង្គមកិច្ចដល់អ្នកក្រ ទើបជាដំណោះស្រាយពិតប្រាកដ ។ លោកណុល ដារ៉ា រៀបរៀងបទវិភាគនេះ។
ក្រោយការបោះឆ្នោតជាតិអាណត្តិទី ៥ នាឆ្នាំ ២០១៣ គណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈសភាអស់ចំនួន ២២
គឺពី ៩០ អាសនៈនៅឆ្នាំ ២០០៨ ធ្លាក់មកនៅត្រឹម ៦៨ អាសនៈ នៅឆ្នាំ២០១៣។ ដើម្បីស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការដឹកនាំរបស់ខ្លួន។
យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានអន្តរជាតិសហរដ្ឋអាមេរិក IRI នៅក្រោយពេលបោះឆ្នោតឆ្នាំ ២០១៣ ឃើញថា ការធ្លាក់ចុះការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាដោយសារអំពើពុករលួយជាប្រព័ន្ធ បញ្ហាជម្លោះដីធ្លី បញ្ហាបក្ខពួកនិយម ការធ្វើឱ្យខូចបរិស្ថាន ដំណាំរបស់កសិករមិនមានទីផ្សារ បញ្ហាអន្តោប្រវេសន៍វៀតណាមខុសច្បាប់ និងតម្លៃទំនិញលើទីផ្សារចេះតែឡើងថ្លៃជាដើម។
អ្នកវិភាគមើលឃើញថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះសំឡេងគាំទ្រគឺដោយសាររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនទាន់អាចដោះស្រាយបញ្ហាដីធ្លី អំពើពុករលួយជាដើម។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ សមាគមអាដហុកបានបង្ហាញរបាយការណ៍ថា គិតត្រឹម ៦ ខែ ឆ្នាំ ២០១៥ សមាគមបានទទួលពាក្យបណ្តឹងចំនួន ៦៦ ដោយមានពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លី ៣ ៥៦៤ គ្រួសារ លើដីទំហំ ៨៦៦ ៨៧៣ ហិកតា ហើយមានសកម្មជនដីធ្លី ១៨ នាក់ ត្រូវបានចោទប្រកាន់។
សមាគមអាដហុកបញ្ជាក់ថា ចំនួននេះបានថយចុះតិចតួច បើប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលក្នុងរយៈពេលមួយឆ្នាំ សមាគមអាដហុកបានទទួលពាក្យបណ្តឹងចំនួន ១៤០ ពាក់ព័ន្ធនឹងជម្លោះដីធ្លី ប៉ះពាល់ដល់ដីពលរដ្ឋ ៩ ៩៥៨ គ្រួសារ លើដីទំហំដី ២៤ ៧០៨ ហិកតា មានសកម្មជនដីធ្លី ១២១ នាក់ ត្រូវបានចាប់ខ្លួន។ សង្គមស៊ីវិលរកឃើញថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានរងគ្រោះ ដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុន។
របាយការណ៍ដែលនិយាយពីការពង្រឹងរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ ឱ្យដឹងថាក្នុងឆ្នាំ ២០១៣ ដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ១ ៩៣៤ ៨៩៦ ហិកតា ត្រូវបានផ្តល់ឱ្យក្រុមហ៊ុនចំនួន ២៣០ ដែលក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលខុសត្រូវផ្តល់ឱ្យក្រុមហ៊ុនចំនួន ១២២ លើផ្ទៃដីចំនួន ១ ៣១៦ ៣៩៦ ហិកតា។ ចំណែកក្រសួងបរិស្ថានបានផ្តល់ឱ្យក្រុមហ៊ុនចំនួន ១០៨ លើផ្ទៃដីចំនួន ៦១៨ ៥០០ ហិកតា។
របាយការណ៍បន្តថាដីសម្បទានសេដ្ឋកិច្ចចំនួន ២១៥ ២៤០ ហិកតា ត្រូវបានដកហូតទាំងស្រុងពីក្រុមហ៊ុនចំនួន ២៥ និងដកហូតស្ទើរតែទាំងអស់ពីក្រុមហ៊ុនចំនួន ៧ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។
របាយការណ៍ឱ្យដឹងទៀតថាគិតត្រឹមដើមខែមករា ឆ្នាំ ២០១៥ ផ្ទៃដីសម្បទានសេដ្ឋកិច្ចដែលបានចុះកិច្ចសន្យាមានចំនួន ២០៥ ក្រុមហ៊ុន លើផ្ទៃដីសរុប ១ ៣៥៩ ៦៥៦ ហិកតា។ មកដល់បច្ចុប្បន្ននេះ ទំហំផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណ៣៦០ ៨៥៦,០៤ ហិកតា ត្រូវបានអនុញ្ញាតឱ្យឈូសឆាយ និងចំនួន ៣១៦ ៤៧២ ហិកតា ត្រូវបានដាំដុះរួច។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទាន សេដ្ឋកិច្ច ឱ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឱ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។
ថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសថា រដ្ឋាភិបាលសម្រេចរុះរើកិច្ចសន្យា ជាមួយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៦ គម្រោង លើផ្ទៃដីចំនួន ៤៥ ៤៦៨ ហិកតា ដោយបន្ថយកិច្ចសន្យាមកនៅត្រឹម៥០ឆ្នាំ។
តើមូលហេតុអ្វីបានជាមានការបន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចបែបនេះ? តើរវាងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ឧកញ៉ា អ្នកមាន និងការផ្ដល់ដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រមួយណាល្អជាង?
ទាក់ទងនឹងមូលហេតុនៃការបន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ច អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា សម្ពាធនយោបាយ ជាកត្តាចម្បង នាំឱ្យរដ្ឋាភិបាលផ្លាស់ប្ដូរជំហរ ហើយបន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចពី ៩០ ឆ្នាំ មក ៥០ ឆ្នាំ។
លោក មាស នី មានប្រសាសន៍ថា៖ «បើយើងមើលឃើញទៅវាច្បាស់មែនទែនត្រង់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាមានសម្ពាធផ្នែកនយោបាយហ្នឹងច្រើន ហើយគណបក្សកាន់អំណាចរបស់រដ្ឋាភិបាលហ្នឹងក៏បានដឹងខ្លួនដែរថា សន្លឹកឆ្នោតនៃការគាំទ្រដែលថយចុះហ្នឹង គឺដោយសារតែជម្លោះដីធ្លីដែលកើតមានឡើង ហើយនិងការផ្ដល់ដីសម្បទាន ដែលធ្វើឱ្យប៉ះពាល់ធំធេងទៅលើធនធានធម្មជាតិរបស់យើងហ្នឹងឯង»។
ចំណែកឯប្រធានវេទិកាអនាគត លោកអ៊ូ វីរៈ ក៏យល់មិនខុសពីលោក មាស នី ទេ លោកថា ការកាត់បន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ គឺដោយសារសម្ពាធនយោបាយ ។ លោកថា៖ «អាហ្នឹងគឺសម្ពាធនយោបាយឆ្នាំ ២០១៣ ដោយសារប្រជាពលរដ្ឋគាត់ចាប់ផ្ដើមតវ៉ារឿងហ្នឹងខ្លាំង ហើយដោយសារអ៊ីចឹងហើយ ខ្ញុំមើលទៅរដ្ឋាភិបាលបានឆ្លើយតប ក្នុងន័យមួយជាការព្យាយាមកាត់បន្ថយកំហឹងរបស់ប្រជាពលរដ្ឋ ទៅលើរាជរដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចយូរៗពេក»។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការកាត់បន្ថយទំហំដី និងរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺជារឿងល្អសម្រាប់ប្រទេសជាតិ។ លោកអ៊ូ វីរៈ បន្តថា បើសិនជារាជរដ្ឋាភិបាលចង់មានការរីកចម្រើន លើតំបន់ដីទាំងឡាយនោះ រដ្ឋាភិបាលគួរតែផ្ដោតទៅលើកសិឧស្សាហកម្ម ឬក៏ជួយរោងម៉ាស៊ីនជាច្រើន ដែលអាចច្នៃធនធានធម្មជាតិ ឬកសិឧស្សាហកម្មទាំងឡាយឱ្យទៅជាឧស្សាហកម្ម។ លោកថា ពេលនោះប្រជាពលរដ្ឋជាអ្នករកប្រាក់ចំណេញបានដោយខ្លួនឯង ហើយក្រុមហ៊ុនក៏អាចរកប្រាក់ចំណេញបាន តាមរយៈការទិញកសិផលរបស់កសិករ។
លោកអ៊ូ វីរៈ មានប្រសាសន៍ថា៖ «បើសិនជាក្នុងករណីដែលរដ្ឋាភិបាល ឬមួយក៏ក្រុមហ៊ុនអាចមានលទ្ធភាពក្នុងការច្នៃជ័រកៅស៊ូឆៅទៅជារបស់ប្រើប្រាស់បាន ឧទាហរណ៍ ហ្នឹងគឺ
ប្រជាពលរដ្ឋគ្រប់ៗរូបគាត់អាចដាំកៅស៊ូ ហើយគាត់អាចលក់ជ័រកៅស៊ូរបស់គាត់ទៅ ក្រុមហ៊ុនដែលកែច្នៃ។ ខ្ញុំមើលទៅជារូបមន្តចំណេញទាំងអស់គ្នា។ អ៊ីចឹងរដ្ឋាភិបាលគួរតែគិតធ្វើម៉េចឱ្យដីទាំងឡាយហ្នឹងទៅជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងខ្នាតតូច ដើម្បីប្រជាពលរដ្ឋជាអ្នកគ្រប់គ្រង ជាម្ចាស់កម្លាំង
ថាមពល ឬមួយក៏កម្លាំងកម្មករដោយខ្លួនឯង»។
ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ការបន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ច គ្រាន់តែជាការដកថយមួយជំហានប៉ុណ្ណោះ ប៉ុន្តែមិនមែនជាដំណោះស្រាយនោះទេ។
លោកមឿន តុលា បន្តថា រយៈពេលនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចគឺជាបញ្ហាមួយ តែបញ្ហាធំបំផុតគឺ ទំហំដីផ្ដល់សម្បទានសេដ្ឋកិច្ចនោះធំពេក បើធៀបនឹងដីផ្ដល់សម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ជាហេតុធ្វើឱ្យពលរដ្ឋអត់មានដីប្រកបរបបកសិកម្ម ហើយចេញទៅរកការងារធ្វើនៅក្រៅប្រទេស។
លោក មឿន តុលា មានប្រសាសន៍ថា៖ «រដ្ឋផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជនហ្នឹង វាមានចំនួនច្រើនហួសហេតុពេក ប៉ុន្តែដោយឡែកការផ្ដល់ដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋវានៅមានចំនួនមានកម្រិតទាបនៅឡើយ អ៊ីចឹងណា៎។ ប្រការនេះវាសបញ្ជាក់ថា ប្រជាពលរដ្ឋកំពុងតែត្រូវការដីធ្វើកសិកម្ម ហើយយើងទៅឱ្យក្រុមហ៊ុនមានដីច្រើនអ៊ីចឹង វាធ្វើឱ្យគម្លាតរវាងអ្នកក្រ និងអ្នកមានហ្នឹងកាន់តែធំឡើង ជាពិសេសគឺអ្នកក្រ កាន់តែក្រ។ អ៊ីចឹងហើយបានជាឱ្យ
ប្រជាពលរដ្ឋហ្នឹងអត់មានការងារធ្វើ អត់មានដីស្រែចម្ការធ្វើអីអ៊ីចឹង គាត់សម្រេចចិត្តចំណាកស្រុក»។
លោក មឿន តុលា បន្ថែមថា គោលបំណងដំបូងនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប៉ុន្តែដោយសារមិនមានគោលនយោបាយច្បាស់លាស់ ក្នុងការកំណត់ឱ្យក្រុមហ៊ុនជួលពលករក្នុងស្រុក មុននឹងឈានទៅដល់ការជួលកម្មករពីក្រៅប្រទេស ជាហេតុធ្វើឱ្យការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន មិនបានជួយរំដោះប្រជាពលរដ្ឋចេញពីភាពក្រីក្រនោះទេ។
ផ្អែកតាមអ្នកវិភាគខាងលើឃើញថា រដ្ឋាភិបាលគួរតែកាត់បន្ថយទំហំដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន ហើយបែរមកផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រវិញ ទើបជាដំណោះស្រាយពិតប្រាកដ ដែលពលរដ្ឋត្រូវការចង់បាន៕